អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម និងនាយករដ្ឋមន្ត្រីនៃប្រទេសលិចតិនស្តាញ លោកស្រី Brigitte Haas បានឯកភាពគ្នាដូចដែលពោលខាងលើ ក្នុងជំនួបពិភាក្សានារសៀលថ្ងៃទី១៨ ខែតុលា នៅទីក្រុងហាណូយ។

អគ្គលេខាបក្ស ប្រធានរដ្ឋលោកតូ ឡឹម បានវាយតម្លៃថា ដំណើរទស្សនកិច្ចរបស់លោកស្រីនាយករដ្ឋមន្ត្រី Brigitte Haas មកកាន់ប្រទេសវៀតណាម រួមជាមួយនឹងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពីរ រួមមាន៖ កិច្ចព្រមព្រៀងជៀសវាងការយកពន្ធទ្វេដងរវាងវៀតណាម និងលិចតិនស្តាញ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាម និងបណ្តាប្រទេសនៃសមាគមពាណិជ្ជកម្មសេរីអឺរ៉ុប (EFTA) ជាព្រឹត្តិការណ៍សំខាន់មួយ ដែលបង្កើតមូលដ្ឋានគ្រឹះសម្រាប់ទំនាក់ទំនងទ្វេភាគីឱ្យអភិវឌ្ឍកាន់តែស៊ីជម្រៅ និងទូលំទូលាយនាពេលខាងមុខ។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋបានស្នើឱ្យភាគីទាំងពីរសម្របសម្រួលដើម្បីបង្ហើយនីតិវិធីចាំបាច់សម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-EFTA ឱ្យចូលជាធរមាន។ ជាមួយគ្នានេះ ប្រទេសទាំងពីរត្រូវលើកកម្ពស់ការផ្លាស់ប្តូរវប្បធម៌ និងសិល្បៈ និងផ្សព្វផ្សាយរូបភាពនៃប្រទេស និងប្រជាជនរៀងៗខ្លួន ដោយហេតុនេះបង្កើនការយោគយល់គ្នាទៅវិញទៅមករវាងប្រជាជនទាំងពីរ។

ចំពោះលោកស្រី Brigitte Haas បានបញ្ជាក់ថា លិចតិនស្តាញ ចាត់ទុកវៀតណាមជាដៃគូសំខាន់មួយនៅអាស៊ីអាគ្នេយ៍ ហើយចង់ពង្រឹងកិច្ចសហប្រតិបត្តិការរយៈពេលវែងបន្ថែមទៀតលើសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ។ លោកស្រីនាយករដ្ឋមន្ត្រីលិចតិនស្តាញ ក៏បានបញ្ជាក់ពីការត្រៀមខ្លួនរបស់លោកស្រីក្នុងការចែករំលែកវិធីសាស្រ្ត និងគំរូដើម្បីជួយវៀតណាមបង្កើនប្រសិទ្ធភាពសមត្ថភាពផលិតកម្ម និងកម្លាំងពលកម្ម ដើម្បីឱ្យសេដ្ឋកិច្ចរបស់ខ្លួនសម្រេចបានប្រសិទ្ធភាព និងផលិតភាពខ្ពស់៕