ក្នុងជំនួបនេះ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានស្នើឱ្យ USTDA បង្កើនការសម្របសម្រួលជាមួយបណ្តាក្រសួង ស្ថាប័ន និងសហគ្រាសវៀតណាម ដើម្បីជ្រើសរើសគម្រោងយុទ្ធសាស្ត្រមួយចំនួន ដែលមានការរីកសាយភាយខ្ពស់ ដើម្បីផ្តោតលើការគាំទ្រ ជាបឋមគឺក្នុងវិស័យថាមពល និងបណ្តាញអគ្គិសនី ហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងមជ្ឈមណ្ឌលទិន្នន័យ អាកាសចរណ៍ កំពង់ផែសមុទ្រ ភស្តុភារកម្ម (Logistics) និងដឹកជញ្ជូនទំនើប; លើកកម្ពស់តួនាទី "បើកផ្លូវ" ចាប់តាំងពីដំណាក់កាលត្រៀមរៀបចំគម្រោង ដើម្បីជួយឱ្យវៀតណាមអាចឈានទៅសម្រេចបាននូវស្តង់ដារ បច្ចេកវិទ្យា បទពិសោធន៍គ្រប់គ្រង និងប្រភពធនធានរបស់សហរដ្ឋអាមេរិកក្នុងពេលឆាប់ៗ។
លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម ក៏បានស្នើឱ្យ USTDA យកចិត្តទុកដាក់បន្ថែមទៀតលើវិស័យថ្មីៗដែលមានកម្រិតបច្ចេកវិទ្យា និងតម្លៃបន្ថែមខ្ពស់ ដូចជាបញ្ញាសិប្បនិម្មិត (AI) ហេដ្ឋារចនាសម្ព័ន្ធឌីជីថលប្រកបដោយសុវត្ថិភាព បណ្តាញអគ្គិសនីវៃឆ្លាត សន្តិសុខថាមពល និងដំណោះស្រាយបម្រើឱ្យការបំប្លែងពណ៌បៃតង; បង្កើនការតភ្ជាប់បណ្តាសហគ្រាសបច្ចេកវិទ្យា ហិរញ្ញវត្ថុ និងហេដ្ឋារចនាសម្ព័ន្ធឈានមុខគេរបស់សហរដ្ឋអាមេរិក ជាមួយដៃគូវៀតណាម។
ចំពោះភាគីខ្លួនវិញ លោក Thomas R. Hardy បានអះអាងថា USTDA ចាត់ទុកវៀតណាមជាដៃគូដ៏សំខាន់នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក; ប្រាថ្នាចង់បន្តរួមដំណើរជាមួយវៀតណាមក្នុងការត្រៀមលក្ខណៈ និងអភិវឌ្ឍន៍គម្រោងនានាដែលមានគុណភាពខ្ពស់; ដោយអះអាងថា USTDA ត្រៀមខ្លួនជាស្រេចក្នុងការសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយស្ថាប័ននានារបស់វៀតណាម ដើម្បីកំណត់គម្រោងដែលសមស្រប និងកៀរគរឧបករណ៍គាំទ្រដល់ការត្រៀមរៀបចំគម្រោង។ លោក Thomas R. Hardy បានអះអាងថា នឹងបង្កើនការសម្របសម្រួលរវាង USTDA ជាមួយស្ថាប័ន និងសហគ្រាសវៀតណាម ដោយផ្តោត លើគម្រោងជាក់ស្តែង អាចទៅរួច និងមានឥទ្ធិពលរីកសាយភាយខ្ពស់; ជំរុញការតភ្ជាប់តម្រូវការអភិវឌ្ឍន៍របស់វៀតណាម ជាមួយនឹងបច្ចេកវិទ្យា ប្រភពធនធាន និងសហគ្រាសរបស់សហរដ្ឋអាមេរិក៕
