ក្នុងជំនួបជាមួយឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិអូស្ត្រាលី លោក Richard Marles លោកនាយឧត្តមសេនីយ៍ Phan Van Giang បានស្នើឱ្យភាគីទាំងពីរបន្តសម្របសម្រួល អនុវត្តន៍ខ្លឹមសារសហប្រតិបត្តិការដែលបានព្រមព្រៀងគ្នា ដោយផ្តោតលើ៖ ការផ្លាស់ប្តូរគណៈប្រតិភូ កិច្ចសហប្រតិបត្តិការកងទ័ពជើងទឹក ការស្វែងរកនិងជួយសង្គ្រោះ ការជំនះផលវិបាកក្រោយសង្គ្រាម និងការបន្តគាំទ្រគ្នាទៅវិញទៅមកនៅក្នុងវេទិកាពហុភាគីអន្តរជាតិ និងតំបន់ ជាដើម។ លោកនាយឧត្តមសេនីយ៍ក៏បានស្នើឱ្យអូស្ត្រាលីចែករំលែកបទពិសោធន៍ក្នុងការស្វែងរក ការប្រមូល និងការកំណត់អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនពលីផងដែរ។

ជួបជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុន លោក Koizumi Shinjiro ភាគីទាំងពីរបានឯកភាពគ្នាបន្តនាំកិច្ចសហប្រតិបត្តិការការពារជាតិឲ្យកាន់តែស៊ីជម្រៅ ស្របតាមភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-ជប៉ុន; ព្រមទាំងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការការពារជាតិអាស៊ាន-ជប៉ុន ក្នុងការបណ្តុះបណ្តាល សន្តិសុខតាមអ៊ីនធឺណិត និងការលើកកំពស់សមត្ថភាព។

នៅក្នុងជំនួបជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិហ្វីលីពីន លោក Gilberto Teodoro ភាគីទាំងពីរបានបញ្ជាក់ថា កិច្ចសហប្រតិបត្តិការការពារជាតិ បន្តជាខ្លឹមសារដ៏សំខាន់មួយនៃទំនាក់ទំនងទ្វេភាគី ជាពិសេសនៅក្នុងឆ្នាំដែលប្រារព្ធខួប ៥០ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូត។ ភាគីទាំងពីរបានព្រមព្រៀងគ្នាលើកកម្ពស់កិច្ចសហប្រតិបត្តិការលើសន្តិសុខ សុវត្ថិភាពនាវាចរណ៍ ការស្វែងរកនិងជួយសង្គ្រោះ ឧស្សាហកម្មការពារជាតិ វេជ្ជសាស្ត្រយោធា សន្តិសុខតាមអ៊ីនធឺណិត និងការបណ្តុះបណ្តាលធនធានមនុស្ស។

នៅថ្ងៃដដែល លោកនាយឧត្តមសេនីយ៍ Phan Van Giang ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម ក៏បានជួបទ្វេភាគីជាមួយរដ្ឋមន្ត្រីក្រសួងសង្គ្រាមសហរដ្ឋអាមេរិក លោក Pete Hegseth ផងដែរ។ ភាគីទាំងពីរបានឯកភាពគ្នាបន្តសម្របសម្រួល ជំរុញកិច្ចសហប្រតិបត្តិការការពារជាតិទ្វេភាគីដោយផ្អែកលើតម្រូវការ សមត្ថភាព និងផលប្រយោជន៍របស់ភាគីទាំងពីរ ដែលរួមចំណែកដល់សន្តិភាព ស្ថិរភាព ការអភិវឌ្ឍនៅក្នុងតំបន់ និងពិភពលោក៕