ដោយមានប្រធានបទ “ទំនាក់ទំនងកិច្ចការបរទេសមូលដ្ឋាន - កម្លាំងចលករសម្រាប់នវានុវត្តន៍ និងកំណើនប្រកបដោយចីរភាព” សន្និសីទនេះផ្តោតលើការបញ្ជាក់ពីតួនាទីសកម្មរបស់អាជ្ញាធរមូលដ្ឋានក្នុងការអនុវត្តគោលនយោបាយការបរទេសជាតិ ខណៈពេលដែលក៏ស្វែងរកគំរូសហប្រតិបត្តិការជាក់ស្តែងដែលសមស្របទៅនឹងតម្រូវការ និងចំណុចខ្លាំងរបស់មូលដ្ឋាននីមួយៗ។
នៅក្នុងសុន្ទរកថាបើកសន្និសីទ លោក ង្វៀន ឡុក ហា អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ បានឲ្យដឹថា៖ "បណ្តាញទំនាក់ទំនងសហប្រតិបត្តិការមិត្តភាពដែលមានស្រាប់ជាមួយមូលដ្ឋានបរទេសចំនួន ៨៨និងអង្គការដៃគូអន្តរជាតិជិត ២០ ដែលមានស្រាប់ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ទីក្រុងហូជីមិញ ដើម្បីបន្តពង្រីកលំហសន្ទនារបស់ខ្លួន ពង្រឹងទំនាក់ទំនងជាមួយដៃគូយុទ្ធសាស្ត្រ និងចូលរួមយ៉ាងស៊ីជម្រៅនៅក្នុងបណ្តាញអភិវឌ្ឍន៍នវានុវត្តន៍សកល។ ទោះជាយ៉ាងណាក៏ដោយ តម្រូវការនៅក្នុងដំណាក់កាលថ្មីមិនត្រឹមតែពង្រីកទំនាក់ទំនងប៉ុណ្ណោះទេ ប៉ុន្តែសំខាន់ជាងនេះទៅទៀត គឺត្រូវកែលម្អគុណភាពនៃកិច្ចសហប្រតិបត្តិការ ដោយបំលែងទំនាក់ទំនងអន្តរជាតិទៅជាតម្លៃជាក់ស្តែងដែលបម្រើដល់ការអភិវឌ្ឍ"។
ក្នុងឱកាសចូលរួមសន្និសីទនេះ អនុរដ្ឋមន្ត្រីក្រសួងការបរទេស ង្វៀន ហ័ងឡុង បានវាយតម្លៃថា បញ្ហាស្នូលគឺបំលែងបណ្តាញភាពជាដៃគូមិត្តភាព និងទំនាក់ទំនងស៊ីជម្រៅទៅជាធនធានជាក់ស្តែង ឱកាស និងកម្លាំងជំរុញសម្រាប់ការអភិវឌ្ឍ។ នេះមិនត្រឹមតែជាតម្រូវការសម្រាប់ទីក្រុងហូជីមិញប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការយកចិត្តទុកដាក់រួមរបស់មូលដ្ឋានជាច្រើន នៅក្នុងប្រទេសវៀតណាម និងពិភពលោកក្នុងដំណើរការធ្វើសមាហរណកម្មស៊ីជម្រៅកាន់តែខ្លាំងឡើងផងដែរ។
សូមគូសបញ្ជាក់ថា កិច្ចសន្ទនាមិត្តភាពទីក្រុងហូជីមិញលើកទី ៣ ឆ្នាំ ២០២៦ បានធ្វើឡើងចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១២ ខែកញ្ញា នៅសង្កាត់វូងតាវ។ ព្រឹត្តិការណ៍នេះបានទាក់ទាញប្រតិភូក្នុងស្រុក និងអន្តរជាតិជិត ៥០០ នាក់ រួមទាំងតំណាងមកពីក្រសួង និងស្ថាប័នមជ្ឈិម គណៈប្រតិភូអន្តរជាតិចំនួន ៣៥ មកពីទ្វីបទាំងបួន ការិយាល័យកុងស៊ុល អ្នកជំនាញ និងសហគមន៍ធុរកិច្ច៕
