ដំណើរទស្សនកិច្ចនេះប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី ២៤ ខែតុលា ឆ្នាំ ២០២៦ តាមការអញ្ជើញរបស់ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្របែលហ្ស៊ិក លោក Bart De Wever។
សេចក្តីថ្លែងការណ៍រួមបានបញ្ជាក់យ៉ាងច្បាស់ថា វៀតណាមនិងបែលហ្ស៊ិក (ភាគីទាំងពីរ) បានឯកភាពគ្នាពង្រឹងកិច្ចសហប្រតិបត្តិការលើទូទាំងពិភពលោក បង្កើនការផ្លាស់ប្តូរគណៈប្រតិភូ និងការជួបប្រាស្រ័យគ្រប់កម្រិត ជាពិសេសនៅកម្រិតខ្ពស់ តាមរយៈគ្រប់ក្របខណ្ឌសមស្រប ហើយបានឯកភាពគ្នារក្សាការពិគ្រោះយោបល់នយោបាយជាប្រចាំ។
ក្នុងវិស័យការពារជាតិ ភាគីទាំងពីរបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្ត ក្នុងការរក្សាការសន្ទនាទ្វេភាគីប្រកបដោយលក្ខណៈស្ថាបនា និងអភិវឌ្ឍន៍កិច្ចសហប្រតិបត្តិការជាក់ស្តែងបន្ថែមទៀត ក្នុងក្របខ័ណ្ឌនៃអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការការពារជាតិដែលបានចុះហត្ថលេខាក្នុងឆ្នាំ ២០០៣ ដែលនៅតែមានសុពលភាព។
ទាក់ទងនឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ភាគីទាំងពីរបានកត់សម្គាល់នូវការបំពេញបន្ថែមគ្នាខ្ពស់រវាងសេដ្ឋកិច្ចទាំងពីរ និងសក្តានុពលដ៏ធំធេងសម្រាប់ការពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត ជាពិសេសនៅក្នុងវិស័យដែលស្របតាមអាទិភាព និងប្រៀបខ្លាំងរបស់ប្រទេសនីមួយៗ។
ភាគីទាំងពីរបានឯកភាពគ្នាធ្វើឲ្យស៊ីជម្រៅថែមទៀតនូវកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រ។ ព្រមព្រៀងគ្នាបន្តបង្កើនការសម្របសម្រួលក្នុងការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនមានការគ្រប់គ្រង (IUU) ជំរុញការគ្រប់គ្រងរបរនេសាទប្រកបដោយចីរភាព និងការធានាការអនុវត្តបទប្បញ្ញត្តិពាក់ព័ន្ធរបស់ EU ប្រកបដោយប្រសិទ្ធភាព; ប្តេជ្ញាចិត្តជំរុញកិច្ចសហប្រតិបត្តិការអំពីវិទ្យាសាស្ត្រ បច្ចេកវិទ្យា ការស្រាវជ្រាវ នវានុវត្តន៍ និងការបង្កើនការផ្លាស់ប្តូរបច្ចេកទេស; លើកទឹកចិត្តដល់កិច្ចសហប្រតិបត្តិការក្នុងការស្រាវជ្រាវ និងអភិវឌ្ឍន៍ (R&D) និងការអនុវត្តបច្ចេកវិទ្យាជាយុទ្ធសាស្ត្រ រួមទាំងបញ្ញាសិប្បនិម្មិតដែលមានសុវត្ថិភាព អាចទុកចិត្តបាន និងមានទំនួលខុសត្រូវ បច្ចេកវិទ្យា ស៊ឺមីកុងឌុចទ័រ មីក្រូអេឡិចត្រូនិច និងកុំព្យូទ័រពពក។
នៅក្នុងសេចក្តីថ្លែងការណ៍រួម វៀតណាម និងបែលហ្ស៊ិកក៏បានបញ្ជាក់ជាថ្មីអំពីសារៈសំខាន់នៃការរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាព សេរីភាពនាវាចរណ៍ អាកាសចរណ៍ និងពាណិជ្ជកម្មដែលគ្មានការរារាំង ក៏ដូចជាការដោះស្រាយជម្លោះដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិ ជាពិសេសអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ ១៩៨២។
នៅក្នុងសេចក្តីថ្លែងការណ៍រួម ភាគីទាំងពីរក៏បានលើកឡើងក្ដីកង្វល់រួមទាក់ទងនឹងជម្លោះមួយចំនួននៅលើពិភពលោក ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងដើម្បីដោះស្រាយជម្លោះទាំងនេះផងដែរ៕
