យោងតាមលោករដ្ឋមន្ត្រី ឡេ ហ័យ ជុង ក្រៅពីការបង្កើនការយោគយល់គ្នាទៅវិញទៅមក និងពង្រឹងទំនាក់ទំនងនយោបាយ ថ្នាក់ដឹកនាំជាន់ខ្ពស់នៃ វៀតណាម រុស្ស៊ី និងបារាំង បានឈានដល់ការឯកភាពគ្នាកម្រិតខ្ពស់ និងបានចូលរួមក្នុងការពិភាក្សាស៊ីជម្រៅអំពីរបៀបអនុវត្តកិច្ចព្រមព្រៀងដែលសម្រេចបានក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ការអប់រំ និងបណ្តុះបណ្តាលជាដើម តាមនោះបើកផ្លូវថ្មីនៃកិច្ចសហប្រតិបត្តិការក្នុងវិស័យទាំងនេះ។

ដើម្បីអនុវត្តលទ្ធផលដែលសម្រេចបានតាមរយៈដំណើរទស្សនកិច្ចនេះប្រកបដោយប្រសិទ្ធ ភាព នាពេលខាងមុខ វៀតណាម និងបណ្តាដៃគូ នឹងបន្តអនុវត្តន៍ជាក់ស្តែងតាមរយៈកិច្ចព្រមព្រៀងកម្រិតខ្ពស់ក្លាយជាកម្មវិធី ផែនការ និងគម្រោង; បង្កើនការពិនិត្យឡើងវិញជាប្រចាំ ដោះស្រាយការលំបាកជាបន្ទាន់ តាមដានយ៉ាងដិតដល់នូវការអនុវត្តកិច្ចព្រមព្រៀងកម្រិតខ្ពស់ បន្តសម្របសម្រួលដើម្បីកែលម្អ និងធ្វើឱ្យប្រសើរឡើងនូវក្របខ័ណ្ឌច្បាប់ និងសម្រួលដល់គម្រោងសហប្រតិបត្តិការសំខាន់ៗ ក្នុងវិស័យយុទ្ធសាស្ត្រ; ផ្តល់អាទិភាពដល់ការអនុវត្តគម្រោងយុទ្ធសាស្ត្រ និងនិមិត្តរូប។

ក្នុងពេលជាមួយគ្នានេះ បង្កើនការសម្របសម្រួលនៅបណ្តាវេទិកាអន្តរជាតិ និងតំបន់។ ក្នុងនាមជាសមាជិកនៃគណៈកម្មការអង្គការសហប្រជាជាតិស្តីពីការប្រើប្រាស់លំហអាកាសដោយសន្តិវិធី (COPUOS) វៀតណាមមានបំណងបង្កើនកិច្ចសហប្រតិបត្តិការជាមួយរដ្ឋជាសមាជិក រួមទាំងរុស្ស៊ីនិងបារាំង ក្នុងវិស័យលំហអាកាស ដោយរួមចំណែកដល់ការលើកកម្ពស់ការប្រើប្រាស់លំហអាកាសដោយគោលដៅសន្តិភាព សម្រាប់បម្រើការអភិវឌ្ឍប្រកបដោយចីរភាព៕