នេះគឺជាព្រឹត្តិការណ៍កិច្ចការបរទេសពហុភាគីកម្រិតមូលដ្ឋាន ដែលមានវិសាលភាពអន្តរជាតិ រៀបចំដោយគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានអំពីព្រឹត្តិការណ៍ ដែលធ្វើឡើងនាព្រឹកថ្ងៃទី ៤ ខែកញ្ញា លោក Pham Dut Diem នាយកមន្ទីរកិច្ចការបរទេសទីក្រុងហូជីមិញ បានឲ្យដឹងថា បន្ទាប់ពីការរៀបចំដោយជោគជ័យចំនួន ២ លើកក្នុងឆ្នាំ ២០២២ និង ២០២៤ រួចមក FD ២០២៦ ត្រូវបានគេរំពឹងថា នឹងប្រមូលផ្តុំប្រតិភូក្នុងស្រុក និងអន្តរជាតិជិត ៥០០ នាក់។ គិតត្រឹមថ្ងៃទី ៣ ខែកញ្ញា គណៈប្រតិភូក្នុងស្រុកនិងដៃគូអន្តរជាតិចំនួន ៣៦ បានបញ្ជាក់ពីការចូលរួម ដែលមកពីទ្វីបដូចជាអាស៊ី អឺរ៉ុប អាមេរិក និងអូសេអានី។ តួរលេខនេះបានបង្ហាញពីភាពទាក់ទាញ និងឋានៈអន្តរជាតិកាន់តែខ្លាំងឡើងនៃព្រឹត្តិការណ៍នេះ ព្រមទាំងក៏បញ្ជាក់ពីឋានៈនិងកិត្យានុភាពរបស់ទីក្រុងហូជីមិញនៅលើឆាកអន្តរជាតិផងដែរ។

ចំណុចលេចធ្លោនៃកម្មវិធីនេះ គឺសន្និសីទអភិបាលក្រុងដែលប្រារព្ធធ្វើឡើងនាព្រឹកថ្ងៃទី ១១ ខែកញ្ញា ដោយមានការចូលរួមពីថ្នាក់ដឹកនាំមកពីមូលដ្ឋានជាច្រើនទាំងក្នុងនិងក្រៅប្រទេស។ សន្និសីទនេះ នឹងពិភាក្សាអំពីតួនាទីម្ចាស់ការរបស់អាជ្ញាធរមូលដ្ឋានក្នុងគោលនយោបាយកិច្ចការបរទេសជាតិទាំងមូល ព្រមទាំងចែករំលែកបទពិសោធន៍ក្នុងការចូលរួមក្នុងបណ្តាញទីក្រុងអន្តរជាតិផងដែរ។ លោក Pham Dut Diem នាយកមន្ទីរកិច្ចការបរទេសទីក្រុងហូជីមិញ បានសង្កត់ធ្ងន់ថា៖

"ចំណុចលេចធ្លោនៃកម្មវិធីឆ្នាំនេះ គឺការពិភាក្សាអំពីលទ្ធភាពបង្កើតយន្តការពហុភាគីសម្រាប់ទីក្រុងហូជីមិញ។ នេះគឺជាយន្តការសហប្រតិបត្តិការពហុភាគីកម្រិតទីក្រុង សំដៅផ្លាស់ប្តូរបទពិសោធន៍ ចែករំលែកព័ត៌មាន និងសម្របសម្រួលដំណោះស្រាយបញ្ហាទូទៅទាក់ទងនឹងការអភិវឌ្ឍកំពង់ផែសមុទ្រ ដើម្បីជំរុញការតភ្ជាប់ភស្តុភារកម្ម ចែករំលែកបទពិសោធន៍អភិបាលកិច្ច និងអភិវឌ្ឍន៍ខ្សែសង្វាក់ផ្គត់ផ្គង់ប្រកបដោយចីរភាព បង្កើតសន្ទុះថ្មីសម្រាប់កិច្ចសហប្រតិបត្តិការពហុភាគីកម្រិតមូលដ្ឋាននៅដំណាក់កាលបន្ទាប់"៕