អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម បានអះអាងដូចនេះ នៅក្នុងជំនួបសម្តែងការគូរសមនិងពិភាក្សាជាមួយប្រធានគណបក្សប្រជាជនកម្ពុជា ប្រធានព្រឹទ្ធសភាកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នារសៀលថ្ងៃទី១៤ ខែវិច្ឆិកា ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា។
នៅក្នុងជំនួបនេះ ថ្នាក់ដឹកនាំទាំងពីរបានឯកភាពគ្នា បន្តពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិ និងសន្តិសុខ រក្សាស្ថិរភាពនយោបាយ ណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម និងសន្តិសុខតំបន់ព្រំដែន បង្កើនកិច្ចសហការប្រយុទ្ធប្រឆាំងនឹងបទល្មើសឆ្លងដែនគ្រប់ប្រភេទ និងបន្តជំរុញការបោះបង្គោលព្រំដែនសម្រាប់ផ្នែកព្រំដែនដែលនៅសល់ ព្រមទាំងបង្ហើយក្របខ័ណ្ឌច្បាប់ស្តីពីការគ្រប់គ្រងព្រំដែន។ ទន្ទឹមនឹងនេះ បង្កលក្ខណៈងាយស្រួលសម្រាប់ពាណិជ្ជកម្មតាមព្រំដែន ជំរុញកិច្ចសហប្រតិបត្តិការវិនិយោគ និងថាមពល ដោះស្រាយការលំបាកចំពោះគម្រោងសហប្រតិបត្តិការសំខាន់ៗ និងបង្កើតលក្ខខណ្ឌអំណោយផលដល់អាជីវកម្មនៃប្រទេសទាំងពីរ ពង្រីកសកម្មភាពផលិតកម្ម និងអាជីវកម្ម។
ថ្នាក់ដឹកនាំទាំងពីរបានឯកភាពគ្នាថា ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការវៀតណាម-កម្ពុជា មានអត្ថន័យយុទ្ធសាស្ត្រសម្រាប់ស្ថិរភាព និងការអភិវឌ្ឍយូរអង្វែងរបស់ប្រទេសនីមួយៗ; សង្កត់ធ្ងន់ថា បក្សទាំងពីរ និងរដ្ឋទាំងពីរ តែងតែផ្តល់សារៈសំខាន់ និងផ្តល់អាទិភាពដល់ការពង្រឹង និងអភិវឌ្ឍន៍ទំនាក់ទំនងទ្វេភាគី; ឯកភាពគ្នាបង្កើនការពិគ្រោះយោបល់ សម្របសម្រួលជំហរ និងគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាពហុភាគី ជាពិសេសសមាគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងយន្តការសហប្រតិបត្តិការអនុតំបន់មេគង្គ។ ប្រទេសទាំងពីរប្រកាន់ខ្ជាប់នូវគោលការណ៍មិនអនុញ្ញាតឱ្យកម្លាំងណាមួយប្រើប្រាស់ទឹកដីប្រទេសម្ខាង ដើម្បីប្រឆាំងនឹងផលប្រយោជន៍របស់ប្រទេសម្ខាងទៀត។
ឆ្ពោះទៅខួបលើកទី៦០ នៃការបង្កើតទំនាក់ទំនងាយការទូត (២៤ មិថុនា ១៩៦៧ - ២៤ មិថុនា ២០២៧) និងឆ្នាំមិត្តភាព រួមការអភិវឌ្ឍវៀតណាម-កម្ពុជា ឆ្នាំ២០២៧ ថ្នាក់ដឹកនាំទាំងពីរបានឯកភាពគ្នាសម្របសម្រួលរៀបចំសកម្មភាពរំលឹកខួប ផ្សារភ្ជាប់ជាមួយនឹងការជំរុញលទ្ធផលកិច្ចសហប្រតិបត្តិការជាក់ស្តែង រួមចំណែកបង្កើតកម្លាំងចលករថ្មីសម្រាប់ទំនាក់ទំនងនៃប្រទេសទាំងពីរក្នុងដំណាក់កាលបន្តបន្ទាប់៕
