សម្រាប់វៀតណាម ចាប់តាំងពីចូលរួមជាមួយអាស៊ាន (២៨ កក្កដា ១៩៩៥) អាស៊ានគឺជាបណ្តាញដ៏មានប្រសិទ្ធភាពសម្រាប់វៀតណាមក្នុងការកៀរគរធនធានពីខាងក្រៅសម្រាប់ការវិនិយោគនិងការអភិវឌ្ឍ។ ការកសាងសហគមន៍អាស៊ានដែលមានសាមគ្គីភាព រឹងមាំ និងមានប្រសិទ្ធភាព គឺជាផលប្រយោជន៍ និងជាការទទួលខុសត្រូវរបស់ប្រទេសជាសមាជិក ដែលវៀតណាមតែងតែលើកតម្កើង។

ជាពិសេស កិច្ចព្រមព្រៀងក្របខ័ណ្ឌសេដ្ឋកិច្ចឌីជីថលអាស៊ាន (ASEAN The Digital Economy Framework Agreement (DEFA)) ដែលត្រូវបានរំពឹងថា នឹងចុះហត្ថលេខានៅចុងឆ្នាំនេះ (២០២៦) គឺជាកិច្ចព្រមព្រៀងតំបន់ដ៏ទូលំទូលាយដំបូងគេបង្អស់របស់ពិភពលោកស្តីពីសេដ្ឋកិច្ចឌីជីថល។ កិច្ចព្រមព្រៀងនេះ បើកទីផ្សារឌីជីថលអាស៊ានដែលបង្រួបបង្រួម លើកកម្ពស់ពាណិជ្ជកម្មអេឡិចត្រូនិក លំហូរទិន្នន័យដែលមានសុវត្ថិភាព និងការទូទាត់ឌីជីថល ដែលជួយសម្រួលដល់ការចូលរួមយ៉ាងស៊ីជម្រៅ និងទូលំទូលាយរបស់អាជីវកម្មនៅក្នុងសេដ្ឋកិច្ចឌីជីថលក្នុងតំបន់។ ការព្យាករណ៍បច្ចុប្បន្នប៉ាន់ប្រមាណថា សេដ្ឋកិច្ចឌីជីថលរបស់អាស៊ានអាចឈានដល់ ២ ពាន់ពាន់លានដុល្លារអាមេរិកនៅឆ្នាំ ២០៣០ ហើយសក្តានុពលនេះគឺធំធេងណាស់សម្រាប់ប្រទេសវៀតណាម។

ដោយធ្វើអត្ថាធិប្បាយលើបញ្ហានេះ លោក ង្វៀន អាញ ឌឹក ទីប្រឹក្សា និងជាប្រធានការិយាល័យតំណាងសេដ្ឋកិច្ចអចិន្ត្រៃយ៍របស់វៀតណាមប្រចាំអាស៊ាន បានសង្កត់ធ្ងន់ថា៖ “វៀតណាមត្រូវម្ចាស់ការរៀបចំ សម្រាប់ការអនុវត្តកិច្ចព្រមព្រៀង DEFA បន្ទាប់ពីការចុះហត្ថលេខារបស់ខ្លួន ដោយទាញយកអត្ថប្រយោជន៍ពីកម្មវិធីសហប្រតិបត្តិការលើ AI ទិន្នន័យ ពាណិជ្ជកម្មអេឡិចត្រូនិក ការទូទាត់ឌីជីថល និងសហគ្រាសឌីជីថល ដើម្បីលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលក្នុងស្រុក ខណៈពេលដែលបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់អាជីវកម្មវៀតណាមចូលរួមកាន់តែស៊ីជម្រៅនៅក្នុងទីផ្សារឌីជីថលអាស៊ាន។ ប្រការនេះជួយវៀតណាមឆ្លៀតប្រសិទ្ធភាពនៃអត្ថប្រយោជន៍ពីធនធានហិរញ្ញវត្ថុ ការគាំទ្របច្ចេកទេស និងការផ្ទេរបច្ចេកវិទ្យាពីដៃគូបានកាន់តែមានប្រសិទ្ធភាព ខណៈពេលដែលបង្កើនតួនាទីនាំមុខគេរបស់វៀតណាមនៅក្នុងដំណើរការសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន”៕