ដំណើរពីវិស្វករម្នាក់ ទៅជាមនុស្សដែលត្រូវបានលើកតម្កើងដោយ Fortune បីលើកជាប់ៗគ្នា គឺជាដំណើរដ៏វែងឆ្ងាយមួយ។ ចាប់ពីប៉ុន្មានថ្ងៃដំបូងនៃការកសាងឧស្សាហកម្មទឹកដោះគោ រហូតដល់ពេលក្លាយជាម៉ាកយីហោវៀតណាមដែលមានសមត្ថភាពប្រកួតប្រជែងនៅលើទីផ្សារអន្តរជាតិ។

នៅក្នុងបញ្ជីស្ត្រីមានឥទ្ធិពលបំផុតនៅអាស៊ីឆ្នាំ ២០២៦ របស់ទស្សនាវដ្តី Fortune លោកស្រី Mai Kieu Lien ជាប់ចំណាត់ថ្នាក់ទី ៧១ កើនឡើង ២ កាំបើធៀបនឹងឆ្នាំ ២០២៥ និង ៤ កាំបើធៀបនឹងលើកដំបូងនៅឆ្នាំ ២០២៤។ ទស្សនាវដ្តី Fortune បានគូសបញ្ជាក់ជាពិសេសអំពីដំណើររបស់លោកស្រី Mai Kieu Lien ពីវិស្វករផ្នែកទឹកដោះគោ ទៅជានាយិកាប្រតិបត្តិម្នាក់ដែលបម្រើការយូរបំផុតរបស់វៀតណាម ហើយបានដឹកនាំក្រុមហ៊ុន Vinamilk ឆ្លងកាត់ដំណើរការធ្វើឯកជនភាវូបនីយកម្ម ការចុះបញ្ជី និងពង្រីកទៅកាន់ទីផ្សារអន្តរជាតិ។ លោកស្រី Mai Kieu Lien បានចែករំលែកថា៖

“ក្រោយរយៈពេល ៥០ ឆ្នាំ ខ្ញុំដឹងថា ការចាប់ផ្ដើមអាជីពក្នុងឧស្សាហកម្មទឹកដោះគោគឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវ។ ពីព្រោះខ្ញុំបានរួមចំណែកក្នុងការកសាងឧស្សាហកម្មទឹកដោះគោវៀតណាមដែលជនវៀតណាមធ្វើម្ចាស់ និងត្រូវបានពិភពលោកស្គាល់ដល់”។

នៅឆ្នាំ ១៩៧៦ បន្ទាប់ពីបញ្ចប់ការសិក្សាផ្នែកកែច្នៃផលិតផលទឹកដោះគោនៅសហភាពសូវៀត លោកស្រី Mai Kieu Lien បានវិលត្រឡប់មកប្រទេសវៀតណាមវិញ ហើយចាប់ផ្តើមធ្វើការនៅរោងចក្រផលិតទឹកដោះគោ Truong Tho។ នេះក៏ជាពេលវេលាដែលឧស្សាហកម្មទឹកដោះគោក្នុងស្រុកស្ទើរតែចាប់ផ្តើមដំណើរការក្រោមលក្ខខណ្ឌនៃការខ្វះខាតវត្ថុធាតុដើម ឧបករណ៍ និងបុគ្គលិកបច្ចេកទេស។ ពីតួនាទីជាវិស្វករម្នាក់ លោកស្រីបានចាប់ផ្ដើមកាន់តួនាទីគ្រប់គ្រង ហើយក្លាយជាអគ្គនាយិកាក្រុមហ៊ុន Vinamilk ក្នុងឆ្នាំ ១៩៩២។ ក្នុងរយៈពេលជាង ៣០ ឆ្នាំក្នុងនាមជាមេដឹកនាំ លោកស្រីបានដឹកនាំក្រុមហ៊ុន Vinamilk ឆ្លងកាត់ការផ្លាស់ប្តូរដ៏សំខាន់នៃសេដ្ឋកិច្ចវៀតណាម៖ ពីសេដ្ឋកិច្ចអោបក្រសោបទៅជាសេដ្ឋកិច្ចទីផ្សារ ការបើកទ្វារ ធ្វើសមាហរណកម្ម និងប្រកួតប្រជែងដោយផ្ទាល់ជាមួយសាជីវកម្មអន្តរជាតិ។ ដោយប្រកាន់ខ្ជាប់នូវគោលការណ៍ដែលថា ភាពជោគជ័យរយៈពេលវែងតម្រូវឱ្យសហគ្រាសត្រូវមានសមត្ថភាពខ្លួនទីពឹងខ្លួន Vinamilk បានអនុវត្តន៍បច្ចេកវិទ្យា និងសាងសង់កសិដ្ឋានទំនើបៗ... ក្នុងនោះគុណភាពត្រូវបានដាក់ជាអាទិភាពចម្បងជានិច្ច ដែលជួយក្រុមហ៊ុន Vinamilk រក្សាឋានៈឈានមុខគេរបស់ខ្លួន។ លោកស្រី Mai Kieu Lien បានចែករំលែកថា៖

“នៅឆ្នាំ ១៩៩៧ ចាប់ផ្ដើមកម្មវិធីប្ដូរប្រេងយកស្បៀងអាហាររបស់អង្គការសហប្រជាជាតិ។ នៅពេលនោះ យើងបានបរិច្ចាគពីរកុងតឺន័រទៅឱ្យប្រទេសអ៊ីរ៉ាក់។ កុងតឺន័រមួយជាទឹកដោះគោម្សៅសម្រាប់កុមារ។ ប្រទេសអ៊ីរ៉ាក់បានត្រួតពិនិត្យគុណភាព ហើយបន្ទាប់មកបានហោះហើរមកវៀតណាម។ យើងបាននាំពួកគេទៅរោងចក្រដើម្បីទស្សនាដំណើរការបច្ចេកវិទ្យា។ បន្ទាប់នោះ ខាងអ៊ីរ៉ាក់បានបញ្ជាទិញទឹកដោះគោចំនួន ៣០០ តោនតែម្ដង។ មុននោះ ប្រទេសវៀតណាមមិនមានឧស្សាហកម្មទឹកដោះគោទេ។ ឥឡូវនេះយើងបានអភិវឌ្ឍន៍ហើយយើងអាចនាំចេញបាន។ នោះគឺជាមោទនភាពដ៏ធំធេងណាស់”។

ឆ្នាំនេះគឺជាខួប ៥០ឆ្នាំនៃការបង្កើតនិងការអភិវឌ្ឍរបស់ក្រុមហ៊ុន Vinamilk។ ពីចំណុចចាប់ផ្តើមនៅឆ្នាំ ១៩៧៦ ផលិតផលរបស់ក្រុមហ៊ុន Vinamilk សព្វថ្ងៃនេះ មានវត្តមាននៅក្នុងប្រទេសនិងដែនដីចំនួន ៦៧ ដោយមានប្រាក់ចំណូលនាំចេញសរុបលើសពី ៣,៩ ពាន់លានដុល្លារអាមេរិក។ បច្ចុប្បន្ន ក្រុមហ៊ុនជាប់ចំណាត់ថ្នាក់លេខ ៣៦ នៅទូទាំងពិភពលោកទាក់ទងនឹងប្រាក់ចំណូលក្នុងឧស្សាហកម្មទឹកដោះគោ និងមានតម្លៃម៉ាកយីហោ ២,៦ ពាន់លានដុល្លារ។ តួរលេខទាំងនេះបង្ហាញពីទំហំដែលក្រុមហ៊ុន Vinamilk សម្រេចបានបន្ទាប់ពីកន្លះសតវត្សរ៍ ប៉ុន្តែវាមិនឆ្លុះបញ្ចាំងពេញលេញនូវអ្វីៗដែលបានបង្កើតឡើងដំណើរនេះទេ។ នៅក្នុងបទសម្ភាសន៍ជាច្រើនអំពីក្រុមហ៊ុន Vinamilk លោកស្រី Mai Kieu Lien កម្រដាក់ខ្លួនឯងនៅចំកណ្តាលទេ។ លោកស្រីនិយាយច្រើនអំពីក្រុមការងារ អំពីជំនាន់ៗដែលបានកសាងក្រុមហ៊ុន និងការទទួលខុសត្រូវក្នុងការត្រៀមរៀបចំមនុស្សជំនាន់ក្រោយ។ លោកស្រី ង្វៀន ធី ធូ ហឿង នាយិការោងចក្រផលិតទឹកដោះគោ Thong Nhat (Vinamilk) ដែលជាសមាជិកាម្នាក់ក្នុងក្រុមរបស់លោកស្រី Mai Kieu Lien បានឲ្យដឹងថា៖

“នៅក្នុងប៉ុន្មានថ្ងៃដំបូងនៅរោងចក្រ ខ្ញុំពិតជាមានភ័ពសំណាងណាស់។ ខ្ញុំសប្បាយចិត្តព្រោះខ្ញុំអាចរៀន និងធ្វើការចំវិជ្ជាជីវៈនោះ ហើយក៏មានភាពជឿនលឿនដូចនៅលើពិភពលោកដែរ”។

បន្ទាប់ពីកន្លះសតវត្សរ៍ រឿងរ៉ាវនៃសហគ្រាសនេះ មិនត្រឹមតែត្រូវបាននិទានតាមរយៈទំហំ ឬតួរលេខកំណើនប៉ុណ្ណោះទេ ថែមទាំងតាមរយៈជំនាន់ជាច្រើនដែលបានរួមគ្នាកសាងសហគ្រាសវៀតណាមមួយ ដែលមានសមត្ថភាពប្រកួតប្រជែងជាមួយពិភពលោកទៀតផង។ នៅ Vinamilk អ្នកស្រី Le Kim Hang បុគ្គលិកឯកទេសផ្នែកទីផ្សារ មានឱកាសបង្ហាញពីសេចក្តីប្រាថ្នាហ៊ានគិត ហ៊ានធ្វើ៖

“ហ៊ានស្នើគំនិតថ្មីៗ។ ហ៊ានធ្វើអ្វីៗដែលមិនធម្មតាបន្តិច។ ខ្ញុំគិតថាវាល្អ។ ហ៊ានបង្ហាញទស្សនៈរបស់ខ្លួនដោយទំនុកចិត្ត និងហ៊ានទទួលមតិប្រតិកម្មពីមនុស្សគ្រប់គ្នា”។

ធ្វើម្ចាស់ដើម្បីជៀសវាងការពឹងផ្អែក រក្សាស្តង់ដារគុណភាពដើម្បីការពារជំនឿជាក់របស់អ្នកប្រើប្រាស់ និងផ្លាស់ប្តូរដោយឥតឈប់ឈរដើម្បីឆ្ពោះទៅមុខ គឺជាសញ្ញាសម្គាល់ដ៏ច្បាស់លាស់បំផុតរបស់លោកស្រី Mai Kieu Lien បន្ទាប់ពីកន្លះសតវត្សរ៍ផ្សាភ្ជាប់នឹង Vinamilk។ មេដឹកនាំ Vinamilk រូបនេះនៅតែកំពុងធ្វើការជាមួយសហការីដើម្បីកសាងសហគ្រាសវៀតណាមដែលមានកម្លាំងផ្ទៃក្នុងគ្រប់គ្រាន់ដើម្បីអាចឈានទៅឆ្ងាយ និងមានគ្រឹះរឹងមាំគ្រប់គ្រាន់សម្រាប់មនុស្សជំនាន់ក្រោយអាចបន្តដំណើរនោះ៕