ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសចិន និងជាសហប្រធានសម័យប្រជុំលើកទីពីរនៃគណៈកម្មាធិការសហប្រតិបត្តិការរវាងរដ្ឋសភាវៀតណាមនិងសភាតំណាងប្រជាជនទូទាំងប្រទេសចិន នៅរសៀលថ្ងៃទី១២ ខែតុលា នៅមហាសាលប្រជាជន ក្នុងទីក្រុងប៉េកាំង ប្រធានរដ្ឋសភាវៀតណាមលោក ជិន ថាញ់មិន បានជួបសវនាការជាមួយនាយករដ្ឋមន្ត្រីនៃក្រុមប្រឹក្សារដ្ឋចិនលោក លី ឈាង។
ដោយពិភាក្សាអំពីទិសដៅសហប្រតិបត្តិការនាពេលខាងមុខ ប្រធានរដ្ឋសភាវៀតណាមលោក ជិន ថាញ់មិន បានស្នើឱ្យភាគីទាំងពីរលើកកំពស់ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រ ជាពិសេសកិច្ចសហប្រតិបត្តិការផ្លូវដែក ដោយបើកការដ្ឋានសាងសង់និងសម្រេចការសាងសង់ផ្លូវដែកដែលតភ្ជាប់ប្រទេសទាំងពីរឱ្យបានឆាប់ ដើម្បីសម្រួលដល់ការផ្លាស់ប្តូររវាងប្រជាជននៃប្រទេសទាំងពីរ។ លើសពីនេះ បង្កើតលក្ខខណ្ឌអំណោយផលបន្ថែមទៀតសម្រាប់ការនាំចេញទំនិញ និងផលិតផលកសិកម្មរបស់វៀតណាមទៅកាន់ប្រទេសចិន ជំរុញកិច្ចសហប្រតិបត្តិការច្រកទ្វារព្រំដែន ពង្រីកគំរូច្រកទ្វារព្រំដែនឆ្លាតវៃ និងអនុវត្តន៍ការសាងសង់តំបន់សហប្រតិបត្តិការសេដ្ឋកិច្ចឆ្លងដែន។ ជាមួយគ្នានេះ ជំរុញខ្លាំងនូវកិច្ចសហប្រតិបត្តិការលើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការបណ្តុះបណ្តាលធនធានមនុស្សដែលមានជំនាញខ្ពស់ ជាពិសេសនៅក្នុងវិស័យសំខាន់ៗដូចជា បញ្ញាសិប្បនិម្មិត ទីក្រុងឆ្លាតវៃ និងផលិតកម្មឆ្លាតវៃ។
ដោយវាយតម្លៃខ្ពស់ចំពោះសំណើសហប្រតិបត្តិការរបស់ប្រធានរដ្ឋសភាវៀតណាម នាយករដ្ឋមន្ត្រីចិនលោក លី ឈាង បានស្នើឱ្យភាគីទាំងពីរពន្លឿនការសាងសង់ផ្លូវដែកស្តង់ដារ ដោយតភ្ជាប់ជាមួយយុទ្ធសាស្ត្រអភិវឌ្ឍន៍តំបន់របស់ប្រទេសចិន; បង្កើនការតភ្ជាប់ផ្លូវទឹកនិងផ្លូវគោក សាងសង់ច្រកទ្វារព្រំដែនឆ្លាតវៃ តំបន់សហប្រតិបត្តិការឆ្លងដែន និងសហប្រតិបត្តិការតភ្ជាប់អគ្គិសនីរវាងប្រទេសទាំងពីរ។ លោកនាយករដ្ឋមន្ត្រី លី ឈាង បានបញ្ជាក់ថា ចិនត្រៀមខ្លួនជាស្រេចបើកទីផ្សារនិងនាំចូលទំនិញ ផលិតផលកសិកម្មដែលមានគុណភាពខ្ពស់របស់វៀតណាមបន្ថែមទៀត ហើយជំរុញកិច្ចសហប្រតិបត្តិការក្នុងការត្រួតពិនិត្យ ភូតគាមអនាម័យ; ស្វាគមន៍វៀតណាមក្លាយជាប្រទេសប្រធានបទនៃកម្មវិធី "ចែករំលែកទីផ្សារធំ នាំចេញទៅកាន់ចិន" ព្រមទាំងលើកទឹកចិត្តសហគ្រាសដែលមានសមត្ថភាពរបស់ចិន ឱ្យវិនិយោគចូលមកវៀតណាមផងដែរ៕
