លោកនាយករដ្ឋមន្ត្រីក៏បានទទួលស្គាល់សកម្មភាពវិនិយោគរបស់អាជីវកម្មលុចសំបួរ​នៅវៀតណាម ដោយកត់សម្គាល់ថា ទោះបីជាបរិមាណនៅតែមានកម្រិត ប៉ុន្តែ​គម្រោងទាំងនេះមានទំហំធំនិងផ្តោតលើវិស័យដែលវៀតណាមកំពុងជំរុញខ្លាំង រួមទាំងព័ត៌មាននិងទូរ​គមនាគមន៍ ឧស្សាហកម្មកែច្នៃ និងផលិតកម្ម។ល។ លោកនាយករដ្ឋមន្ត្រីបានថ្លែងថា វៀតណាមនឹងបន្តកែលម្អក្របខ័ណ្ឌច្បាប់ឱ្យ​ស្របតា​ម​ទម្លាប់អន្តរជាតិ ដោយធានាតម្លាភាព បើកចំហ និងអាចព្យាករណ៍បាន ដើម្បីពង្រឹងទំនុកចិត្តរបស់វិនិយោគិនបរទេស។

នាពេលខាងមុខ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យភាគីទាំងពីរសម្របសម្រួលដើម្បីអនុវត្តន៍ជាក់​ស្តែងនូវឯកសារសហប្រតិបត្តិការនានា ដោយផ្តល់អាទិភាពដល់វិស័យ​ដូចជា ហិរញ្ញវត្ថុប្រកបដោយចីរភាព ទីផ្សារមូលធន ការគ្រប់គ្រងមូលនិធិ បច្ចេកវិទ្យាហិរញ្ញវត្ថុ ការបណ្តុះបណ្តាល ការកសាងសមត្ថភាព ការគ្រប់គ្រង និងត្រួតពិនិត្យវិស័យហិរញ្ញវត្ថុនិងធនាគារ; ពង្រឹងការតភ្ជាប់លំហូរមូលធនពីលុចសំបួរ និងអឺរ៉ុបជាមួយវៀតណាម។ លោកបានស្នើឱ្យរដ្ឋាភិបាលលុចសំបួរគាំទ្រវៀតណាមក្នុងការអភិវឌ្ឍឧបករណ៍ហិរញ្ញវត្ថុបៃតង ការកៀង​គរដើមទុនសម្រាប់ការផ្លាស់ប្តូរបៃតង និងហិរញ្ញវត្ថុប្រកបដោយចីរភាព ពង្រឹងកិច្ចសហប្រតិបត្តិការ និងគាំទ្រ​វៀតណាមក្នុងការកសាង និងអភិវឌ្ឍមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិវៀតណាម; បន្តគាំទ្រ និងដាស់តឿនប្រទេសសមាជិក EU ​ដែលនៅសេស​សល់ឱ្យ​ផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងការពារការវិនិយោគវៀតណាម-សហភាពអឺរ៉ុប (EVIPA)៕​