នៅទីនេះ អគ្គលេខាបក្ស ប្រធានរដ្ឋលោក តូ ឡឹម បានលើកច្បាស់ថា ការចូលរួម UNGA ៨១ ក្រោមប្រធានបទ "ស្តារទំនុកចិត្ត អភិបាលកិច្ចការផ្លាស់ប្តូរ៖ អង្គការសហប្រជាជាតិមួយដែលនាំមកលទ្ធផលសម្រាប់ទាំងអស់គ្នា" វៀតណាមមិនត្រឹមតែចង់ពង្រឹងទំនុកចិត្តក្នុងចំណោមប្រជាជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចង់ចូលរួមក្នុងការសន្ទនា បង្រួបបង្រួមសកម្មភាពសម្រាប់សណ្តាប់ធ្នាប់ពិភពលោកដ៏យុត្តិធម៌ និងមនុស្សធម៌ក្នុងសន្តិភាព និងកិច្ចសហប្រតិបត្តិការ។ អាទិភាពចម្បងរបស់វៀតណាមគឺស្តារ និងពង្រឹងទំនុកចិត្តដោយផ្អែកលើការគោរពធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ។ វៀតណាមប្រកាន់ខ្ជាប់ខ្ជួនគោលមាគ៌ាឯករាជ្យ ខ្លួនទីពឹងខ្លួន និងស្វ័យភាពជាយុទ្ធសាស្ត្រ; បង្កើតគំរូអភិវឌ្ឍន៍ថ្មីដោយផ្អែកលើវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ ការផ្លាស់ប្តូរឌីជីថល និងធនធានមនុស្សដែលមានគុណភាពខ្ពស់។ ឈរលើមូលដ្ឋាននេះ វៀតណាមបានត្រៀមខ្លួនរួចជាស្រេចដើម្បីចូលដល់ដំណាក់កាលថ្មីមួយនៃការចូលរួមចំណែក មិនត្រឹមតែអនុវត្តន៍ការប្តេជ្ញាចិត្តប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតដំណោះស្រាយប្រកបដោយភាពសកម្ម ព្រមទាំងជាសមាជិកដែលមានទំនួលខុសត្រូវចំពោះសន្តិភាព ការអភិវឌ្ឍប្រកបដោយចីរភាព ការសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ និងការបង្កើតអភិបាលកិច្ចបច្ចេកវិទ្យាថ្មី។
ទាក់ទងនឹងទំនាក់ទំនងវៀតណាម-អាមេរិក អគ្គលេខាបក្ស ប្រធានរដ្ឋបានសង្កត់ធ្ងន់ថា ប្រទេសទាំងពីរបានកំណត់យ៉ាងច្បាស់នូវផលប្រយោជន៍ជាយុទ្ធសាស្ត្ររយៈពេលវែងក្នុងការរក្សាទំនាក់ទំនងដែលមានស្ថិរភាព ជាក់ស្តែង មានតុល្យភាព និងប្រកបដោយចីរភាព។ វៀតណាមចាត់ទុកសហរដ្ឋអាមេរិកជាដៃគូយុទ្ធសាស្ត្រកំពូលមួយរបស់ខ្លួន។ សហរដ្ឋ អាមេរិកបន្តបញ្ជាក់ពីការគាំទ្ររបស់ខ្លួនចំពោះប្រទេសវៀតណាមខ្លាំងមាំមួន ឯករាជ្យ ខ្លួនទីពឹងខ្លួន និងវិបុលភាព។ នេះគឺជាមូលដ្ឋានគ្រឹះដ៏សំខាន់មួយសម្រាប់ប្រទេសទាំងពីរក្នុងការបន្តពង្រឹងទំនុកចិត្តនយោបាយ និងលើកកម្ពស់ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដល់កម្រិតថ្មីមួយ។ ជាមួយនឹងមូលដ្ឋានគ្រឹះនៃទំនុកចិត្តនយោបាយដែលបានសាង សង់រួចហើយ ផលប្រយោជន៍ជាយុទ្ធសាស្ត្រដែលជាប់ទាក់ទងគ្នាកាន់តែខ្លាំងឡើង និងការប្តេជ្ញាចិត្តរបស់មេដឹកនាំនៃប្រទេសទាំងពីរ ទំនាក់ទំនងវៀតណាម-អាមេរិកនឹងបន្តអភិវឌ្ឍប្រកបដោយស្ថិរភាព ជាក់ស្តែង មានប្រសិទ្ធភាព និងប្រកបដោយចីរភាព។
ទាក់ទងនឹងអាទិភាពគោលនយោបាយកិច្ចការបរទេសរបស់វៀតណាម អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹមបានសង្កត់ធ្ងន់ថា វៀតណាមកំណត់អាទិភាពគោលនយោបាយកិច្ចការបរទេសរបស់ខ្លួនដោយផ្អែកលើផលប្រយោជន៍ជាតិ និងតម្រូវការអភិវឌ្ឍន៍របស់ប្រទេសជាតិ ដោយផ្សាភ្ជាប់យ៉ាងសុខដុមរមនាជាមួយនឹងសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់ និងពិភពលោក។ វៀតណាមមានបំណងជំរុញទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការស្មើភាពគ្នា និងផ្តល់ផលប្រយោជន៍ទៅវិញទៅមកជាមួយដៃគូរបស់ខ្លួន ខណៈពេលដែល រួមចំណែកជាក់ស្តែងកាន់តែខ្លាំងឡើងចំពោះការងាររួមរបស់ សហគមន៍អន្តរជាតិ។
អគ្គលេខាបក្ស ប្រធានរដ្ឋលោកតូ ឡឹម ក៏បានបញ្ជាក់ផងដែរថា គោលដៅនៃអត្រាកំណើនផលិតផលក្នុងស្រុកសរុប (GDP) ជាមធ្យមប្រចាំឆ្នាំលើសពី ១០% ក្នុងដំណាក់កាល ២០២៦-២០៣០ ត្រូវបានវៀតណាមស្រាវជ្រាវ និងកំណត់យ៉ាងច្បាស់លាស់ ដែលឆ្លុះបញ្ចាំងពីចក្ខុវិស័យអភិវឌ្ឍន៍រយៈពេលវែង និងការវាយតម្លៃដោយប្រុងប្រយ័ត្ននៃបរិបទអន្តរជាតិ។ ដោយមានមូលដ្ឋានគ្រឹះនៃទិសដៅយុទ្ធសាស្ត្រច្បាស់លាស់ ឯកភាព និងឆន្ទៈរបស់ប្រទេសទាំងមូល វៀតណាមមានទំនុកចិត្តថា ខ្លួននឹងសម្រេចបាននូវគោលដៅកំណើនដែលបានដាក់ចេញ ធ្វើឱ្យសេចក្តីប្រាថ្នាសម្រាប់ការអភិវឌ្ឍដ៏រុងរឿងរបស់ប្រជាជាតិវៀតណាមក្លាយជាការពិត៕
