ក្នុងជំនួបនេះ រដ្ឋមន្ត្រី លោក ឡេ ហ័យ ទ្រុង បានបញ្ជាក់ថា វៀតណាមតែងតែឱ្យតម្លៃចំពោះទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយបែលហ្ស៊ិក ដែលជាដៃគូសំខាន់មួយនៅអឺរ៉ុប។ រដ្ឋមន្ត្រី លោក ឡេ ហ័យ ទ្រុង បានស្នើឱ្យភាគីទាំងពីរផ្តោតលើការលើកកម្ពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគលើវិស័យដែលមានសក្តានុពល និងចំណុចខ្លាំងបំពេញបន្ថែម ជាពិសេសកំពង់ផែ និងភស្តុភារកម្ម; ធ្វើឱ្យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ក្លាយជាចំណុចកណ្តាលថ្មីនៃកិច្ចសហប្រតិបត្តិការ; បន្តពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំ និងបណ្តុះបណ្តាល វប្បធម៌ ទេសចរណ៍ សុខាភិបាល និងបង្កើនទំនាក់ទំនងរវាងមូលដ្ឋានវៀតណាមនិងតំបន់ និងសហគមន៍បែលហ្ស៊ិក។

រីឯឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសបែលហ្ស៊ិកលោក Maxime Prévot បានបញ្ជាក់ថា បែលហ្ស៊ិកឱ្យតម្លៃចំពោះទំនាក់ទំនងរបស់ខ្លួនជាមួយវៀតណាម ដោយកោតសរសើរចំពោះសមិទ្ធផលអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមរបស់វៀតណាម និងតួនាទីកាន់តែកើនឡើងនៅក្នុងតំបន់ និងលើឆាកអន្តរជាតិ។ លោក Maxime Prévot បានសម្តែងនូវបំណងប្រាថ្នា ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការរវាងក្រសួងការបរទេសទាំងពីរ ដោយលើកកម្ពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ជាពិសេសនៅក្នុងវិស័យដែលបែលហ្ស៊ិកមានចំណុចខ្លាំង ដូចជាកំពង់ផែ ភស្តុភារកម្ម និងបច្ចេកវិទ្យាខ្ពស់ ខណៈពេលដែលកំពុងអភិវឌ្ឍសក្តានុពលសម្រាប់កិច្ចសហប្រតិបត្តិការរវាងវៀតណាម ជាមួយតំបន់ និងសហគមន៍បែលហ្ស៊ិក។ ទាក់ទងនឹងបញ្ហាតំបន់ និងអន្តរជាតិ រដ្ឋមន្ត្រីទាំងពីរបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការគាំទ្រពហុភាគីនិយម ការគោរពច្បាប់អន្តរជាតិ បង្កើនការសន្ទនា និងកិច្ចសហប្រតិបត្តិការដើម្បីដោះស្រាយជម្លោះដោយសន្តិវិធី។ រដ្ឋមន្ត្រីទាំងពីរក៏បានពិភាក្សាអំពីការបង្កើនរសម្របសម្រួល និងការគាំទ្រគ្នាទៅវិញទៅមកនៅអង្គការសហប្រជាជាតិ និងវេទិកាពហុភាគីផ្សេងទៀត៕