ក្នុងជំនួបនេះ លោកឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា វៀតណាមចាត់ទុកសហរដ្ឋអាមេរិកជាដៃគូមួយក្នុងចំណោមដៃគូសំខាន់ចម្បង ហើយចង់បន្តជំរុញទំនាក់ទំនងទ្វេភាគីកាន់តែស៊ីជម្រៅ និងជាក់ស្ដែង។ លោកឧបនាយករដ្ឋមន្ត្រីបានស្នើឱ្យភាគីទាំងពីរបង្កើនការផ្លាស់ប្តូរគណៈប្រតិភូ ពង្រឹងទំនុកចិត្តនយោបាយ សម្របសម្រួលយ៉ាងជិតស្និទ្ធដើម្បីបញ្ចប់ការចរចាឲ្យបានឆាប់លើកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការដែលផ្ដល់នូវផលប្រយោជន៍ដោយយុត្តិធម៌ និងមានតុល្យភាព។ លោកក៏បានស្នើឱ្យសហរដ្ឋអាមេរិកពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថល ព្រមទាំងដកវៀតណាមចេញពីបញ្ជីត្រួតពិនិត្យការនាំចេញ D1 និង D3 និងទទួលស្គាល់ឋានៈសេដ្ឋកិច្ចទីផ្សាររបស់វៀតណាមក្នុងពេលឆាប់ៗនេះផងដែរ។

រីឯខ្លួនវិញ លោក Christopher Landau អនុរដ្ឋមន្ត្រីការបរទេសអាមេរិក បានបញ្ជាក់ថា សហរដ្ឋអាមេរិកមានបំណងចង់បន្តធ្វើឲ្យស៊ីជម្រៅថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយវៀតណាមលើវិស័យជាច្រើន ដូចជា៖ សេដ្ឋកិច្ច ពាណិជ្ជកម្ម ថាមពល សន្តិសុខ ការពារជាតិ និងវិទ្យាសាស្ត្រ បច្ចេកវិទ្យា។ ភាគីទាំងពីរបានឯកភាពគ្នាពង្រឹងការសម្របសម្រួលក្នុងការអនុវត្តកិច្ចព្រមព្រៀងកម្រិតខ្ពស់ប្រកបដោយប្រសិទ្ធភាព ជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែង និងដោះស្រាយភាពខុសគ្នាក្នុងស្មារតីបើកចំហ និងស្ថាបនា។

លោកអនុរដ្ឋមន្ត្រីក៏បានវាយតម្លៃខ្ពស់ចំពោះតួនាទី និងការរួមចំណែកកាន់តែសកម្មរបស់វៀតណាមចំពោះសន្តិភាព ស្ថិរភាពនៅក្នុងតំបន់ និងពិភពលោកផងដែរ៕