នាព្រឹកថ្ងៃទី ២៦ ខែតុលា ពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការ ជូននាយករដ្ឋមន្ត្រីលោក ដូណាល់ ទូស្ក បានប្រារព្ធធ្វើឡើងយ៉ាងឱឡារិក នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) ក្រោមអធិបតីភាពរបស់នាយករដ្ឋមន្ត្រីលោក ឡេ មិញ ហ៊ឹង។

បន្ទាប់ពីពិធីទទួលស្វាគមន៍ នាយករដ្ឋមន្ត្រីទាំងពីររូបបានដំណើរការកិច្ចពិភាក្សា។ នៅក្នុងជំនួបពិភាក្សានេះ លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង បានស្វាគមន៍លោកនាយករដ្ឋមន្ត្រី ដូណាល់ ទូស្ក ក្នុងដំណើរទស្សនកិច្ចផ្លូវការមកវៀតណាម បន្ទាប់ពីរយៈពេល ១៦ ឆ្នាំមក។ ដំណើរទស្សនកិច្ចនេះ ប្រព្រឹត្តទៅក្នុងបរិបទនៃមិត្តភាពប្រពៃណីដ៏ល្អប្រសើររវាងប្រទេសទាំងពីរ ដែលបានឆ្លងកាត់រយៈពេល ៧៦ ឆ្នាំ ចាប់តាំងពីការបង្កើតទំនាក់ទំនងការទូតនៅឆ្នាំ ១៩៥០ មក។

“វៀតណាមតែងតែឱ្យតម្លៃ និងមានបំណងបង្កើនចំណងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយប៉ូឡូញ ដែលជាដៃគូសំខាន់ឈានមុខគេរបស់វៀតណាមនៅអឺរ៉ុបកណ្តាល និងអឺរ៉ុបខាងកើត។ ខ្ញុំវាយតម្លៃខ្ពស់ និងវាយតម្លៃជាពិសេស ចំពោះការដែល យើងទាំងពីរបានផ្លាស់ប្តូរទស្សនៈ និងសម្រេចចិត្ត លើកកំពស់ទំនាក់ទំនងទៅជាភាពជាដៃគូយុទ្ធសាស្ត្រក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រីលើកនេះ តាមនោះកំណត់ទិសដៅសំខាន់ៗ ដើម្បីទាញយកអត្ថប្រយោជន៍ពីសក្តានុពលសម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនាពេលខាងមុខ”។

រីឯខ្លួនវិញ នាយករដ្ឋមន្ត្រីលោក Donald Tusk បានសម្តែងចំណាប់អារម្មណ៍ចំពោះការផ្លាស់ប្តូរវិជ្ជមាននៅវៀតណាម ដោយបញ្ជាក់ថា វៀតណាមគឺជាគំរូលេចធ្លោមួយ នៅក្នុងប្រវត្តិសាស្ត្រពិភពលោកអំពីរបៀប ប្រែការខិតខំព្យាយាម សេចក្តីប្រាថ្នាសម្រាប់វឌ្ឍនភាព និងតម្លៃនៃសន្តិភាពទៅជា កម្លាំងអភិវឌ្ឍន៍ពោរពេញដោយបញ្ញា។

នៅក្នុងសន្និសីទសារព័ត៌មានបន្ទាប់ពីកិច្ចពិភាក្សា លោកនាយករដ្ឋមន្ត្រី ឡេ មិញ​​ហ៊ឹង បានថ្លែងថា ភាគីទាំងពីរសម្រេចបានការឯកភាពគ្នាខ្ពស់លើទិដ្ឋភាពជាច្រើន​។ ជាពិសេស នាយករដ្ឋមន្ត្រីទាំងពីររូបបានអនុម័តលើសេចក្តីថ្លែងការណ៍រួម ស្តីពីការបង្កើតភាពជាដៃគូយុទ្ធសាស្ត្រ និងផែនការសកម្មភាពស្តីពីការបង្កើនភាពជាដៃគូវៀតណាម-ប៉ូឡូញដំណាក់កាល ២០២៦-២០៣០។

ដើម្បីសម្រេចបាននូវក្របខ័ណ្ឌនៃភាពជាដៃគូយុទ្ធសាស្ត្រ នាយករដ្ឋមន្ត្រី លោក ឡេ មិញហ៊ឹង បានមានប្រសាសន៍ថា ភាគីទាំងពីរបានព្រមព្រៀងគ្នាអនុវត្តក្រុមដំណោះស្រាយសំខាន់ៗ ក្នុងនោះ សម្របសម្រួលយ៉ាងជិតស្និទ្ធដើម្បីលើកកម្ពស់ការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម​-សហភាពអឺរ៉ុប (EVFTA) ដោយខិតខំបង្កើនពាណិជ្ជកម្មទ្វេភាគីដល់ ៦ ពាន់លានដុល្លារអាមេរិកនៅឆ្នាំ ២០៣០។

រីឯខ្លួនវិញ នាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk បានសង្កត់ធ្ងន់ថា វៀតណាមគឺជាដៃគូដ៏សំខាន់បំផុតនៅអាស៊ីរបស់ប៉ូឡូញ ហើយបានអះអាងថា សក្តានុពលសម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនៅតែមានទំហំធំ។ ប្រមុខរដ្ឋាភិបាលប៉ូឡូញបានស្នើឱ្យលើកកម្ពស់តុល្យភាពពាណិជ្ជកម្មទ្វេភាគី ដែលមានតុល្យភាពជាង និងបង្កើតលក្ខណៈងាយស្រួលសម្រាប់អាជីវកម្មប៉ូឡូញក្នុងការវិនិយោគលើវិស័យឱសថ បច្ចេកវិទ្យាព័ត៌មាន និងវិស័យនាំចេញកសិកម្ម និងអាហារមកវៀតណាម។

មុនសន្និសីទសារព័ត៌មាន នាយករដ្ឋមន្ត្រីទាំងពីររូបបានធ្វើជាសាក្សីនៃការចុះហត្ថលេខា និងផ្លាស់ប្តូរឯកសារសហប្រតិបត្តិការទ្វេភាគីសំខាន់ៗ ក្នុងវិស័យអប់រំ និងទេសចរណ៍៕