គំរូនេះនឹងត្រូវបានអនុវត្តនៅក្នុង​តំបន់​វារីវប្បកម្មចំនួន ១៦ នៅក្នុងតំបន់ពិសេស Van Don​។ នៅ​ទីនេះ ភ្ញៀវទេសចរមិនត្រឹមតែអាចទៅទស្សនាតំបន់​វារីវប្បកម្មសមុទ្របច្ចេកវិទ្យាខ្ពស់ប៉ុណ្ណោះទេ ថែមទាំងអាចប្រមូលផល​អាហារសមុទ្រដោយផ្ទាល់ ឆ្លងបទពិសោធន៍នៃជីវភាពរស់នៅរបស់អ្នកនេសាទ និងចូលរួមក្នុងសកម្មភាពដូចជា ជិះទូកកាយ៉ាក់ ចែវទូក SUP ឬហែលទឹកសមុទ្រ​។ តាមរយៈគំរូនេះ Van Don ឆ្ពោះ​ទៅ​រក​ការ​កសាងខ្សែសង្វាក់តម្លៃពី​សកម្មភាព​វារីវប្បកម្ម - ការ​កែច្នៃ - ទេសចរណ៍ ដោយខិតខំបង្កើនតម្លៃផលិតកម្មជលផលពី ១៥% - ១៧% ហើយ​បង្កើតលក្ខខណ្ឌសម្រាប់ពលករប្រហែល ៥០០ - ៧០០ នាក់ អាច​ផ្លាស់ប្តូរទៅ​រកគំរូសេដ្ឋកិច្ច​ពហុវិស័យ។ លោក ដាវ វ៉ាន់ វូ អនុប្រធានគណៈកម្មាធិការប្រជាជនតំបន់ពិសេស Van Don បានឱ្យដឹងថា៖ «Van Don បាន​កំណត់ការអភិវឌ្ឍសេដ្ឋកិច្ចសមុទ្រជាភារកិច្ចដ៏សំខាន់មួយ​។ យើង​ខ្ញុំ​កំពុងសម្របសម្រួលជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីពិនិត្យ និងកែសម្រួលផែនការមេនៃតំបន់សេដ្ឋកិច្ច Van Don ព្រមទាំងរៀបចំឡើងវិញនូវ លំហសមុទ្រ ស្របតាមសេចក្តីសម្រេចចិត្ត​លេខ ៨០ របស់នាយករដ្ឋមន្ត្រី។ ដោយផ្អែកលើមូលដ្ឋាននោះ Van Don ​បានប្តេជ្ញាអភិវឌ្ឍ​ដោយព្រមៗគ្នា ​នូវ​តំបន់ទេសចរណ៍ និងសេវាកម្ម​គុណភាពខ្ពស់ ស្របតាមនិន្នាការអភិវឌ្ឍន៍នាពេលអនាគត»​៕