ដូច្នេះ នៅពេលដែលឈរនៅលើវេទិកាបង្រៀន អ្វីដែលលោកគ្រូរូបនេះផ្ដាំផ្ញើរទៅកាន់កូនសិស្ស មិនត្រឹមតែជាចំណេះដឹង និងជំនាញវិជ្ជាជីវៈប៉ុណ្ណោះទេ ថែមទាំងជាការចែករំលែកអំពីរបៀបរស់នៅប្រកបដោយទំនុកចិត្តនិងក្ដីសប្បាយរីករាយទៀតផង។

អស់រយៈពេលជាង ១០ ឆ្នាំមកហើយ មិនថាភ្លៀងធ្លាក់ឬពន្លឺថ្ងៃចែងចាំងនោះទេ លោកគ្រូ ង្វៀន ង៉ុកភឿង យុវជនម្នាក់ដែលរងគ្រោះដោយជាតិគីមូពុលពណ៌លឿងទុំ/ឌីអុកស៊ីន នៅតែបើក ម៉ូតូកង់បីពិសេស ដើម្បីទៅបង្រៀន។ លោកជាគ្រូបង្រៀនវិជ្ជាជីវៈនៅមជ្ឈមណ្ឌលគាំពារជនរង
គ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ និងកុមារអកុសល សាខាលេខ១ (ទីក្រុងដាណាំង)។

ក្នុងបរិយាកាសដ៏អ៊ូអរដោយសូរសំឡេងម៉ាស៊ីន នៅក្នុងបន្ទប់អនុវត្តន៍ជាក់ស្ដែង លោកគ្រូ ង្វៀន ង៉ុកភឿង ដែលមានកម្ពស់មិនដល់ ៩០ សង់ទីម៉ែត្រ និងមានដុំពកធ្ងន់មួយនៅលើទ្រូង កំពុងណែនាំសិស្សដោយអត់ធ្មត់ អំពីចលនានីមួយៗ ដោយបង្ហាញពួកគេពីរបៀបធ្វើធូបពេញលេញមួយសរសៃ។ សិស្សភាគច្រើននៅទីនេះ ទទួលរងពីពិការភាពបញ្ញាដោយសារតែផលប៉ះពាល់យូរអង្វែងនៃជាតិគីមីពុលពណ៌លឿងទុំ/ឌីអុកស៊ីន។ ដូច្នេះ ការបង្រៀនប្អូនៗទាំងនេះមិនមែនងាយស្រួលនោះទេ។ ទោះជាយ៉ាងណាក៏ដោយ លោកគ្រូ ភឿង ជានិច្ចកាលរកឃើញសុភមង្គល ពេលដែលមើលឃើញផលិតផលកាន់តែប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ និងក្រសែភ្នែកដ៏ស្លូតត្រង់ពោរពេញដោយសេចក្តីរីករាយរបស់កូនសិស្សនៅពេលបញ្ចប់មេរៀន។

“ខ្ញុំឈ្មោះ Bui Viet Huy កើតនៅឆ្នាំ ២០០១។ លោកគ្រូ ភឿង បានបង្រៀនខ្ញុំពីរបៀបធ្វើធូប។ ការធ្វើធូបពិតជាសប្បាយ”។

ពេលក្រឡេកមើលកូនសិស្សរបស់ខ្លួន លោកគ្រូ ង្វៀន ង៉ុកភឿង តែងតែនឹកឃើញពីកុមារភាព
របស់គាត់ ដែលគាត់ត្រូវកាន់កៅអីឈើទៅថ្នាក់រៀនជារៀងរាល់ថ្ងៃ ដើម្បីអង្គុយឲ្យបានខ្ពស់សម្រាប់មើលក្តារខៀន។ ហើយកុមារាដែលឧស្សាហ៍ព្យាយាមនោះ ត្រូវឈប់រៀនដោយសារតែជំងឺឈឺថ្កាត់ជាបន្តបន្ទាប់។ ប៉ុន្តែលោកមិនទទួលយកការចុះចាញ់ទេ ហើយក៏មិនចង់ទទួលយកជីវិតដែលពឹងផ្អែកលើគ្រួសារក្រីក្រនៅ Que Son ខេត្តក្វាងណាមចាស់ (ឥឡូវជាទីក្រុងដាណាំង) ដែរ។ នៅអាយុ ១៨ ឆ្នាំ លោកបានទៅកាន់ទីក្រុងហូជីមិញតែម្នាក់ឯងដើម្បីស្វែងរកឱកាសអភិវឌ្ឍន៍។ នៅទីនេះ លោកបានជួបគ្រូម្នាក់ដែលបានត្រៀមខ្លួនជាស្រេចបង្រៀនវិជ្ជាជីវៈជូនលោក។ នេះក៏ជាមូលដ្ឋានគ្រឹះ សម្រាប់លោក ង្វៀន ង៉ុកភឿង ក្រោយពីរស់នៅឆ្ងាយៗពីស្រុកកំណើតអស់រយៈពេល ១០ ឆ្នាំ អាចវិលត្រឡប់មកទីក្រុងដាណាំងវិញ និងក្លាយជាគ្រូបង្រៀនវិជ្ជាជីវៈសម្រាប់កុមារដែលរងផលប៉ះពាល់ដោយជាតិគីមីពុលពណ៌លឿងទុំ/ឌីអុកស៊ីន។

«ខ្ញុំមានសំណាងល្អជាងប្អូនៗ ព្រោះខ្ញុំនៅតែមានបញ្ញា ការយល់ដឹង និងចំណេះដឹង។ ចំណែក
ឯប្អូនៗភាគច្រើននៅទីនេះទទួលរងពិការភាពបញ្ញា មានភាពអៀនអន់តូចចិត្ត និងខ្វះការសម្របខ្លួនទៅក្នុងសហគមន៍។ ក្នុងនាមជាបងប្រុសម្នាក់ ខ្ញុំមានចំណេះដឹង ដែលខ្ញុំរៀនពីសង្គម ហើយខ្ញុំបញ្ជូនវាទៅឲ្យប្អូនៗ។ ការផ្សារភ្ជាប់រវាងខ្ញុំជាមួយប្អូនៗ គឺជាចំណងនៃសេចក្តីស្រឡាញ់ ការចែករំលែកនិងការយោគយល់ចិត្តគ្នាទៅវិញទៅមក។ ខ្ញុំចែករំលែកជាមួយប្អូនៗពីរបៀបមានទំនុកចិត្តលើខ្លួនឯង។ នៅពេលដែលប្អូនៗមានទំនុកចិត្តហើយ គាត់នឹងបន្ធូរបន្ធយអារម្មណ៍អៀនអន់តូចចិត្ត»។

ដោយរងផលប៉ះពាល់ដោយជាតិគីមីពុលពណ៌លឿងទុំ/ឌីអុកស៊ីន ដោយសារតែតំណពូជពី
ឪពុកម្តាយ លោកគ្រូ ង្វៀន ង៉ុកភឿង យល់ច្បាស់ជាងអ្នកណាទាំងអស់អំពីការឈឺចាប់ និងការខ្វះខាតដែលកូនសិស្សត្រូវស៊ូទ្រាំ។ ដោយយោគយល់ពីការឈឺចាប់នោះ លោកគ្រូ ភឿង ជានិច្ចកាលរួមដំណើរជាមួយសិស្ស ក្នុងការជំនះពុះពារលើពេលវេលាដ៏លំបាកនីមួយៗ។ អ្នកគ្រូ ង្វៀន ធីង៉ុកត្រាង ដែលបានសហការជាមួយលោកគ្រូ ង្វៀន ង៉ុកភឿង អស់រយៈពេលជាច្រើនឆ្នាំ បានចែករំលែកថា៖

«លោក ភឿង ជាគ្រូបង្រៀនម្នាក់ដែលជានិច្ចកាលបង្ហាត់បង្រៀនសិស្សដោយអស់ពីចិត្តពីថ្លើម។លោកមានស្ថានភាពស្រដៀងគ្នាជាមួយសិស្ស យល់ពីតម្រូវការរបស់សិស្ស និងបង្រៀនប្អូនៗប្រកបដោយប្រសិទ្ធភាព។ សិស្សជាច្រើនមិនអាចនិយាយបានទេ។ ពេលខ្លះ យើងសួរប្អូនៗ ពួកគេមិនយល់ពីសម្ដីរបស់យើងទេ ប៉ុន្តែតាមរយៈការណែនាំយ៉ាងយកចិត្តទុកដាក់របស់លោកគ្រូ ភឿង ពេលដែលលោកនិយាយ និងប្រើកាយវិការ ពួកគេអាចយល់ និងធ្វើតាមការណែនាំរបស់លោកគ្រូ»។

ពេលត្រឡប់មកផ្ទះវិញបន្ទាប់ពីការបង្រៀន លោកគ្រូ ង្វៀន ង៉ុកភឿង បានក្លាយជា អាស័យដ្ឋានដ៏គួរឱ្យទុកចិត្តរបស់បងប្អូននៅក្នុងតំបន់ នៅពេលដែលពួកគេមានសំណួរអំពីការប្រើប្រាស់វេទិកាឌីជីថលសម្រាប់បំពេញនីតិវិធីរដ្ឋបាល។ សម្រាប់កុមារតូចៗ លោកគ្រូ ភឿង ក្លាយជាបងប្រុស ដែលចេះស្តាប់ យល់ និងជួយពួកគេដោះស្រាយការលំបាកក្នុងជីវភាព។ លោកគ្រូក៏ប្រើប្រាស់បច្ចេកវិទ្យា និងប្រព័ន្ធផ្សព្វផ្សាយសង្គមជាប្រចាំ ដើម្បីជួយមនុស្សដែលងាយរងគ្រោះ និងជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/ឌីអុកស៊ីន ក្នុងការបញ្ចេញមតិរបស់ខ្លួនផងដែរ។

ដំណើរជីវិត និងការលះបង់យ៉ាងពេញលេញរបស់លោកគ្រូ ភឿង គឺជាសក្ខីភាពដ៏រស់រវើក
ដែលបង្ហាញថា ដោយមានការខិតខំប្រឹងប្រែង ស្ថានភាពលំបាកណាមួយក៏អាចត្រូវបានយកឈ្នះ ហើយអ្នកណាម្នាក់ ក្នុងកាលៈទេសៈណាក៏ដោយ ក៏អាចសម្របខ្លួនប្រកបដោយដោយទំនុកចិត្តនៅក្នុងសហគមន៍ផងដែរ៕