នៅឆ្នាំ ១៩៤៥ ប្រជាជនវៀតណាមជាង ៩០% មិនចេះអក្សរ។ នៅថ្ងៃទី ៨ ខែកញ្ញា ឆ្នាំ ១៩៤៥ រដ្ឋាភិបាលបណ្ដោះអាសន្នបានចេញក្រឹត្យមួយស្តីពីការបង្កើតនាយកដ្ឋានប្រជាសិក្សា ដោយចាប់ផ្តើមចលនាអក្ខរកម្មដោយមានការចូលរួមពីមនុស្សរាប់លាននាក់។
ចលនាប្រជាសិក្សានៅឆ្នាំ១៩៤៥ បានចាប់ផ្តើមយុទ្ធនាការអក្ខរកម្មទូទាំងប្រទេស។
ក្នុងដំណាក់កាលឆ្នាំ ២០២០ - ២០២៣ ប្រទេសទាំងមូលបានប្រមូលផ្តុំមនុស្សចំនួន ៧៩.២៨០ នាក់ឱ្យចូលរួមលុបបំបាត់អនក្ខរកម្ម រួមទាំងតំបន់ព្រៃភ្នំ និងតំបន់ជនជាតិភាគតិច។ អត្រាអក្ខរកម្មនាពេលបច្ចុប្បន្នគឺ ៩៩,៣៩% នៅក្នុងក្រុមអាយុ ១៥-៣៥ ឆ្នាំ និង ៩៩,១០% នៅក្នុងក្រុមអាយុ ១៥-៦០ ឆ្នាំ។ បន្ទាប់ពីការរៀបចំអង្គភាពរដ្ឋបាលឡើងវិញ ខេត្តនិងទីក្រុងទាំង ១០០% សម្រេចបានស្តង់ដារអក្ខរកម្មកម្រិត ១; ហើយ ៧៦,៥% សម្រេចបានកម្រិត ២។
ចាប់ពីថ្នាក់រៀនអក្ខរកម្មដំបូងនៃចលនាប្រជាសិក្សា ដំណើរការធ្វើអក្ខរកម្មត្រូវបានបន្តតាមរយៈជំនាន់ជាច្រើន។
នៅសាលាបឋមសិក្សាភូកសឺន ខេត្តឡាវកាយ ប្រជាជនចំនយន៩៩%នៅក្នុងតំបន់គឺជនជាតិភាគតិច ភាគច្រើនជាជនជាតិថៃ និងមឿង។ សិស្សខ្លះមានអាយុ ៥៦ ឆ្នាំ ហើយសិស្សខ្លះទៀតបានឈប់រៀនអស់រយៈពេលជាង ៤០ ឆ្នាំហើយ។ ដូច្នេះ ថ្នាក់រៀនអាចរៀបចំឡើងនៅពេលយប់ ពេលថ្ងៃ ឬថ្ងៃត្រង់ អាស្រ័យលើរដូវកាល។ ដំបូងឡើយ ថ្នាក់រៀនមានសិស្ស ៤០ នាក់។ នៅចុងបញ្ចប់នៃវគ្គសិក្សា ចំនួនសិស្សសរុបបានកើនដល់ ៤៥ នាក់ ហើយសុទ្ធតែបញ្ចប់កម្មវិធីទាំងស្រុង។
ថ្នាក់រៀនអក្ខរកម្មនៅសាលាបឋមសិក្សាភូកសឺន ខេត្តឡាវកាយ៖ ធ្វើការនៅវាលស្រែនាពេលថ្ងៃ; នៅពេលល្ងាច បានក្លាយជាសិស្សវិញ។
នៅភូមិភុកសឺន ជារៀងរាល់ខែ សិស្សក៏បានអានសៀវភៅ និងកាសែត និងចែករំលែកបទពិសោធន៍ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ។ ដល់ម៉ោងសម្រាក់ ពួកគេរួមគ្នារាំរបាំ Xoe របាំគោះអង្រែ លេងគប់បាល់ និងលេងបាល់ទះ។ ដូច្នេះ អក្ខរកម្មមិនឈរដាច់ដោយឡែកពីជីវភាពនោះទេ ប៉ុន្តែបានរួមបញ្ចូលគ្នាទៅក្នុងវប្បធម៌សហគមន៍ទៀតផង។
ការរៀនអក្សរ ការអានសៀវភៅ និងការរាំរបាំ Xoe និងរបាំគោះអង្រែ ធ្វើឱ្យថ្នាក់រៀនក្លាយជាទីកន្លែងសហគមន៍របស់ភូមិ។
ក្នុងដំណាក់កាលឆ្នាំ ២០២២ និង ២០២៥ ស្រុកឌឹកកឺ (ចាស់) ខេត្តយ៉ាឡាយ បានបើកថ្នាក់រៀនអក្ខរកម្មចំនួន ២០ ដែលមានសិស្សជាង ៦០០ នាក់។ កងទ័ពការពារព្រំដែនខេត្តយ៉ាឡាយក៏រៀបចំថ្នាក់រៀនសម្រាប់ប្រជាជននៅតំបន់ព្រំដែនផងដែរ។ ជាពិសេស ឪពុកម្តាយដែលត្រូវនាំកូនតូចៗមកថ្នាក់រៀននៅតែទទួលបានឱកាសបន្តការសិក្សាផងដែរ។
នៅតំបន់ព្រំដែនជាច្រើន កងទ័ពការពារព្រំដែនក៏ក្លាយជាគ្រូបង្រៀនផងដែរ។
នៅក្នុងថ្នាក់ពិសេសទាំងនេះ សិស្សមិនត្រឹមតែរៀនអាន និងសរសេរប៉ុណ្ណោះទេ។ ពួកគេក៏រៀនគណិត ការអានឯកសារ ការអនុវត្តចំណេះដឹងក្នុងផលិតកម្ម និងកាន់តែមានទំនុកចិត្តនៅពេលចេញទៅក្រៅភូមិ។
ជីដូន និងចៅស្រីកំពុងរៀនអាន និងសរសេរនៅយ៉ាឡាយ – ពេលវេលាដ៏សាមញ្ញមួយដែលឆ្លុះបញ្ចាំងពីដំណើរការបញ្ជូនចំណេះដឹងឆ្លងកាត់ជំនាន់ជាច្រើន។
ថ្នាក់អក្ខរកម្មសព្វថ្ងៃនេះ មិនត្រឹមតែជួយប្រជាជនឱ្យស្គាល់អក្សរនោះទេ។ ខ្លឹមសារត្រូវបានភ្ជាប់ទៅនឹងតម្រូវការជាក់ស្តែង៖ ការគណនាតម្លៃកសិផល ការរៀបចំឯកសារ ការទទួលបានសេវាសាធារណៈ ការអានព័ត៌មាន និងការអនុវត្តចំណេះដឹងទៅក្នុងផលិតកម្ម។
ចាប់ពីតួអក្សរដំបូងរហូតដល់សមត្ថភាពក្នុងការអាន សរសេរ និងគណនាដោយខ្លួនឯងក្នុងជីវភាពប្រចាំថ្ងៃ។
នៅក្នុងតំបន់ជនជាតិភាគតិចជាច្រើន គោលនយោបាយគាំទ្រដល់អាហារ លំនៅដ្ឋាន ការអប់រំ និងការដឹកជញ្ជូន រួមជាមួយនឹងប្រព័ន្ធសាលាអន្តេវាសិក និងពាក់កណ្តាលអន្តេវាសិក កំពុងជួយកុមារឱ្យមានឱកាសចូលរៀនកាន់តែច្រើនឡើងៗ។ នៅសាលាបឋមសិក្សានិងមធ្យមសិក្សា Chu Dang Ya ក្នុងខេត្តយ៉ាឡាយ ជិត ៩០% នៃសិស្សប្រហែល ៥០០ នាក់គឺជាជនជាតិភាគតិច ភាគច្រើនជាជនជាតិចារ៉ាយ។ នៅទីនេះ អត្រាកុមារចូលរៀនបានកើនឡើង អត្រាបោះបង់ការសិក្សាបានថយចុះ ហើយគុណភាពអប់រំបានប្រសើរឡើងជាលំដាប់។
សិស្សនៅតំបន់ជនជាតិភាគតិចក្នុងខេត្តយ៉ាឡាយ - សមិទ្ធផលនៃប្រជាសិក្សាមិនត្រឹមតែអំពីមនុស្សពេញវ័យដែលចេះអក្សរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាឱកាសសិក្សាបើកចំហរកាន់តែខ្លាំងឡើងសម្រាប់កុមារជនជាតិភាគតិចទៀតផង។
កាលពី ៨០ ឆ្នាំមុន សេចក្តីប្រាថ្នាគឺសម្រាប់ពលរដ្ឋគ្រប់រូបអាចអាន និងសរសេរបាន។ សព្វថ្ងៃនេះ គោលដៅនោះត្រូវបានពង្រីកទៅជាសមត្ថភាពទទួលបានចំណេះដឹង បច្ចេកវិទ្យា និងឱកាសអភិវឌ្ឍន៍ថ្មីៗ។
ពីយុទ្ធនាការប្រជាសិក្សារហូតដល់ថ្នាក់រៀននាពេលយប់នៅតាមភូមិឆ្ងាយដាច់ស្រយាល ហើយបន្ទាប់មកគឺយុទ្ធនាការអក្ខរកម្មឌីជីថលនៅក្នុងយុគសម័យផ្លាស់ប្តូរឌីជីថល ស្មារតីនៃការអប់រំសកលនៅតែបន្ត៖ ដូច្នេះចម្ងាយភូមិសាស្ត្រ អាយុ ឬលក្ខខណ្ឌរស់នៅមិនក្លាយជាឧបសគ្គចំពោះសិទ្ធិទទួលបានការអប់រំឡើយ៕
