ការដែលវៀតណាមពីទីផ្សារព្រំដែនទៅជាទីផ្សារទើបលេចចេញបន្ទាប់បន្សំជាផ្លូវការ ស្របតាមចំណាត់ថ្នាក់របស់ FTSE Russell នឹងចូលជាធរមានចាប់ពីថ្ងៃចន្ទ (ថ្ងៃទី២១ ខែកញ្ញា)។ អញ្ជើញថ្លែងនៅក្នុងសន្និសីទ លោក ង៉ូ វ៉ាន់ ទួន រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុបានសង្កត់ធ្ងន់ថា៖

“ការលើកចំណាត់ថ្នាក់នេះ មិនមែនជាគោលដៅចុងក្រោយទេ ប៉ុន្តែជាការបោះ​ជំហានថ្មីមួយ​។ ក្នុងពេលជាមួយគ្នានេះ ដាក់ចេញតម្រូវការខ្ពស់ជាងលើទីផ្សារ និងលើភ្នាក់ងារនិយតកម្ម នៅក្នុងបរិបទដែលទីផ្សារហិរញ្ញវត្ថុសកល និងតំបន់មានការផ្លាស់ប្តូរជាបន្តបន្ទាប់។ វៀតណាមត្រូវមានភាពសកម្មជាបន្ត អាចបត់បែនបាន និងត្រៀមខ្លួនរួចជាស្រេចដើម្បីកែលម្អយន្តការ គោលនយោបាយ និងស្ថាប័នសម្រាប់ការគ្រប់គ្រង និងត្រួតពិនិត្យទីផ្សារ”។

នៅក្នុងព្រឹត្តិការណ៍នេះ លោកស្រី Fiona Bassett នាយិកាគ្រប់គ្រងនៃ FTSE Russell បានវាយតម្លៃថា ការដែលវៀតណាមបានលើកចំណាត់ថ្នាក់គឺជាព្រឹត្តិការណ៍សំខាន់មួយក្នុងការអភិវឌ្ឍ និងការធ្វើសមាហរណកម្មទីផ្សារមូលធន។ ការដែលវៀតណាមត្រូវបានដាក់បញ្ចូលទៅក្នុងសន្ទស្សន៍ស្តង់ដារសកលរបស់ FTSE Russell គឺជាការទទួលស្គាល់វឌ្ឍនភាពនៃទីផ្សារវៀតណាម និងការធ្វើសមាហរណកម្មកាន់តែស៊ីជម្រៅជាមួយទីផ្សារមូលធនអន្តរជាតិ។ ក្នុងពេលជាមួយគ្នានេះ ប្រការនេះជួយវៀតណាមបង្កើនវត្តមានរបស់ខ្លួននៅចំពោះមុខសហគមន៍វិនិយោគសកល និងអាចលើកកម្ពស់ការចូលរួមនៃលំហូរមូលធនអន្តរជាតិតាមពេលវេលា។

បច្ចុប្បន្ននេះ មានទ្រព្យសកម្មជាង ២២ ពាន់ពាន់លានដុល្លារនៅទូទាំងពិភពលោក ប្រើប្រាស់សន្ទស្សន៍ FTSE Russell ជាស្តង់ដារ៕