លោកនាយឧត្តមសេនីយ៍ ផាន់ វ៉ាន់យ៉ាង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារប្រទេស បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃក្រសួងការពារប្រទេសវៀតណាម ដើម្បីចូលរួមវេទិកា ហើយបានថ្លែងសុន្ទរកថាសំខាន់មួយនៅក្នុងសម័យប្រជុំពេញអង្គលើកទី១ ក្រោមប្រធានបទ "សណ្តាប់ធ្នាប់អន្តរជាតិ និងស្ថិរភាពយុទ្ធសាស្ត្រ"។
នៅក្នុងសុន្ទរកថា លោកនាយឧត្តមសេនីយ៍ ផាន់ វ៉ាន់យ៉ាង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារប្រទេស បានថ្លែងថា ពិភពលោកកំពុងឆ្លងកាត់ការផ្លាស់ប្តូរដែលមានលក្ខណៈរបត់ ស្មុគស្មាញ និងមិនអាចទាយទុកជាមុនបាន។ សន្តិភាព និងស្ថិរភាពគឺជាសេចក្តីប្រាថ្នារួមរបស់សហគមន៍អន្តរជាតិ។
“យើងឲ្យតម្លៃនិងមានបំណងចង់ជំរុញពហុភាគីនិយម ក៏មានន័យថា បំណងចង់កសាងសណ្តាប់ធ្នាប់អន្តរជាតិដ៏យុត្តិធម៌ បរិយាប័ន្ន ផ្អែកលើច្បាប់ និងស្ថាប័នអន្តរជាតិ។ ដើម្បីសម្រេចបាននូវសណ្តាប់ធ្នាប់អន្តរជាតិដ៏យុត្តិធម៌ បរិយាប័ន្នបែបនេះ តម្រូវឱ្យមានស្ថិរភាពយុទ្ធសាស្ត្រ ដែលបរិយាកាសសន្តិភាពត្រូវបានធានា ប្រទេសនានាមានសមភាព គោរពគ្នាទៅវិញទៅមក សហការដើម្បីផលប្រយោជន៍ទៅវិញទៅមក និងដោះស្រាយបញ្ហាតាមរយៈការសន្ទនា ដោយផ្អែកលើការគោរពច្បាប់ និងស្ថាប័នអន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ និងការសន្យាតំបន់”។
ដើម្បីពង្រឹងមូលដ្ឋានគ្រឹះនៃសណ្តាប់ធ្នាប់អន្តរជាតិ និងកសាងស្ថិរភាពយុទ្ធសាស្ត្រ លោកនាយឧត្តមសេនីយ៍ ផាន់ វ៉ាន់យ៉ាង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម ចាត់ទុកថា ត្រូវយកចិត្តទុកដាក់ចំពោះបញ្ហាជាមូលដ្ឋានចំនួនបួន រួមមាន៖ ប្រទេសនានាត្រូវការសុច្ឆន្ទៈ និងភាពស្មោះត្រង់ ការជឿទុកចិត្តជាយុទ្ធសាស្ត្រ និងការចែករំលែកការទទួលខុសត្រូវ; ច្បាប់អន្តរជាតិ រួមទាំងធម្មនុញ្ញអង្គការសហប្រជាជាតិ ត្រូវគោរព និងចាត់ទុកនេះជាមូលដ្ឋានសម្រាប់សម្របសម្រួលទំនាក់ទំនងរវាងប្រទេសនានា; ត្រូវពង្រីកតួនាទីរបស់យន្តការពហុភាគី ដែលមានអង្គការសហប្រជាជាតិជាចំណុចកណ្តាល ក្នុងការគ្រប់គ្រងសន្តិសុខសកល; ត្រូវសាមគ្គីគ្នា ឯកភាពគ្នា ជួយគ្នាទៅវិញទៅមក និងចែករំលែកគ្នា។ លោកបានបញ្ជាក់ថា៖
“វៀតណាមជានិច្ចកាលគោរព និងអនុវត្តន៍យ៉ាងពេញលេញនូវសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) ហើយចង់ពន្លឿនដំណើរការចរចាសម្រាប់ការចុះហត្ថលេខាលើក្រមប្រតិបត្តិនៅសមុទ្រខាងកើត (COC) ដោយមានសុពលភាព ប្រសិទ្ធភាពជាក់ស្ដែងនិងអាចធ្វើទៅរួច។ ទាក់ទងនឹងបញ្ហាសមុទ្រខាងកើតផងដែរ វៀតណាមប្រកាន់ខ្ជាប់នូវការដោះស្រាយបញ្ហានេះដោយសន្តិវិធី ដោយផ្អែកលើការគោរពច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS ១៩៨២)”៕
