នៅក្នុងជំនួបនេះ អនុប្រធានគណៈកម្មាធិការឃោសនាអប់រំមជ្ឈិម លោក Ngo Dong Hai បានអះអាងថា វៀតណាមផ្តោតលើការធានាសិទ្ធិទទួលបានព័ត៌មានដោយសមភាព ជំរុញការផ្លាស់ប្តូរឌីជីថលគ្រប់ជ្រុងជ្រោយ និងការពង្រីកហេដ្ឋារចនាសម្ព័ន្ធអ៊ីនធឺណិត ជាពិសេសនៅតំបន់ឆ្ងាយដាច់ស្រយាល ដើម្បីឱ្យប្រជាជនអាចទទួលបានអត្ថប្រយោជន៍ពីសមិទ្ធផលនៃវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។ លោកក៏បានស្នើឱ្យពង្រឹងកិច្ចសហប្រតិបត្តិការ ចែករំលែកបទពិសោធន៍លើការធានាតម្លាភាព និងភាពអាចទុកចិត្តបាននៃព័ត៌មាន ការបង្រួមគម្លាតឌីជីថល ការគោរពភាពចម្រុះខាងវប្បធម៌ និងភាសាផងដែរ។
រីឯខ្លួនវិញ លោកស្រី Melissa Fleming បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផល និងការរួមចំណែករបស់វៀតណាមក្នុងការផ្លាស់ប្តូរឌីជីថល ការពង្រីកលទ្ធភាពទទួលបានព័ត៌មាន និងកិច្ចសហប្រតិបត្តិការអន្តរជាតិ រួមទាំងការចូលរួមយ៉ាងសកម្មនៅក្នុងគណៈកម្មាធិការព័ត៌មានរបស់អង្គការសហប្រជាជាតិ។ ក្នុងពេលជាមួយគ្នានេះ លោកស្រីមានបំណងចង់បន្តសហការជាមួយវៀតណាមដើម្បីជំរុញគោលដៅរួមក្នុងវិស័យព័ត៌មាន ទំនាក់ទំនង និងការអភិវឌ្ឍឌីជីថលប្រកបដោយបរិយាប័ន្ន និងចីរភាព៕
