នៅក្នុងពិធីបើកយុទ្ធនាការ "ដើម្បីជនក្រីក្រ" ឆ្នាំ២០២៦ ដែលបានប្រារព្ធឡើងនាយប់ថ្ងៃទី ១៧ ខែតុលា នៅទីក្រុងហាណូយ ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម លោកស្រី ប៊ូយ ធី មិញ ហ័យ បានសង្កត់ធ្ងន់ថា បក្សនិងរដ្ឋវៀតណាមតែងតែយកចិត្តទុកដាក់ជាពិសេសចំពោះការថែទាំដល់ជីវភាពរស់នៅរបស់ប្រជាជន ធានាវឌ្ឍនភាពនិងយុត្តិធម៌សង្គម ជាពិសេសសម្រាប់ជនក្រីក្រនិងងាយរងគ្រោះ ដើម្បីកុំឱ្យនរណាម្នាក់ត្រូវទុកចោលពីក្រោយ។ ការថែទាំជនក្រីក្រ និងអ្នកដែលស្ថិតក្នុងស្ថានភាពលំបាកមិនត្រឹមតែជាទំនួលខុសត្រូវរបស់បក្ស រដ្ឋ និងប្រព័ន្ធនយោបាយទាំងមូលប៉ុណ្ណោះទេ ប៉ុន្តែក៏ជាសេចក្តីស្រឡាញ់ និងការទទួលខុសត្រូវរបស់ប្រជាពលរដ្ឋម្នាក់ៗ អង្គការនីមួយៗ និងអាជីវកម្មនីមួយៗចំពោះសហគមន៍ផងដែរ។ កិច្ចខិតខំប្រឹងប្រែងរួមគ្នានេះរួមចំណែកដល់ការពង្រឹងផែនមហាសាមគ្គីជនជាតិទាំងមូល បង្កើតកម្លាំងពលំសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពរបស់ប្រទេសជាតិ។ ដើម្បីបន្តពង្រីកសមិទ្ធផលទាំងនេះ លោកស្រី ប៊ូយ ធី មិញ ហ័យ បានស្នើឱ្យគ្រប់កម្រិត គ្រប់វិស័យ រណសិរ្សមាតុភូមិវៀតណាម និងអង្គការសមាជិក បន្តចលនាកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់សង្គមទាំងមូល ក្នុងការកាត់បន្ថយភាពក្រីក្រ និងធានាសន្តិសុខសង្គម ដោយផ្តោតលើការបង្កើតការងារ និងជីវភាពរស់នៅ ជួយជនក្រីក្រ រួចផុតពីភាពក្រីក្រប្រកបដោយចីរភាព។

“តាងនាមថ្នាក់ដឹកនាំបក្ស រដ្ឋ និងរណសិរ្សមាតុភូមិវៀតណាម ខ្ញុំសូមអំពាវនាវដល់ភ្នាក់ងារ អាជីវកម្ម សប្បុរសជន ជនរួមជាតិទាំងក្នុងនិងក្រៅប្រទេស បន្តរក្សាប្រពៃណីសាមគ្គីភាព និងជំនួយទំនុកបម្រុងគ្នាទៅវិញទៅមក តាមរយៈសកម្មភាពជាក់ស្តែង ស្របតាមលក្ខខណ្ឌនិងសមត្ថភាពរបស់ខ្លួន ដោយរួមគ្នា ថែទាំ ជួយជនក្រីក្រ និងអ្នកដែលស្ថិតក្នុងស្ថានភាពលំបាក; ឆ្លើយតបយ៉ាងសកម្ម និងចូលរួមចំណែកដល់មូលនិធិ "ដើម្បីជនក្រីក្រ" គ្រប់កម្រិត និងកម្មវិធីសុខុមាលភាពសង្គម ដោយរណសិរ្សមាតុភូមិវៀតណាមបំផុសឡើង”។ នេះបើយោងតាមប្រសាសន៍របស់លោកស្រី ប៊ូយ ធិ មិញ ហា័យ។

នៅក្នុងពិធីនោះ អង្គការ អាជីវកម្ម និងសប្បុរសជនចំនួន ៣០ បានចុះឈ្មោះបរិច្ចាគប្រាក់ជាង ៣៦៦ ពាន់លានដុង (ជាង ១៤ លានដុល្លារអាមេរិក) ដើម្បីឆ្លើយតបទៅនឹងខែយុទ្ធនាការ "ដើម្បីជនក្រីក្រ" ក្នុងឆ្នាំ ២០២៦៕