ដុំអាលុយមីញ៉ូមរបស់រោងចក្រអេឡិចត្រូលីសអាលុយមីញ៉ូមដាក់ណុងសម្រេចបានភាពបរិសុទ្ធ ៩៩,៧១%។ នេះជាលើកដំបូងដែលវៀតណាមបានអនុវត្តរួចរាល់ខ្សែសង្វាក់តម្លៃចាប់ពីការជីកយករ៉ែបុកស៊ីត និងការផលិតអាលុយមីញ៉ូមរហូតដល់អេឡិចត្រូលីសលោហៈអាលុយមីញ៉ូមដែលមានអាំងតង់ស៊ីតេចរន្ត ៥០០ kA។
អញ្ជើញថ្លែងនៅក្នុងពិធីនេះ នាយឧត្តមសេនីយ៍លោក ផាន់ វ៉ាន់ យ៉ាង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារប្រទេស បានសង្កត់ធ្ងន់ថា ការផលិតដុំអាលុយមីញ៉ូមដោយជោគជ័យគឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្ររបស់វិស័យលោហធាតុរបស់វៀតណាម ដោយសម្រេចបាននូវគោលនយោបាយរបស់បក្ស និងរដ្ឋលើការអភិវឌ្ឍឧស្សាហកម្មកែច្នៃរ៉ែជម្រៅ។
“ការផលិតដុំអាលុយមីញ៉ូមដោយជោគជ័យបញ្ជាក់ពីភាពស្ទាត់ជំនាញខាងបច្ចេកវិទ្យា ជំនាញអភិបាលកិច្ច គុណភាពធនធានមនុស្ស និងការតាំងចិត្តរបស់អាជីវកម្មវៀតណាមក្នុងការចូលរួមកាន់តែស៊ីជម្រៅនៅក្នុងខ្សែសង្វាក់តម្លៃសកល។ នេះគឺជាការផ្លាស់ប្តូរដ៏សំខាន់មួយពីការនាំចេញវត្ថុធាតុដើម និងផលិតផលពាក់កណ្តាលសម្រេច ទៅជាការផលិតវត្ថុធាតុដើមជាមូលដ្ឋានដែលបម្រើដល់ឧស្សាហកម្មសំខាន់ៗដូចជា៖ អគ្គិសនី ការផលិតរថយន្ត ផ្លូវដែក អាកាសចរណ៍ ការពារជាតិ សំណង់ និងឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់”។ នេះបើយោងតាមប្រសាសន៍របស់លោកផាន់ វ៉ាន់ យ៉ាង។
នាយឧត្តមសេនីយ៍ លោកផាន់ វាន់ យ៉ាង បានស្នើឱ្យក្រសួង និងវិស័យនានាបន្តកែលម្អយន្តការ និងគោលនយោបាយសម្រាប់ការអភិវឌ្ឍឧស្សាហកម្មអាលុយមីញ៉ូម។ ខេត្ត ឡឹម ដុង គួរតែលើកកម្ពស់ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ថាមពល ភស្តុភារកម្ម និងទាក់ទាញគម្រោងសម្រាប់ការកែច្នៃអាលុយមីញ៉ូមជម្រៅ។ ក្នុងពេលជាមួយគ្នានេះ លោកបានស្នើឱ្យអាជីវកម្មសាងសង់រោងចក្របៃតង និងឆ្លាតវៃស្របតាមស្តង់ដារអន្តរជាតិ។
រោងចក្រអេឡិចត្រូលីសអាលុយមីញ៉ូម ដាក់ ណុង គឺជាគម្រោងសាកល្បងដំបូងរបស់វៀតណាមសម្រាប់ផលិតលោហៈអាលុយមីញ៉ូម។ បន្ទាប់ពីការសាងសង់រយៈពេល ១១ ឆ្នាំ រោងចក្រនេះបានបញ្ចប់ដំណាក់កាលទី ១ ហើយបានចាប់ផ្តើមផលិតកម្មជាមួយនឹងសមត្ថភាពផលិតអាលុយមីញ៉ូមចំនួន ១៥០.០០០ តោនក្នុងមួយឆ្នាំ។ ដំណាក់កាលទី ២ ដែលមានសមត្ថភាពសរុប ៣០០.០០០ តោនក្នុងមួយឆ្នាំ ត្រូវបានរំពឹងថា នឹងចាប់ផ្តើមប្រតិបត្តិការនៅក្នុងត្រីមាសទី ៤ ឆ្នាំ ២០២៦ ហើយដំណាក់កាលទី ៣ ដែលមានសមត្ថភាពសរុប ៤៥០.០០០ តោនក្នុងមួយឆ្នាំ គ្រោងនឹងបញ្ចប់នៅក្នុងត្រីមាសទី ១ ឆ្នាំ ២០២៧៕
