ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចចូលរួមកម្មវិធីថ្នាក់ដឹកនាំវៀតណាម (VLP) និងធ្វើការនៅសហរដ្ឋអាមេរិក កាលពីរសៀលថ្ងៃទី ២៥ ខែសីហា (ម៉ោងក្នុងតំបន់) លោកឧបនាយករដ្ឋមន្ត្រី ង្វៀន វ៉ាន់ថាំង បានជួបជាមួយលោក លី ជុនហួរ អគ្គលេខាធិការរងអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការសេដ្ឋកិច្ចនិងសង្គម។
ក្នុងជំនួបនេះ លោកឧបនាយករដ្ឋមន្ត្រី ង្វៀន វ៉ាន់ថាំង បានអះអាងថា ប្រទេសវៀតណាមប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវមាគ៌ាអភិវឌ្ឍន៍ប្រកបដោយចីរភាព ដោយដាក់ប្រជាជនជាស្នូល ជាកម្មវត្ថុ និងជាកម្លាំងចលករនៃការអភិវឌ្ឍ។ លោកឧបនាយករដ្ឋមន្រ្តី បានស្នើឱ្យអង្គការសហប្រជាជាតិបន្តរួមដំណើរ ចែករំលែកបទពិសោធន៍ក្នុងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ; ជួយគាំទ្រផ្នែកហិរញ្ញវត្ថុ និងបច្ចេកវិទ្យាដើម្បីអនុវត្តការប្តេជ្ញាចិត្តអាកាសធាតុ អភិវឌ្ឍន៍ថាមពលកកើតឡើងវិញ ផ្លាស់ប្តូរថាមពល និងការអភិវឌ្ឍតំបន់ដីសណ្តទន្លេ Cuu Long ប្រកបដោយចីរភាព; គាំទ្រដល់ការកៀរគរដើមទុន ODA ប្រកបដោយប្រសិទ្ធភាព ដោយផ្តល់អាទិភាពដល់ការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា ការផ្លាស់ប្តូរឌីជីថល និងការបណ្តុះបណ្តាលធនធានមនុស្សដែលមានគុណភាពខ្ពស់ផងដែរ។
រីឯខ្លួនវិញ អគ្គលេខាធិការរងអង្គការសហប្រជាជាតិ លោក លី ជុនហួរ បានសង្កត់ធ្ងន់ថា វៀតណាមជានិច្ចកាលជាដៃគូគំរូ គួរឱ្យទុកចិត្ត ហើយមានសំឡេងកាន់តែសំខាន់នៅក្នុងភ្នាក់ងារនានារបស់អង្គការសហប្រជាជាតិ។ លោកក៏បានបញ្ជាក់ថា អង្គការសហប្រជាជាតិ ត្រៀមខ្លួនជាស្រេចជំរុញយ៉ាងខ្លាំងនូវការពិគ្រោះយោបល់គោលនយោបាយ ជួយគាំទ្រផ្នែកបច្ចេកទេស លើកកំពស់សមត្ថភាព ចែករំលែកចំណេះដឹងអំពីអភិបាលកិច្ចសកល និងតភ្ជាប់ទំនាក់ទំនងយ៉ាងសកម្មជាមួយស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ និងធនាគារអភិវឌ្ឍន៍ ដើម្បីគាំទ្រប្រទេសវៀតណាមក្នុងការសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពផងដែរ៕
