នា​រសៀលថ្ងៃទី ២៤ ខែសីហា នៅទីស្នាក់ការរដ្ឋាភិបាល ថ្លែងនៅក្នុងកិច្ចប្រជុំជាមួយលោក Sanjay Wijesekera នាយកមូលនិធិកុមារនៃអង្គការសហប្រជាជាតិ (UNICEF) ប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ឧបនាយករដ្ឋមន្ត្រីវៀតណាម លោកស្រី ផាម ធីថាញ់ត្រា បានបញ្ជាក់ថា វៀតណាមតែងតែចាត់ទុកការការពារ និងការថែទាំកុមារជា​អាទិភាពចម្បង ដោយចាត់ទុកការវិនិយោគលើកុមារគឺជាការវិនិយោគនាពេលអនាគតរបស់ប្រទេសជាតិ និងជាមូលដ្ឋានគ្រឹះ​សំខាន់សម្រាប់សម្រេចបាន​នូវ​គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។ ជាពិសេស វៀតណាមបាន​កំណត់ការការពារកុ​មា​រនៅ​ក្នុងបរិយាកាសឌីជីថល គឺ​ជាភារកិច្ចសំខាន់នៅក្នុងបរិបទនៃការផ្លាស់ប្តូរឌីជីថល។

លោក Sanjay Wijesekera បានសម្តែងការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះសមិទ្ធផលដែលវៀតណាមសម្រេចបានក្នុងវិស័យសិទ្ធិកុមារ និងបានសម្តែងពី​បំណងចង់បន្តកិច្ច​ស​ហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយវៀតណាមក្នុងការដោះស្រាយបញ្ហាប្រឈមដែលយុវវ័យកំពុងជួបប្រទះក្នុងយុគសម័យឌីជីថល។

លោកស្រីឧបនាយករដ្ឋមន្ត្រី ផាម ធីថាញ់ត្រា បានស្នើឱ្យ UNICEF សម្របសម្រួល​ជាមួយវៀតណាមក្នុងការអភិវឌ្ឍដំណោះស្រាយដើម្បីឆ្លៀត​យកឱកា​សបច្ចេកវិទ្យា និង​ការពារផលប៉ះពាល់អវិជ្ជមានលើសុខភាពផ្លូវចិត្ត អាហារូបត្ថម្ភ បញ្ញា និងការអភិវឌ្ឍ​ទូទៅរបស់កុមារ។ លោកស្រីឧបនាយករដ្ឋមន្ត្រីក៏បានសម្តែងក្តីសង្ឃឹមថា UNICEF នឹងចែករំលែកបទពិសោធន៍ បច្ចេកទេស និងធនធានរបស់ខ្លួន ដើម្បីជួយវៀតណាមលើកកម្ពស់សមត្ថភាពអភិបាលកិច្ច តាមនោះ លើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការការពារ ការថែទាំ និងការអប់រំកុមារ៕​