ព្រឹត្តិការណ៍នេះ ដោយសហភាពសហព័ន្ធពលកម្មវៀតណាមរៀបចំឡើងតាមទម្រង់ទាំងផ្ទាល់ និងតាមអ៊ីនធឺណិត ដោយតភ្ជាប់ជាមួយទីតាំងចំនួន ៥១ ទូទាំងប្រទេស ដោយមានពលករជាង ២០.០០០នាក់ចូលរួម។
ចលនានេះមានគោលបំណងបំផុសស្មារតីជំនះការលំបាក កម្លាំងពលកម្មច្នៃប្រឌិត លើកកំពស់ផលិតភាព និងបង្កើនប្រាក់ចំណូលសម្រាប់ពលករ។ តាមនោះ រួមចំណែកដល់គោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ក្នុងនោះមានកំណើនសេដ្ឋកិច្ចលើសពី ១០%។
អញ្ជើញថ្លែងនៅក្នុងពិធីបំផុស អនុប្រធានរដ្ឋ លោកស្រី វ៉ ធិ អាញ់សួន បានមានប្រសាសន៍ ថា ផលិតភាពការងារក្នុងដំណាក់កាល២០២១-២០២៥ ត្រូវបានព្យាករថា នឹងកើនឡើងជាមធ្យម ៥,៣% ក្នុងមួយឆ្នាំ ប៉ុន្តែនៅតែមានគម្លាតគួរឱ្យកត់សម្គាល់ បើប្រៀបធៀបទៅ នឹងប្រទេសជាច្រើននៅក្នុងតំបន់។ នៅក្នុងដំណាក់កាលថ្មីនេះ ការកសាងកម្លាំងពលកម្មទំនើបដែលមានចំណេះដឹង ជំនាញ មានក្រមសីលធម៌ការងារឧស្សាហកម្ម និងបំណងប្រាថ្នាចង់ចូលរួមចំណែក គឺជាកិច្ចការដ៏សំខាន់ជាយុទ្ធសាស្ត្រ។
យោងតាមលោកស្រីអនុប្រធានរដ្ឋ ចលនាប្រឡងប្រណាំង "ពលកម្មពូកែ ផលិតភាពខ្ពស់ ប្រាក់ចំណូលល្អ" ត្រូវតែមានគោលបំណង "កសាងវណ្ណៈពលករវៀតណាមទំនើប ខ្លាំងក្លា ដែលសក្តិសមជាកម្លាំងនាំមុខគេក្នុងឧស្សាហូបនីយកម្ម និងទំនើបកម្មរបស់ប្រទេស"។ បំផុសឡើងយ៉ាងខ្លាំងនូវស្មារតីនៃការច្នៃប្រឌិត អនុវត្តវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការផ្លាស់ប្តូរឌីជីថលក្នុងកម្លាំងពលកម្ម និងផលិតកម្ម។
នៅក្នុងពិធីនេះ សហភាពសហព័ន្ធពលកម្មវៀតណាមបានប្រគល់ប័ណ្ណពលកម្មច្នៃប្រឌិតសម្រាប់ពលករនិយោជិតជាច្រើននាក់ ដែលជាការលើកតម្កើងដល់ស្មារតីនៃកម្លាំងពលកម្មច្នៃប្រឌិត និងបញ្ជាក់ពីតម្លៃនៃចំណេះដឹង ជំនាញ និងការរួមចំណែករបស់កម្មករក្នុងយុគសម័យថ្មី៕
