នាព្រឹកថ្ងៃទី ១១ ខែសីហា (ម៉ោងក្នុងស្រុក) បន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ចដ៏ឧឡារិកមួយដែលបានធ្វើឡើងនៅវិមានអគ្គទេសាភិបាលនៅទីក្រុង Canberra ដោយមានពិធីការខ្ពស់បំផុតជូនចំពោះប្រមុខរដ្ឋ អគ្គលេខាបក្ស ប្រធានរដ្ឋលោកតូ ឡឹម បានអញ្ជើញជួបពិភាក្សាជាមួយអគ្គទេសាភិបាលលោកស្រី Sam Mostyn។ ក្នុងជំនួបនេះ អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹមបានសង្កត់ធ្ងន់ថា អូស្ត្រាលីគឺជាមិត្ត និងជាដៃគូដែលអាចទុកចិត្តបាន ហើយបានសម្តែងបំណង នាំទំនាក់ទំនងនេះឲ្យកាន់តែស៊ីជម្រៅ ជាក់ស្តែងប្រកបដោយប្រសិទ្ធភាព។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹមបានថ្លែងថា ភាគីទាំងពីរត្រូវពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត។ ហើយសង្ឃឹមថា ដំណើរទស្សនកិច្ចទៅកាន់អូស្ត្រាលីនឹងបន្តលើកកម្ពស់ទំនាក់ទំនងសហប្រតិបត្តិការដល់កម្រិតថ្មីមួយ។ រីឯ អគ្គទេសាភិបាលអូស្ត្រាលីលោកស្រី Sam Mostyn បានបញ្ជាក់ថា អូស្ត្រាលីចង់ក្លាយជាដៃគូដែលអាចទុកចិត្តបានរបស់វៀតណាម ដោយត្រៀមខ្លួនជាស្រេចដើម្បីអមដំណើរ និងគាំទ្រវៀតណាមក្នុងការសម្រេចរាល់គោលដៅអភិវឌ្ឍន៍។

ទាក់ទងនឹងទិសដៅសហប្រតិបត្តិការ អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម បានស្នើឱ្យប្រទេសទាំងពីរ បន្តពង្រឹងទំនុកចិត្តនយោបាយតាមរយៈការផ្លាស់ប្ដូរកម្រិតខ្ពស់ និងបណ្តាញសហប្រតិបត្តិការ។ វៀតណាមសង្ឃឹមថានឹងទាក់ទាញលំហូរមូលធនដែលមានគុណភាពខ្ពស់បន្ថែមទៀតពីអាជីវកម្មអូស្ត្រាលី និងមូលនិធិវិនិយោគតាមរយៈយុទ្ធសាស្ត្រសេដ្ឋកិច្ចអាស៊ីអាគ្នេយ៍របស់អូស្ត្រាលីដល់ឆ្នាំ ២០៤០; ហើយបានស្នើឱ្យរដ្ឋាភិបាលអូស្ត្រាលីបន្តសម្របសម្រួលអាជីវកម្មវៀតណាមឱ្យពង្រីកប្រតិបត្តិការនៅប្រទេសអូស្ត្រាលី។

ក្នុងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ការអប់រំ និងការចែករំលែកចំណេះដឹង អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម បានស្នើឱ្យអូស្ត្រាលីបន្តគាំទ្រវៀតណាមក្នុងការកែលម្អសមត្ថភាពអភិបាលកិច្ចសាធារណៈ កំណែទម្រង់រដ្ឋបាល និងការផ្លាស់ប្តូរឌីជីថលនៅក្នុងវិស័យសាធារណៈ… សង្ឃឹមថាអូស្ត្រាលីនឹងបង្កលក្ខណៈងាយស្រួលសម្រាប់សហគមន៍ ជនវៀតណាមអភិវឌ្ឍន៍កាន់តែល្អប្រសើរជាង រួមចំណែកជាវិជ្ជមានដល់សង្គមអូស្ត្រាលី និងក្លាយជាស្ពានមិត្តភាពរវាងប្រទេសទាំងពីរ។

លោកស្រីអគ្គទេសាភិបាលអូស្ត្រាលីបានថ្លែងថា អូស្ត្រាលីចង់បន្តបង្កើតបរិយាកាសអំណោយផលសម្រាប់សហគមន៍ជនវៀតណាម ដើម្បីអភិវឌ្ឍន៍សក្កានុពលរបស់ខ្លួន រក្សាអត្តសញ្ញាណវប្បធម៌ និងរួមចំណែកដល់ភាពចម្រុះ និងវិបុលភាពនៃសង្គមអូស្ត្រាលី៕