ការងាររបស់លោកបានទាក់ទាញប្រជាជនក្នុងតំបន់ជាច្រើនឱ្យចូលរួម ហើយរួមចំណែកដល់ការបង្កើតតំបន់ការពារធនធានជលផលនៅតំបន់ខាងលើនៃទន្លេ ទៀន។
ដោយមានការព្រួយបារម្ភអំពីធនធានជលផលធម្មជាតិដែលកាន់តែតិចទៅៗ ក្នុងឆ្នាំ ២០២៤ លោក ទ្រឿង មិញហៃ បានប្រើប្រាស់ប្រាក់សន្សំរបស់ក្រុមគ្រួសារ ដើម្បីទិញដើមឈើ មកដាំនៅជុំវិញច្រាំងទន្លេ ទៀន ដែលមានផ្ទៃដីប្រហែល ២០០០ ម៉ែត្រការ៉េ ព្រមទាំងដាំដើមកំប្លោក និងដំឡើងស្ពានអណ្តែតទឹកដើម្បីបង្កើតជម្រកសម្រាប់ត្រីផងដែរ។ មិនត្រឹមតែបង្កើតបរិស្ថានសម្រាប់ត្រីធម្មជាតិឱ្យត្រឡប់មកវិញប៉ុណ្ណោះទេ ប៉ុន្តែលោកក៏បានទិញកូនត្រីដើម្បីព្រលែងចូលទៅក្នុងទន្លេផងដែរ។ ដោយរំលឹកពីប៉ុន្មានថ្ងៃដំបូងនៃការបង្កើតជម្រកត្រីនៅលើទន្លេ ទៀន លោក ទ្រឿង មិញហៃ បានចែករំលែកថា៖
«ខ្ញុំបានដាំកំប្លោក រហូតដល់ចុងខែទី ៣ ឆ្នាំ ២០២៤ តាមចន្ទគតិ គឺរួចរាល់។ មុននោះ ខ្ញុំបានបញ្ជាទិញកូនត្រីប្រា ចំនួន ១២០០គីឡូក្រាម ដើម្បីព្រលែងចូលទៅក្នុងទន្លេ ហើយហ្វូងត្រីបានធំធាត់នៅទីនេះរហូតមកដល់ពេលនេះ»។
ហ្វូងត្រីលូតលាស់ពីមួយថ្ងៃទៅមួយថ្ងៃ។ ដើម្បីរក្សាការផ្គត់ផ្គង់ចំណីដល់ត្រី លោក ទ្រឿង មិញហៃ បានចំណាយប្រាក់ជាង ១០ លានដុង (ស្មើនឹង ៣៨០ដុល្លារអាមេរិក) ជារៀងរាល់ខែពីប្រាក់សន្សំរបស់ក្រុមគ្រួសារ ដើម្បីទិញចំណីត្រី។ ជារៀងរាល់ថ្ងៃ នៅពេលព្រឹក និងពេលរសៀល លោក ហៃ តែងតែយកចំណីមកឲ្យត្រីស៊ី។ លោក លឿង ភូសួន អនុប្រធានគណៈកម្មាធិការប្រជាជនសង្កាត់ ហុងងឺ បានឲ្យដឹងថា៖
“នាពេលកន្លងមក លោក ណាំ ដាន បានធ្វើការងារសង្គមបានយ៉ាងល្អ។ ជាពិសេស លោកបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការគ្រប់គ្រង និងការពារធនធានជលផលនៅក្នុងតំបន់ទន្លេ ទៀន។ អាជ្ញាធរភាគច្រើនត្រឹមតែផ្ដល់ការគាំទ្រប៉ុណ្ណោះ ខណៈដែលសកម្មភាពជាក់ស្តែងនៅទីនេះត្រូវបានសម្របសម្រួល និងអនុវត្តន៍ដោយរូបលោកផ្ទាល់។ បរិមាណត្រីនៅទីនេះមានចំនួនច្រើន និងចម្រុះណាស់”។
អាស្រ័យដោយការងារស្ម័គ្រចិត្តរបស់លោក ទ្រឿង មិញហៃ តំបន់ចិញ្ចឹមត្រីនៅទន្លេ ទៀន ត្រូវបានមនុស្សជាច្រើនស្គាល់ដល់ជាបណ្ដើរៗ។ ពួកគេមិនត្រឹមតែមកទស្សនាហ្វូងត្រីប៉ុណ្ណោះទេ ថែមទាំងមកព្រលែង និងផ្តល់ចំណីដោយផ្ទាល់ ដែលរួមចំណែកដល់ការស្តារធនធានជលផលឡើងវិញទៀតផង។ លោក ទ្រឿង មិញហៃ បានចែករំលែកបន្ថែមទៀតថា៖
“នៅក្នុងខែតុលា ឆ្នាំ២០២៥ អាជ្ញាធរខេត្ត អានយ៉ាង ទីក្រុង កឹនធើ និងខេត្ត ដុងថាប បានសម្របសម្រួលរៀបចំពិធីព្រលែងត្រីមួយចំនួនធំចូលទៅក្នុងទន្លេ។ ខ្ញុំបានដំឡើងស្ពានបណ្ដែត ហើយបន្ទាប់ពីមួយរយៈ ប្រជាជនបន្តព្រលែងត្រីបន្ថែមទៀត។ ចាប់តាំងពីពេលនោះមក ជារៀងរាល់ថ្ងៃ មនុស្សមកព្រលែងត្រីជាច្រើនប្រភេទ។ នៅទីនេះ ត្រីប្រា និងត្រីឆ្ពិន មានច្រើនជាងគេ”។
រហូតមកដល់បច្ចុប្បន្ន តំបន់នេះមានបរិមាណត្រីរាប់រយតោន។ ហ្វូងត្រីដែលកាន់តែកើនឡើង ក៏ទាមទារឱ្យមានការការពារយ៉ាងតឹងរ៉ឹងជាងមុនដែរ។ អាជ្ញាធរមូលដ្ឋានបានបង្កើតក្រុមសហគមន៍ការពារធនធានជលផល ដែលមានសមាជិក ៩ នាក់ ដឹកនាំដោយលោក ណាំ ដាន។ សមាជិកក្រុម រួមមានតំណាងមកពីអង្គការនានាៗនៅក្នុងសង្កាត់ ដូចជាសហភាពនារី សមាគមកសិករ សម្ព័ន្ធយុវជន និងប្រជាជនក្នុងតំបន់។ លើសពីនេះ អាជ្ញាធរមូលដ្ឋានបានបង្កើតកម្លាំងសម្រាប់ជួយធ្វើល្បាត រកឃើញ និងដោះស្រាយករណីនេសាទខុសច្បាប់។ លោក ង្វៀន ថាញ់ផុង ប្រធានគណៈកម្មាធិការប្រជាជនសង្កាត់ ហុងងឺ បានឲ្យដឹងថា៖
"អាជ្ញាធរមូលដ្ឋានមានការយកចិត្តទុកដាក់យ៉ាងខ្លាំង។ ទីមួយ យើងចលនានិងឃោសនា។ ទីពីរ គាំទ្រដល់ការការពារ។ ក្រុមការពារធនធានជលផល ជួយលោក ណាំ និងក្រុមសហគមន៍ក្នុងការគ្រប់គ្រង ហើយនៅពេលដែល រកឃើញករណីប្រើប្រាស់កាំភ្លើងអគ្គិសនី ឬទូកអូសអូនដើម្បីធ្វើការនេសាទ នឹងចាត់ការយ៉ាងម៉ឺងម៉ាត់តាមបទប្បញ្ញត្តិ"។
សកម្មភាពរបស់លោក ទ្រឿង មិញហៃ បានបង្ហាញថា ការការពារទន្លេមិនចាំបាច់ចាប់ផ្តើមដោយកាយវិការដ៏ធំធេងនោះទេ។ សកម្មភាពតូចៗជាប្រចាំថ្ងៃរបស់លោកបាន រីកសាយភាយដល់សហគមន៍នូវមនសិកា ការពារបរិស្ថាន និងរួមចំណែកដល់ការការពារធនធានជលផលនៅទន្លេ ទៀន៕
