កាលពីរសៀលថ្ងៃទី ២៥ ខែសីហា នៅទីក្រុងហាណូយ សហភាពបណ្ដាអង្គការមិត្តភាពវៀតណាម និងក្រុមប្រឹក្សាប្រជាជនពិភពលោក បានធ្វើជាសហអធិបតីនៅពិធិបើកព្រឹត្តិការណ៍ «ទិវាក្រុមប្រឹក្សាប្រជាជនពិភពលោកនៅវៀតណាម» ក្រោមប្រធានបទ «តភ្ជាប់មនុស្សជាតិដើម្បីតម្លៃរួម ឆ្ពោះទៅរកអនាគតកាន់តែល្អប្រសើរ»។ នេះជាលើកដំបូងដែលព្រឹត្តិការណ៍ «ទិវាក្រុមប្រឹក្សាប្រជាជនពិភពលោក» ត្រូវបានធ្វើឡើងនៅវៀតណាម។

ថ្លែងសុន្ទរកថាបើក ប្រធានសហភាពបណ្ដាអង្គការមិត្តភាពវៀតណាម លោក ផាន អាញ សឺន បានសង្កត់ធ្ងន់ថា «ទិវាក្រុមប្រឹក្សាប្រជាជនពិភពលោក» មិនត្រឹមតែជាសកម្មភាពជួបប្រាស្រ័យមិត្តភាពប៉ុណ្ណោះទេ ថែមទាំងបានក្លាយជាយន្តការសម្រាប់ការសន្ទនា ការតភ្ជាប់ និងកិច្ចសហប្រតិបត្តិការជាប្រចាំ ជាក់ស្តែង និងមានប្រសិទ្ធភាពទៀតផង។ លោកក៏បានស្នើឱ្យក្រុមប្រឹក្សាប្រជាជនពិភពលោក និងអង្គការសមាជិកនានានៅតាមប្រទេសជាង ៦០ ពង្រីកធនធាននិងកិច្ចសហប្រតិបត្តិការជាមួយវៀតណាមក្នុងវិស័យអាទិភាពមួយចំនួន ដោយកសាងគម្រោងរួមដែលបង្កើតតម្លៃដ៏យូរអង្វែង។

ដោយមានបណ្តាញជាមួយនឹងដៃគូអន្តរជាតិជាង ៦០០ សហភាពបណ្ដាអង្គការមិត្តភាពវៀតណាមមានលក្ខខណ្ឌសម្របសម្រួលជាមួយក្រុមប្រឹក្សាប្រជាជនពិភពលោក ដើម្បីតភ្ជាប់បណ្ដាអង្គការសង្គម វិទ្យាស្ថានស្រាវជ្រាវ សាកលវិទ្យាល័យ អាជីវកម្ម អ្នកប្រាជ្ញ និងបញ្ញវន្ត។ កិច្ចសហប្រតិបត្តិការរវាងអង្គការទាំងពីរ បានរួមចំណែកដល់ការពង្រឹងមូលដ្ឋានគ្រឹះសង្គមនៃទំនាក់ទំនងវៀតណាម-សហព័ន្ធរុស្ស៊ី ព្រមទាំងពង្រីកទំនាក់ទំនងរវាងប្រជាជនវៀតណាម ជាមួយប្រជាជននៃប្រទេសដទៃទៀត៕