កន្លែងប្រមូល​សំរាម ដែលមានប្រវែងប្រហែល ៥០០ ម៉ែត្រ នៅក្បែរទន្លេក្រហម ជើងស្ពានឡុងបៀន ក្នុងទីក្រុងហាណូយ ជាកន្លែងដែលគ្មាននរណាម្នាក់ចង់មកដល់នោះទេ ប៉ុន្តែ​ឥឡូវនេះបានក្លាយជាលំហវប្បធម៌ និង​ការ​ច្នៃប្រឌិតដ៏វិសេសវិសាល ដែលទាក់ទាញចំណាប់អារម្មណ៍របស់មនុស្សជាច្រើន។

នៅលើផ្ទៃជញ្ជាំងលាបពណ៌តាមពេលវេលា ដែលត្រូវបានសាងសង់ឡើងដើម្បី​បែងចែករវាងតំបន់លំនៅឋានរបស់ប្រជាជន និងច្រករបៀងតាមដងទន្លេក្រហម ស្នាដៃសិល្បៈចំនួន ១៦ ដែ​ល​ត្រូវបាន​​សិល្បករទាំង​ក្នុងស្រុក និងអន្តរជាតិចំនួន ១៦ រូប បង្កើត​ឡើងពីសម្ភារខុសៗគ្នាជាច្រើន បានពាក់​អាវថ្មីសម្រាប់ខ្សែផ្លូវនេះ។

សិល្បករ វឿង វ៉ាន់ថាវ (Vuong Van Thao) ជាមួយនឹងស្នាដៃ «ប្រវត្តិសាស្ត្របាក់បែក» (Lịch sử vỡ) បានរៀបចំចានគ្រឿងភាជន៍ចំនួន ៣៦ ដែលមានអង្កត់ផ្ចិត ៣០ សង់ទីម៉ែត្រ ឆ្លុះបញ្ចាំងពីរឿងរ៉ាវអំពីភូមិគ្រឿងភាជន៍បាតត្រាង (Bat Trang)។ ចំណែកឯ​អ្នកស្រាវជ្រាវវិចិត្រសិល្បៈ និងជាសិល្បករទស្សនសិល្បៈ លោក ត្រឹន ហូវអៀនធេ (Tran Hau Yen The) ជាមួយនឹងស្នាដៃ «ជញ្ជាំងកិត្តិយស» (Bức tường danh vọng) បានរំលឹកឡើងវិញអំពីទ្វារនៃផ្ទះសម្បែងដែលបានបាត់បង់ទៅ នៅក្នុងដំណើរការអភិវឌ្ឍន៍ទីក្រុង។ អ្នកស្រាវជ្រាវវិចិត្រសិល្បៈ និងជាសិល្បករទស្សនសិល្បៈ លោក ត្រឹន ហូវអៀនធេ បានចែករំលែកថា៖ «នេះគឺជាគម្រោងមួយដែលសិល្បករបានរួមដំណើរជាមួយអាជ្ញាធរ និងប្រជាជន ដើម្បីផ្លាស់ប្ដូរតំបន់មួយដែលកាលពីមុនមានភាពងងឹត និងមិនស្អាតបាត។ សិល្បករបានមើលឃើញថា នេះជាតំបន់ដែលស្ថិតនៅកណ្តាលទីក្រុង ប៉ុន្តែត្រូវបានបំភ្លេចចោល។ គម្រោងនេះមិនត្រូវបានអនុវត្តតាមទម្លាប់ធម្មតានោះទេ ដែលស្នាដៃសិល្បៈត្រូវបានបង្កើតឡើងនៅលើផ្ទៃជញ្ជាំងដ៏ស្អាតបាតមួយ។ នៅទីនេះ យើងខ្ញុំធ្វើផ្ទុយទៅវិញ។ បន្ទាប់ពីស្នាដៃសិល្បៈបានបង្ហាញខ្លួននៅតំបន់ភុកតឹន (Phuc Tan) មក បរិយាកាសនៅទីនោះបានប្រែជាស្អាតជាងមុន ហើយសហគមន៍ក៏មានស្មារតីកាន់តែខ្ពស់ក្នុងការបោសសម្អាតតំបន់ជុំវិញផងដែរ»។

គម្រោងសិល្បៈសាធារណៈភុកតឹន (Phuc Tan) បាននិទានរឿងអំពីវប្បធម៌ និងប្រវត្តិសាស្ត្រនៃតំបន់ភុកតឹន អំពីទន្លេក្រហម និងអំពីទីក្រុងហាណូយ។ ជាពិសេស ស្នាដៃសិល្បៈជាច្រើនត្រូវបានរចនាឡើងពីសម្ភារកែច្នៃឡើងវិញដូចជា គម្របដប សំបកកង់ ធុង និងទ្រុងមាន់ ដែលស្និទ្ធស្នាលជាមួយបរិស្ថានផង និងបង្កើតចំណុចខុសប្លែកផង។

ដោយប្រើប្រាស់ដែកអេតចាយ និងដែកអ៊ីណុក សិល្បករ លោក ង្វៀន ថេ សឺន (Nguyen The Son) បាននាំមកនូវស្នាដៃសិល្បៈដំឡើង ដែលបង្ហាញពីរូបភាពរបស់អ្នកលក់ដូរចល័ត និងពលករនៅឯកំពង់ទឹកទន្លេក្រហម។ លោក ង្វៀន ថេ សឺន បានឱ្យដឹងថា៖ «គម្រោងនេះក៏ធ្វើឱ្យសហគមន៍ក្នុងតំបន់មានមោទនភាព ដោយលើកទឹកចិត្តពួកគេយកចិត្តទុកដាក់ថែទាំបរិយាកាសរស់នៅឱ្យកាន់តែប្រសើរឡើង និងមានស្មារតីអនាម័យបរិស្ថានកាន់តែខ្ពស់។ គម្រោងនេះក៏បានរួមចំណែកដល់ការផ្លាស់ប្ដូរទស្សនីយភាពនៃតំបន់លំនៅឋានផងដែរ។ ពន្លឺពីអំពូលភ្លើងក្នុងស្នាដៃសិល្បៈ ក៏បានធ្វើឱ្យតំបន់នោះភ្លឺឡើងផងដែរ»។

ជារៀងរាល់ថ្ងៃនៅពេលរសៀល ឬនៅចុងសប្តាហ៍ មានប្រជាជនយ៉ាងច្រើនកុះករមកលេងកម្សាន្តនៅដងផ្លូវសិល្បៈសហគមន៍ភុកតឹន (Phuc Tan)។ គម្រោងនេះបានក្លាយជាផ្នែកមួយដ៏សុខដុមរមនាជាមួយនឹងជីវភាពរស់នៅរបស់ប្រជាជននៅទីនេះ។ ចំណែកឯភ្ញៀវទេសចរវិញ ពួកគេមកទីនេះដើម្បីគយគន់ស្នាដៃសិល្បៈដែលកំពុង «រស់» នៅក្នុងសហគមន៍ ជំនួសឱ្យការដាក់ស៊ុមតាំងបង្ហាញនៅក្នុងសារមន្ទីរ។ លោក ង្វៀន ថេ សឺន បានបន្ថែមថា៖ «គម្រោងសិល្បៈសាធារណៈភុកតឹន បាន​ភ្ជាប់​ទំនាក់ទំនងជាមួយសហគមន៍ក្នុងតំបន់ និងបាន​ទាក់ទាញអ្នកដែលចូលចិត្តការ​រុក​រក​។ គម្រោងនេះបានក្លាយជាប្រភពបំផុសគំនិតសម្រាប់ក្រុមសិល្បករដទៃទៀត អភិវឌ្ឍគម្រោងសិល្បៈដែលផ្សារភ្ជាប់នឹងសហគមន៍»។​

គម្រោងសិល្បៈសាធារណៈភុកតឹន (Phuc Tan) មិនត្រឹមតែនាំមកនូវបរិយាកាសបៃតង និងស្អាតស្អំសម្រាប់សហគមន៍ប៉ុណ្ណោះទេ ថែមទាំងតំណាងឱ្យសាមគ្គីភាព និងភាពច្នៃប្រឌិតទៀតផង។ នេះជាសក្ខីភាពដែលបង្ហាញថា ជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់សហគមន៍ អព្ភូតហេតុអាចក្លាយជាការពិត។

កាលពី ២ ឆ្នាំមុន គម្រោងសិល្បៈសាធារណៈភុកតឹន (Phuc Tan) ត្រូវបានគេស្គាល់កាន់តែទូលំទូលាយ បន្ទាប់ពីគម្រោងសិល្បៈសាធារណៈនៅលើស្ពានថ្មើរជើង ត្រឹន ញ៉ឹត យ្វឹត (Tran Nhat Duat) ត្រូវបានសម្ពោធ ដោយតភ្ជាប់តំបន់វិថីបុរាណរបស់ទីក្រុងហាណូយ និងតំបន់ភុកតឹន (Phuc Tan) នៅខាងក្រៅទំនប់ទន្លេក្រហម។ កន្លែងនេះរួមចំណែកដល់ការកែលម្អរូបរាងទីក្រុង ជួយអ្នកទេសចរ និងប្រជាជនហាណូយអាចស្វែងរកបេតិកភណ្ឌវប្បធម៌ និងសិល្បៈនៅក្នុងទីក្រុងផងដែរ៕