នៅក្នុង​ជំនួបនេះ លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង បានសង្កត់ធ្ងន់ថា វៀតណាម​កំពុង​ជំរុញរបកគំហើញយុទ្ធសាស្ត្រ ដោយឆ្ពោះទៅរកគោលដៅកំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាព។ ដើម្បីសម្រេចបាននូវ​គោលដៅនេះ វៀតណាមកំពុងផ្តោតលើកំណែទម្រង់ស្ថាប័ន ការអនុវត្តស្តង់ដារអន្តរជាតិ ការការពារសិទ្ធិស្របច្បាប់របស់វិនិយោគិន កែលម្អហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន កំពង់ផែ អាកាសយានដ្ឋាន ថាមពល និងការអភិវឌ្ឍធនធានមនុស្សដែលមានគុណភាពខ្ពស់​។ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យ WEF បន្តរួម​ដំណើរ និង​ដើរតួជាស្ពាន​ដើម្បីគាំទ្រដល់ការចែករំលែកចំណេះដឹង ការផ្ទេរបច្ចេកវិទ្យា ការទាក់ទាញដើមទុន និងការតភ្ជាប់សាជីវកម្មអន្តរជាតិជាមួយសហគមន៍ធុរកិច្ចវៀតណាម។ ដោយសម្លឹងមើលទៅឆ្នាំ APEC ២០២៧ លោកនាយករដ្ឋមន្ត្រីបានបង្ហាញពីបំណងចង់ភាគីទាំងពីរសម្របសម្រួលយ៉ាងជិតស្និទ្ធ ដើម្បីលើកកម្ពស់វេទិកាផ្លាស់ប្តូរគោលនយោបាយ និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច។

រីឯខ្លួន​វិញ លោក Stephan Mergenthaler នាយកប្រតិបត្តិ WEF បានបញ្ជាក់ថា WEF មាន​បំណងចង់ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយវៀតណាម។ ជាពិសេស ដោយ​សម្លឹងឆ្ពោះទៅឆ្នាំ ២០២៧ នៅពេលដែលវៀតណាមធ្វើជាម្ចាស់ផ្ទះនៃឆ្នាំ APEC ២០២៧ WEF បានត្រៀមខ្លួនជាស្រេចដើម្បីបង្កើតយន្តការសហប្រតិបត្តិការយ៉ាងជិតស្និទ្ធនៅកម្រិតខ្ពស់បំផុត ដើម្បីជំរុញការចូលរួមពីវិស័យឯកជន និងសហគមន៍អន្តរជាតិក្នុងការគាំទ្រអាទិភាពរបស់វៀតណាម៕​