ដំណើរទស្សនកិច្ចការងាររបស់អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមចូលរួមកិច្ចពិភាក្សាទូទៅជាន់ខ្ពស់នៃសម័យប្រជុំលើកទី ៨១ នៃមហា សន្និបាតអង្គការសហប្រជាជាតិ មិនត្រឹមតែមានសារៈសំខាន់សម្រាប់ភាពជាដៃគូវៀត ណាម-អង្គការសហប្រជាជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាឱកាសមួយសម្រាប់វៀត ណាមក្នុងការនាំយកទស្សនៈ បទពិសោធន៍ និងសេចក្តីប្រាថ្នារបស់ខ្លួនចូលទៅក្នុងកិច្ចពិភាក្សាទូទៅរបស់សហគមន៍អន្តរជាតិផងដែរ។

លោកស្រី Pauline Tamesis អ្នកសម្របសម្រួលប្រចាំការនៃអង្គការសហប្រជាជាតិប្រចាំនៅវៀតណាម បានបញ្ជាក់យ៉ាងដូច្នេះ នៅក្នុងបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មាននៃវិទ្យុជាតិវៀតណាម។ លោកស្រីបានសង្កត់ធ្ងន់ថា ទំនាក់ទំនងវៀតណាម-អង្គការសហប្រជាជាតិបានក្លាយជា “ភាពជាដៃគូទ្វេភាគី”។ ម៉្យាងវិញទៀត អង្គការសហប្រជាជាតិនៅតែបន្តគាំទ្រវៀតណាមក្នុងការសម្រេចគោលដៅអភិវឌ្ឍន៍ និងសេចក្តីប្រាថ្នារបស់ខ្លួន។ ម៉្យាងវិញទៀត វៀតណាមកំពុងរួមចំណែកកាន់តែខ្លាំងឡើងនូវបទពិសោធន៍ តួនាទីភាពជាអ្នកដឹកនាំ និងដំណោះស្រាយចំពោះរបៀបវារៈសកល។

វៀតណាមនាំមកនូវបទពិសោធន៍ផ្លាស់ប្តូររបស់ខ្លួន ដល់កិច្ចសហប្រតិបត្តិការពហុភាគី ចាប់ពីការកសាងជាតិឡើងវិញក្រោយសង្គ្រាម និងការកាត់បន្ថយភាពក្រីក្រ រហូតដល់ការធ្វើសមាហរណកម្មសេដ្ឋកិច្ច និងការអភិវឌ្ឍប្រកបដោយចីរភាព។ ហើយមេរៀនពីដំណើរការអភិវឌ្ឍន៍ដើម្បីក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់។ បទពិសោធន៍កាន់តែច្រើនឡើងៗដែលវៀតណាមខែករំលែកគឺកំពុងដើរហួសពីព្រំដែនជាតិរបស់ខ្លួន តាមរយៈការរួមចំណែកដល់ប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ការចូលរួមក្នុងក្រុមប្រឹក្សាសិទ្ធិមនុស្ស និងក្រុមប្រឹក្សាសន្តិសុខ និងការចូលរួមយ៉ាងសកម្មនៅទូទាំងប្រព័ន្ធអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ។

នៅពេលដែលវៀតណាមចូលដល់យុគសម័យថ្មីនៃការអភិវឌ្ឍ អង្គការសហប្រជាជាតិសង្ឃឹម ថា ភាពជាដៃគូនេះនឹងបន្តអភិវឌ្ឍន៍ជាមួយវៀតណាម។ នោះជាភាពជាដៃគូដែលគាំទ្រទាំងសេចក្តីប្រាថ្នារបស់វៀតណាមក្នុងការក្លាយជាប្រទេសអភិវឌ្ឍន៍ និងមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ ២០៤៥ និងអនុញ្ញាតឱ្យវៀតណាមចូលរួមចំណែកកាន់តែច្រើនដល់សន្តិភាព ការអភិវឌ្ឍប្រកបដោយចីរភាព និងកិច្ចសហប្រតិបត្តិការអន្តរជាតិ៕