CADAO Collective នាំយ​កនូវតម្លៃវប្បធម៌ប្រពៃណីឱ្យកាន់តែខិត​ជិតសាធារណជន​​តាមរយៈវិធីសាស្រ្តច្នៃប្រឌិតនិងទំនើប ប៉ុន្តែនៅតែរក្សា​​បាននូវ​ស្មារតីនៃបេតិកភណ្ឌ។​​ ចំណុចលេចធ្លោនៅទីនេះ គឺការប្រមូលផ្តុំនូវទម្រង់សិល្បៈប្រពៃណីឆ្នើម​ៗទាំងបីរបស់ទីក្រុងហាណូយ។ ប្រសិនបើការចម្រៀង Xam ឆ្លុះបញ្ចាំងពីចង្វាក់​ប្រជាប្រិយ និង​ចម្រៀង Ca Tru តំណាងឱ្យភាពថ្លៃថ្នូរ និងបញ្ញារបស់​​​រាជធានីបុរាណ នោះ ល្ខោន​​អាយ៉ងទឹកបាន​នាំមកនូវបរិយាកាស​ពិធី​បុណ្យ និងរឿងព្រេងប្រជាប្រិយ​។​ ការរួមបញ្ចូលគ្នានេះ បង្កើតបាន​ជា​បទពិសោធន៍វប្បធម៌យ៉ាង​ពេញលេញរបស់ទីក្រុងហាណូយ សម្រាប់អ្នកទេសចរទាំង​ក្នុងស្រុក និងអន្តរជាតិ។ លោក Nguyen Minh Thang ប្រធានផ្នែកទីផ្សារនិងយុទ្ធសាស្ត្រនៅ CADAO Collective បានឱ្យ​ដឹងថា៖ «យើង​មានបំណង​ចង់នាំយកបេតិកភណ្ឌវប្បធម៌វៀតណាមទៅក្នុងជីវភាពសម័យ​ទំនើប។ CADAO Collective មិនមែនជាសារមន្ទីរ​ធម្មតា​ ដែលបេតិកភណ្ឌវប្បធម៌ត្រូវបានដាក់​ស៊ុមនោះឡើយ ប៉ុន្តែនៅទីនេះ បេតិកភណ្ឌវប្បធម៌បាន​ក្លាយទៅជារស់រវើក និងតាមទាន់ល្បឿននៃចង្វាក់ជីវិតនៅទីក្រុង​សព្វ​ថ្ងៃ​នេះ ជាមួយនឹងវិធីសាស្រ្ត​ដ៏​គួរឱ្យ​ទាក់ទាញជាង។»

កម្មវិធី​​សម្តែងនៅ​ CADAO Collective នាំទស្សនិកជន​ទៅកាន់ដំណើរសិល្បៈដែលប្រមូលផ្តុំនូវតម្លៃប្រពៃណី ជាមួយនឹងខ្យល់ដង្ហើមនៃសម័យទំនើប។

នៅកម្មវិធី «Roi Show» ទស្សនិកជនបានទស្សនានិងរីករាយជាមួយនឹងការអន្តរកម្មលើឆាកយ៉ាងពិសេស ជាមួយនឹងការ​សម្តែងដែលត្រូវបាន​បំផុសគំនិតពីរឿងព្រេង​​ប្រជាប្រិយ​ប្រពៃណី។ កម្មវិធីនេះ បានរួមបញ្ចូលគ្នារវាងល្ខោនអាយ៉ងទឹក និងល្ខោនស្រមោល ជាមួយផ្នែកតន្ត្រីដែលរួម​បញ្ចូលគ្នារវាង​​ប​ទ​ភ្លេងប្រជាប្រិយ និងស្នាដៃ​ថ្មីៗ បង្កើតបា​​ន​ជា​វិធី​សា​ស្ត្រ​ដ៏ថ្មីថ្មោងសម្រាប់សិល្បៈប្រពៃណី។ ឆាកល្ខោនទឹកត្រូវបានរចនានិងសាងសង់ឡើងដោយដៃ​ទាំងស្រុង ដោយរួមបញ្ចូលគ្នានូវ​ស្ថាបត្យកម្មប្រពៃណី ជាមួយនឹងការ​​រចនាសម័យទំនើប បង្កើតបានជា ឆាកល្ខោនដែលពោរពេញទៅ​ដោយស្លាកស្នាម​បេតិកភណ្ឌផង និងមានចំណុចលេចធ្លោផ្នែក​សិល្បៈផង​​។ ​លោក Ta Trung Dung នាយកសិល្បៈ និងជាប្រធាន​ក្រុម​សម្តែង​អាយ៉ង​ទឹក Tay Ho បាន​ឱ្យ​ដឹងថា៖ «ជាមួយនឹងល្ខោន​អាយ៉ងទឹក យើងខ្ញុំមានបំណងចង់នាំមកនូវការច្នៃប្រឌិតថ្មីៗ ដោយសារតែអាយ៉ងទឹកជាប្រភេទសិល្បៈប្រពៃណីមួយដែលផ្សារ​ភ្ជាប់នឹងជីវភាព​រស់នៅរបស់ប្រជាជនតាំងពីបុរាណកាលមក​​។ យើងខ្ញុំមានបំណងចង់នាំមកនូវប្រការថ្មីៗ ប៉ុន្តែមិនផ្លាស់ប្តូរ​កត្តាចាស់នោះ​ឡើយ។ យើងខ្ញុំបានធ្វើការច្នៃប្រឌិត​លើ​កត្តាដូចជា ឆាកល្ខោនទឹក ឬតួអង្គនីមួយៗនឹងមានចលនា​ដៃជើងថ្មីៗ តាមតន្ត្រីថ្មី ដែលជិតស្និទ្ធជា​មួយ​​ទស្សនិកជនវ័យក្មេងជាង»។

រួមជាមួយនឹងការសម្តែង​ល្ខោន​អាយ៉ង​ទឹក អ្នកទស្សនាក៏អាចរីករាយជាមួយ " Ca Tru Show" ជាមួយនឹង​ការ​សម្តែងចម្រៀង Ca Tru ​ផងដែរ​។ លើសពីនេះ កន្លែងច្រៀងចម្រៀង Xam បាន​ឧទ្ទេសនាម​ដល់សាធារណជន អំពីបទភ្លេងដែលផ្សារ​ភ្ជាប់យ៉ាងជិតស្និទ្ធជាមួយ​ជីវភាពរស់នៅ​ក្នុង​តំបន់​វិថីបុរាណរបស់ទីក្រុងហាណូយ តាមរយៈការសម្តែងដោយសិល្បករប្រជាជន Xuan Hoach សិប្បករ Ta Hanh និងសិប្បក​រ​ជា​ច្រើនទៀត​។ លោក Ta Trung Dung នាយកផ្នែក​សិល្បៈនិងជាប្រធានក្រុមល្ខោនអាយ៉ងទឹក Tay Ho បានបន្ថែមថា៖ «ទាក់ទងនឹងចម្រៀង​ Xam និងចម្រៀង​ Ca Tru នៅ CADAO Collective យើងធ្វើការ​ជាមួយបណ្តា​សិប្បករ។ មិនត្រឹមតែទស្សនិ​ក​ជ​ន​វ័យចំណាស់ប៉ុណ្ណោះទេ ថែមទាំងទស្សនិកជនវ័យក្មេង​ទៀត​ផង សុទ្ធតែចាប់អារម្មណ៍យ៉ាងខ្លាំង ហើយរាល់ពេលដែលពួកគេមកទទួលយកបទពិសោធន៍សិល្បៈប្រពៃណីទាំងនេះ ពួកគេទទួលបានមេរៀនដ៏មានតម្លៃ​ជាច្រើ​ន​។ យុវជនក៏អាចស្តាប់ការចែករំលែករបស់សិប្បករ​ដោយផ្ទាល់ផងដែរ»។

ចំណុច​ពិសេសមួយនៅ CADAO Collective គឺទស្សនិកជនមិនត្រឹមតែរីករាយនឹងការសម្តែងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចធ្វើ​អ​ន្ត​រ​ក​ម្មដោយផ្ទាល់ជាមួយសិប្បករ ស្វែល​យល់​អំពីប្រវត្តិ​នៃទម្រង់សិល្បៈផ្សេងៗ និងទទួលបទពិសោធន៍ឧបករណ៍ភ្លេងប្រពៃណីជាច្រើន​ផងដែរ​​។ លោក Nguyen Minh Thang ប្រធានផ្នែកទីផ្សារ និងយុទ្ធសាស្ត្រនៅ CADAO Collective បានចែករំលែកបន្ថែមទៀតថា៖

«នាពេលខាងមុខ យើងនឹង​បើកថ្នាក់រៀនអំពីការ​ច្រៀងចម្រៀង ca trù ចម្រៀង xẩm និងការសម្តែងល្ខោន​​អាយ៉ងទឹក ដើម្បីបណ្តុះបណ្តាលសិប្បករ​អាយ៉ងទឹក និងអ្នក​ច្រៀង Ca Tru ជំនាន់ក្រោយ។ នៅ CADAO Collective យើងចង់បង្កើតបទពិសោធន៍​អំណោយផលបំផុត​សម្រាប់អ្នកទស្សនា ដើម្បីឱ្យពួកគេអាចទទួលបានបទពិសោធន៍យ៉ាងពេញលេញនូវភាពទាក់ទាញនៃវប្បធម៌និងសិល្បៈ​របស់ទីក្រុងហាណូយ នៅក្នុង​ដំណើរ​តែមួយ​»។

ក្រៅពីកម្មវិធីសិល្បៈ ទីនេះក៏រួមបញ្ចូលគ្នានូវ​ការឧទ្ទេសនាមម្ហូប​អាហារ ដែលបំផុសគំនិត​ពីវប្បធម៌ប្រជាប្រិយ និងផលិតផល​ដែលផលិតពីគ្រឿងផ្សំក្នុងស្រុក។ ការរួមបញ្ចូលគ្នានៃសិល្បៈ និងបទពិសោធន៍​ទទួលទានអាហារសដំដៅបង្កើតដំណើរទៅស្វែងយល់ពីវប្បធម៌របស់ទីក្រុងហាណូយ​ដ៏ចម្រុះពណ៌។ លោក​ Nguyen Trung Hieu ទស្សនិកជនម្នាក់​មកពីទីក្រុងហាណូយ បាន​ចែករំលែកអារម្មណ៍ថា​៖ «ខ្ញុំមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះការរៀបចំយ៉ាងហ្មត់ចត់នៅ CADAO Collective។ ជាន់ទីមួយគឺជាការសម្តែង​អាយ៉ងទឹក។ ជាន់ទីពីរគឺជាតំបន់​ទទួលទាន​អាហារ។ ជាន់ទីបីគឺជាការសម្តែងច្រៀង​ Xam និង Ca Tru។ ខ្ញុំក៏មានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះការរួមបញ្ចូលគ្នានៃម្ហូបអាហារ និងសិល្បៈបេតិកភណ្ឌនៅទីនេះ​ផងដែរ​។ ការអង្គុយនៅក្នុងលំហកក់ក្ដៅ រីករាយជាមួយកាកាវមួយពែង ខណៈពេលកំពុង​ស្តាប់ចម្រៀង Ca Tru ឬទស្សនាការសម្តែង​អាយ៉ងទឹក​ នាំមកនូវបទពិសោធន៍​ដ៏​ពេញលេញ»។

នៅ CADAO Collective ក្បូរក្បាច់រចនា​ គ្រឿងតុបតែង និងសូម្បីតែ​តំងន់ទទួលទាន​អាហារ​សុទ្ធតែត្រូវបានរចនានិងផលិតដោយសិប្បករផ្ទាល់។ CADAO Collective មានគោលបំណងបង្កើតគោលដៅសហសម័យ ខណៈពេលដែលកំពុងកសាង​សហគ​ម​ន៍​ដើម្បីចូលរួមចំណែក​ក្នុងការអភិរក្ស និងពង្រីកសិល្បៈប្រពៃណី៕​