អគ្គលេខានៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម នាយករដ្ឋមន្ត្រី លោក ឡេ មិញហ៊ឹង ប្រធានរដ្ឋសភា លោក ជិន ថាញ់មិន និងសមាជិកអចិន្ត្រៃយ៍នៃគណៈលេខាលោក ជិន គឹមទូ បានអញ្ជើញចូលរួមសន្និបាត។ សន្និសីទត្រូវបានភ្ជាប់ទៅកាន់ទីតាំងសាលប្រជុំជាង ៣៥ ពាន់កន្លែង ដែលមានតំណាងចូលរួមជាង ៣,៧ លាននាក់។
អញ្ជើញចូលរួមនិងថ្លែងសុន្ទរកថាដឹកនាំនៅសន្និបាត លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានសង្កត់ធ្ងន់ថា សន្និបាតនេះមិនត្រឹមតែអំពីការជ្រួតជ្រាបនូវសេចក្តីសម្រេចចិត្តចំនួន ៥ និងសារាចរណ៍ ១ របស់ការិយាល័យនយោបាយប៉ុណ្ណោះទេ ថែមទាំងបើកចេញដំណាក់កាលដ៏សំខាន់បំផុតដែលជាការរៀបចំការអនុវត្តទៀតផង។ តម្លៃនៃឯកសារត្រូវតែឆ្លុះបញ្ចាំងនៅក្នុងសមត្ថភាពក្នុងការដោះស្រាយបញ្ហាជាក់ស្តែង និងបង្កើតការផ្លាស់ប្តូរដែលប្រជាជនអាចទទួលបាន។
ទាក់ទងនឹងការរៀបចំការអនុវត្ត លោកអគ្គលេខាបក្ស ប្រធានរដ្ឋ បានស្នើថា ត្រូវធ្វើឲ្យសុក្រិតស្ថាប័ន កំណត់សមត្ថកិច្ច ធានាធនធាន និងគ្រប់គ្រងហានិភ័យ។ ជាមួយគ្នានោះ ចាំបាច់ត្រូវបង្កើតការផ្លាស់ប្តូរជាក់ស្ដែងក្នុងការងារកម្មាភិបាល ស្មារតីត្រួសត្រាយផ្លូវ ការទទួលខុសត្រូវធ្វើជាគំរូ និងវប្បធម៌នៃការអនុវត្ត ដោយចាត់ទុកនេះជាដំណាក់កាលដ៏សំខាន់បំផុតដើម្បីនាំយកសេចក្ដីសម្រេចចិត្តនិងសារាចរណ៍ចូលទៅក្នុងជីវភាព។
“ចំណុចថ្មីនៃសារាចរណ៍លេខ ០៧ គឺការផ្លាស់ប្តូរយ៉ាងខ្លាំងឆ្ពោះទៅរកការអនុវត្តជាក់ស្ដែងជាប្រចាំ ដោយសង្កត់ធ្ងន់លើវិធីសាស្ត្រហូជីមិញ៖ ច្បាមជាប់និងស្រាវជ្រាវយ៉ាងហ្មត់ចត់អំពីការពិតជាក់ស្តែងមុនពេលធ្វើការសម្រេចចិត្ត; ជ្រើសរើសការងារសំខាន់ឲ្យបានត្រឹមត្រូវ; ធ្វើការតាមបែបប្រជាធិបតេយ្យ វិទ្យាសាស្ត្រ; ពឹងផ្អែកលើប្រជាជន ស្តាប់ប្រជាជន និងស្ថិតនៅក្រោមការត្រួតពិនិត្យរបស់ប្រជាជន។ វិធីសាស្ត្រនោះត្រូវតែក្លាយជាសមត្ថភាពការងារសាធារណៈជាប្រចាំថ្ងៃ ក្លាយជាវប្បធម៌ភាពជាអ្នកដឹកនាំ វប្បធម៌សេវាសាធារណៈ និងវប្បធម៌ប្រព្រឹត្តរបស់កម្មាភិបាល និងបក្ខជន”។
លោកអគ្គលេខាបក្ស ប្រធានរដ្ឋ បានសង្កត់ធ្ងន់ថា ចាំបាច់ត្រូវរៀបចំឡើងវិញនូវលំហនិងធនធានអភិវឌ្ឍន៍ ស្របតាមផលប្រយោជន៍ជាតិទាំងមូល; ផ្សារភ្ជាប់ការអភិវឌ្ឍតំបន់ និងការអភិវឌ្ឍទេសចរណ៍ជាមួយនឹងការពង្រីកធនធានរបស់ជនវៀតណាមនៅបរទេស។
“ការអភិវឌ្ឍតំបន់គឺជាវិធីសាស្ត្ររៀបចំកំណើនជាតិ មិនមែនជាការបូកផែនការមូលដ្ឋានជាមួយគ្នានោះទេ។ ត្រូវតែផ្លាស់ប្តូរពីលំហរដ្ឋបាលទៅជាលំហអភិវឌ្ឍន៍ពហុស្រទាប់ ពហុប៉ូល ដោយផ្អែកលើមុខងារ ប្រៀបខ្លាំង និងខ្សែសង្វាក់តម្លៃ; តភ្ជាប់ដីគោក តំបន់សមុទ្រ តំបន់អាកាស លំហក្រោមដី លំហឌីជីថល និងលំហអភិវឌ្ឍន៍ថ្មីៗ។ ការអភិវឌ្ឍទេសចរណ៍ត្រូវតែដាក់នៅក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ និងលំហសេដ្ឋកិច្ចក្នុងតំបន់ ដោយក្លាយជាកម្លាំងចលករថ្មីសម្រាប់កំណើន ហើយបង្កើនអំណាចទន់។ ផ្លាស់ប្តូរយ៉ាងខ្លាំងពីបរិមាណទៅជាគុណភាព តម្លៃបន្ថែម និងសមត្ថភាពប្រកួតប្រជែង; យកវប្បធម៌ អត្តសញ្ញាណ និងបទពិសោធន៍ធ្វើជាប្រៀបខ្លាំង; យកវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ ការផ្លាស់ប្តូរឌីជីថល និងការផ្លាស់ប្តូរបៃតងធ្វើជាកម្លាំងចលករ”។
លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានបញ្ជាក់ថា ឯកសារទាំង ៦ នេះ សុទ្ធតែឆ្ពោះទៅការលើកកំពស់សមត្ថភាពក្នុងការដឹកនាំ កាន់អំណាច និងកម្លាំងប្រយុទ្ធរបស់បក្ស; កសាងជួរកម្មាភិបាលត្រួសត្រាយផ្លូវ គំរូ ហ៊ានទទួលខុសត្រូវ; ធានាអភិបាលកិច្ចរលូន; រៀបចំលំហអភិវឌ្ឍន៍ឡើងវិញ; នាំទេសចរណ៍ក្លាយជាកម្លាំងចលករសម្រាប់កំណើន និងពង្រីកធនធានជាតិទាំងអស់។ ឯកសារនីមួយៗត្រូវតែក្លាយទៅជាការងារជាក់ស្តែង ដោយមានអ្នកទទួលខុសត្រូវ និងត្រូវបានផ្ទៀងផ្ទាត់ដោយលទ្ធផល; ជាទីបំផុត ត្រូវតែធ្វើឱ្យប្រទេសកាន់តែរីកចម្រើន ប្រជាជនរស់នៅកាន់តែប្រសើរឡើង និងជំនឿជាក់កាន់តែរឹងមាំ៕
ឯកសារដែលត្រូវបានបានស្រាវជ្រាវនិងជ្រួតជ្រាបនៅក្នុងសន្និបាតរួមមាន៖
- សារាចរណ៍លេខ ០៧-CT/TW ចុះថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ ២០២៦ ស្តីពី "ការជំរុញខ្លាំងនូវការសិក្សានិងការអនុវត្តសតិអារម្មណ៍ សីលធម៌ វិធីសាស្រ្ត និងរចនាប័ទ្មហូជីមិញនៅក្នុងដំណាក់កាលអភិវឌ្ឍន៍ថ្មី"។
- សេចក្តីសម្រេចចិត្តលេខ ២៣-NQ/TW ចុះថ្ងៃទី ២ ខែសីហា ឆ្នាំ ២០២៦ ស្តីពី "ការងារទាក់ទងនឹងជនជាតិវៀតណាមនៅបរទេស"។
- សេចក្តីសម្រេចលេខ ២៥-NQ/TW ចុះថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២៦ ស្តីពី “យុទ្ធសាស្ត្រការងារសតិអារម្មណ៍ក្នុងបរិបទថ្មី”;
- សេចក្តីសម្រេចចិត្តលេខ ២៤-NQ/TW ចុះថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២៦ ស្តីពី “ពង្រីកការត្រួសត្រាយផ្លូវ ការប្រព្រឹត្តដ៏គំរូ ស្មារតីនវានុវត្តន៍ ហ៊ានគិត ហ៊ានធ្វើ និងហ៊ានទទួលខុសត្រូវរបស់ជួរកម្មាភិបាល និងបក្ខជនក្នុងយុគសម័យថ្មី”;
- សេចក្តីសម្រេចចិត្តលេខ ២៦-NQ/TW ចុះថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២៦ ស្តីពី “ការអភិវឌ្ឍទេសចរណ៍វៀតណាមទៅជាវិស័យសេដ្ឋកិច្ចមុខព្រួញក្នុងយុគសម័យថ្មី”;
- សេចក្តីសម្រេចចិត្តលេខ ២៧-NQ/TW ចុះថ្ងៃទី ២៨ ខែសីហា ឆ្នាំ ២០២៦ ស្តីពី “ការអភិវឌ្ឍតំបន់ និងការរៀបចំលំហអភិវឌ្ឍន៍ជាតិក្នុងយុគសម័យថ្មី”។
