អ្នកម៉ៅការ និងអង្គភាពសំណង់នៅការដ្ឋានសាងសង់ បានកៀរគរកម្លាំងពលកម្ម និងមធ្យោបាយជាអតិបរមាដើម្បីធ្វើការទាំងថ្ងៃសម្រាក ដោយធានាបាននូវវឌ្ឍនភាព និងគុណភាពនៃគម្រោង។
នៅចង្កោមគម្រោងបឹង Yen Nghia ១ និង ២ (ឃុំ An Khanh ទីក្រុងហាណូយ) ទីក្រុងហាណូយបានវិនិយោគថវិកាជាង ១១០០ ពាន់លានដុង (៤១,៧ លានដុល្លារអាមេរិក) សំដៅរួមចំណែកសម្របសម្រួលទឹកភ្លៀង កាត់បន្ថយបន្ទុកលើប្រព័ន្ធបង្ហូរទឹកកខ្វក់ក្នុងទីក្រុង បង្កើនសមត្ថភាពបង្ការទប់ទល់នឹងទឹកជំនន់ ក៏ដូចជាកាត់បន្ថយបន្ទុកលើប្រព័ន្ធបង្ហូរទឹកកខ្វក់នៅទន្លេ Nhue និងតំបន់ទីក្រុងភាគខាងលិចផងដែរ។ សំណង់សមសភាគទាំងអស់កំពុងត្រូវបានសាងសង់ក្នុងពេលដំណាលគ្នា។ ក្នុងនោះ គម្រោងបឹង Yen Nghia ១ មានផ្ទៃដី ២០ ហិកតា ជាមួយនឹងការវិនិយោគសរុបចំនួន ៨៥៨ ពាន់លានដុង (ជិត ៣២,៥១ លានដុល្លារអាមេរិក); គម្រោងបឹង Yen Nghia ២ មានផ្ទៃដីប្រមាណ ៥ ហិកតា ជាមួយនឹងការវិនិយោគសរុបចំនួន ២៥០ ពាន់លានដុង (ជិត ៩,៥ លានដុល្លារអាមេរិក)។ ដើម្បីអាចសម្រេចគម្រោងមុនរដូវវស្សាឆ្នាំនេះ វិស្វករ និងកម្មករកំពុងរត់ប្រណាំងនឹងពេលវេលា។
លោក Trinh Van Ta នាយករងនៃក្រុមហ៊ុនវិនិយោគអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ចំណុះសាជីវកម្មសំណង់ Lung Lo បានឲ្យដឹងថា៖ “យើងបានកំណត់ថា នេះជាគម្រោងបន្ទាន់របស់ទីក្រុងហាណូយ ដូច្នេះអង្គភាពបានប្រមូលផ្តុំកម្លាំងពលកម្ម និងឧបករណ៍អតិបរមាដើម្បីធ្វើការទាំងថ្ងៃឈប់សម្រាកសំដៅធានាបាននូវវឌ្ឍនភាពនៃគម្រោង”។
ស្រដៀងគ្នានេះដែរ គម្រោងសាងសង់បឹង Me Tri (បឹង Dong Bong ២) ដែលមានសមត្ថភាពស្តុកទឹកអតិបរមា ៦ សែនម៉ែត្រគូប ជាមួយនឹងសមត្ថភាពសម្របសម្រួលប្រហែល ៥ សែនម៉ែត្រគូប ត្រូវបានបើកការដ្ឋានសាងសង់ចាប់ពីចុងខែមករា ឆ្នាំ ២០២៦ ហើយឥឡូវនេះបានសម្រេច ៩០% នៃការងារជីកដី និងលើកទំនប់ទឹក។ ក្នុងអំឡុងពេលថ្ងៃឈប់សម្រាក កម្មាភិបាល វិស្វករ និងកម្មកររាប់រយនាក់ រួមជាមួយគ្រឿងចក្រនិងមធ្យោបាយ នៅតែធ្វើការ ដើម្បីធានាវឌ្ឍនភាព និងគុណភាពគម្រោង។ លោក Trinh Tuan Anh ប្រធានក្រុមកម្មករសាងសង់បឹង Dong Bong ២ បានឲ្យដឹងថា ជាមួយនឹងលក្ខណៈសំខាន់នៃគម្រោងបន្ទាន់នេះ ត្រូវតែសម្រេចរួចរាល់មុនរដូវវស្សាឆ្នាំនេះដោយតម្លៃណាមួយ។
“យើងបានចាក់បេតុង និងដំឡើងដែក។ ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ យើងបានធ្វើការ ៣ វេន និង ៤ ក្រុម ដើម្បីធានាបាននូវវឌ្ឍនភាព និងគុណភាពនៃគម្រោងដ៏សំខាន់នេះ”។
ដោយស្មារតី «ធ្វើការសូម្បីតែនៅថ្ងៃឈប់សម្រាក» នៅក្នុងគម្រោងជួសជុលព្រែក Thuy Phuong សំដៅបំពេញទឹកសម្រាប់ទន្លេ To Lich និងបង្កើនសមត្ថភាពបង្ហូរទឹកសម្រាប់តំបន់ភាគពាយ័ព្យនៃទីក្រុងហាណូយនោះ ក្រុមសាងសង់ចំនួន ២៥ កំពុងពន្លឿនការងារផងដែរ។ រហូតមកដល់បច្ចុប្បន្ន គម្រោងនេះត្រូវបានប៉ាន់ប្រមាណថា សម្រេចបានជាង ៧០% នៃបន្ទុកការងារហើយ។
មិនត្រឹមតែចង្កោមគម្រោងបឹង Yen Nghia បឹង Me Tri ឬព្រែក Thuy Phuong ប៉ុណ្ណោះទេ ប៉ុន្តែនៅគម្រោងបង្ការទប់ទល់នឹងទឹកជំនន់ គម្រោងជួសជុលព្រែកទាំងអស់ ក៏ដូចជាទីតាំងបំពង់បង្ហូរទឹកចំនួន ៥០ កន្លែងនៅក្នុងទីក្រុងហាណូយ បណ្ដាអង្គភាពក៏កំពុងកៀរគរកម្លាំងពលម្ម និងមធ្យោបាយអតិបរមាដើម្បីអនុវត្តន៍ការសាងសង់សូម្បីតែនៅថ្ងៃឈប់សម្រាកក៏ដោយ។
លោក Nguyen Duc Hung នាយកមជ្ឈមណ្ឌលគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធបច្ចេកទេស នៃមន្ទីរសំណង់ទីក្រុងហាណូយ បានឲ្យដឹងថា៖ “ការដ្ឋានសាងសង់ទាំងអស់ កំពុងធ្វើការទាំងយប់ទាំងថ្ងៃដើម្បីសម្រេចមុនរដូវវស្សាឆ្នាំនេះ។ គោលដៅគឺកាត់បន្ថយស្ថានភាពទឹកជន់លិចគួរឲ្យកត់សម្គាល់ក្នុងឆ្នាំ ២០២៦”។
ការដែលទីក្រុងហាណូយកំពុងអនុវត្តន៍គម្រោងបឹងសម្របសម្រួល និងគម្រោងជួសជុលព្រែកជាច្រើនក្រោមបទបញ្ជាបន្ទាន់ ដោយ «រត់ប្រណាំងពេលវេលា» ដើម្បីសម្រេចការសាងសង់មុនរដូវវស្សាឆ្នាំនេះ មិនត្រឹមតែបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការដោះស្រាយបញ្ហាទឹកជំនន់ប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីការផ្លាស់ប្តូរយ៉ាងខ្លាំងក្លារបស់អាជ្ញាធរទីក្រុងក្នុងការដោះស្រាយបញ្ហាដែលនៅសេសសល់ និងប៉ះពាល់ដល់ជីវភាពរស់នៅរបស់សាធារណជនទៀតផង៕
