សំឡេង​ម៉ាស៊ីន​ដេរ និងសំឡេង​កាត់​ក្រណាត់​បន្លឺ​ឡើងក្នុងលំហរ​តូច​មួយ​ ​នៃ​រោងចក្រ​ដេរ​ទង់ជាតិ​​ដោយ​លោក ហ្វាម ក្វាង ខុយ បង្កើតឡើង ជា​កន្លែង​ដែល​ជាងម្នាក់ៗ ធ្វើការ​យ៉ាង​យកចិត្តទុកដាក់​ជាមួយ​នឹង​ថ្នេរ​នីមួយៗ។ មនុស្ស​ម្នាក់ៗ​មាន​កាលៈទេសៈ​ផ្ទាល់ខ្លួន ប៉ុន្តែ​នៅទីនេះ ពួកគេ​រកឃើញ​សេចក្តី​រីករាយ​ក្នុង​ការងារ​ ក៏ដូចជា​ការ​ចែករំលែក​បទពិសោធន៍​ជាមួយ​អ្នកដែលមាន​ស្ថានភាព​ស្រដៀងគ្នា។

“ធ្វើការនៅទីនេះ ខ្ញុំ​មាន​អារម្មណ៍​ស្រួល​ជាង។ លោក ខុយ គឺជា​គ្រូ​ដ៏​ល្អ​ម្នាក់។ កាលពីមុននេះ ៩ឆ្នាំ នាគ្រា​ខ្ញុំ​មកដល់រោងនេះជាលើកដំបូង លោក ខុយ បានបង្រៀនខ្ញុំយ៉ាងយកចិត្តទុកដាក់ ពោលគឺលោកបាន​បង្រៀន​ខ្ញុំ​ដោយ​អត់ធ្មត់​នូវ​ថ្នេរ​នីមួយៗ។ ឥឡូវនេះ ខ្ញុំ​មាន​ជំនាញ​ស្ទាត់ច្រើន​ជាង​មុន”។

“ពេលខ្ញុំមកដល់រោងដេរ ខ្ញុំមានការងារធ្វើ ខ្ញុំមានមិត្តភក្តិ និងមិត្តរួមការងារកាន់តែច្រើន ហើយខ្ញុំពិតជាសប្បាយចិត្តណាស់។ លោកខុយ គឺជាគ្រូបង្រៀនដែលមានភាពស្វាហាប់ខ្លាំងណាស់”។

គ្រូបង្រៀនម្នាក់នេះដែលបានបង្រៀនជំនាញរបស់ខ្លួនទៅសិស្សពិសេសទាំងនេះ ប៉ុន្តែខ្លួនលោកក៏មានរបួសជាច្រើនផងដែរ។ កាលពីមុននេះ លោក ហ្វាម ក្វាង ខុយ ដែលកើតនៅឆ្នាំ ១៩៦៣ ជាអ្នកបច្ចេកទេសកំពុងកែសម្រួលម៉ាស៊ីនប៉ាក់នៅសហគ្រាសផលិតម៉ាស៊ីន ដេរ ថាំង ឡុង។ នៅឆ្នាំ ២០០៤ លោក ខុយ ជាអកុសលបានជួបគ្រោះថ្នាក់ចរាចរណ៍ក្នុងអំឡុងពេលធ្វើដំណើរអាជីវកម្ម ហើយបានបាត់បង់ជើងឆ្វេង និងពាក់កណ្តាលនៃជើងស្តាំរបស់ខ្លួន។ បន្ទាប់ពីឧប្បត្តិហេតុ លោក ខុយ បានដឹងថា មានតែការខិតខំប្រឹងប្រែងប៉ុណ្ណោះដែលអាចជួយលោកឱ្យមានទំនុកចិត្តលើខ្លួនឯងឡើងវិញ និងស្វែងរកអត្ថន័យក្នុងជីវិត។ លោកយល់ពីអារម្មណ៍តូចចិត្តរបស់អ្នកដែលមានពិការភាព ហើយមិនត្រឹមតែចង់ខិតខំជួយដោយខ្លួនឯង ប៉ុន្តែថែមទាំងជួយអ្នកដទៃឱ្យជំនះពុះពារក្នុងជីវភាពទៀតផង។

លោក ហ្វាន ក្វាង ខុយ បានចែករំលែកថា៖ “បន្ទាប់ទៅបំពេញការងារនៅភាគខាងត្បូង ខ្ញុំបានជួបគ្រោះថ្នាក់ចរាចរណ៍ ហើយបានក្លាយជាជនពិការ ដែលធ្វើឱ្យជីវភាពប្រចាំថ្ងៃមានការលំបាកយ៉ាងខ្លាំង។ ដោយសារខ្ញុំមានជំនាញក្នុងការបង្រៀនការដេរឧស្សាហកម្ម ខ្ញុំបានបង្កើតរោងចក្រដេរទង់ជាតិមួយ ដែលខ្ញុំអាចរៀនបានក្នុងពេលកំពុងធ្វើការ ដើម្បីបង្កើតការងារសម្រាប់ជនពិការ។ ខ្ញុំចង់បង្កើតការងារជាច្រើនសម្រាប់ជនពិការ ដែលសមស្របទៅនឹងស្ថានភាពសុខភាពរបស់មនុស្សម្នាក់ៗ”។

នៅឆ្នាំ ២០០៨ លោក ខុយ បានបង្កើតរោងចក្រដេរទង់ជាតិមួយ។ ថ្ងៃដំបូងនៃការបង្កើតរោងចក្រគឺមានការលំបាក ប៉ុន្តែជាសំណាងល្អ ក្រុមគ្រួសាររបស់លោកបានគាំទ្រយ៉ាងពេញទំហឹង។ ការប្តេជ្ញាចិត្តនេះ ដែលបានផ្តល់ឱ្យលោក ខុយ នូវទំនុកចិត្ត និងកម្លាំងចិត្តដើម្បីតស៊ូក្នុងការងារនេះអស់រយៈពេលជាច្រើនឆ្នាំ។ លោក ហ្វាម ក្វាង ខុយ បាននិយាយថា៖ “បញ្ហាប្រឈមដ៏ធំបំផុតគឺការបង្រៀនវិជ្ជាជីវៈ មុនពេលបង្កើតការងារសម្រាប់ជនពិការ។ ខ្ញុំត្រូវស្រាវជ្រាវ និងស្វែងយល់ពីវិធីសាស្រ្តជាច្រើនក្នុងការបន្តវិជ្ជាជីវៈ និងកែសម្រួលគ្រឿងចក្រ។ អ្នកហ្វឹកហាត់ម្នាក់ៗ មានពិការភាពប្រភេទផ្សេងៗគ្នា ដូច្នេះខ្ញុំបានរកឃើញវិធីសាស្រ្តផ្សេងៗគ្នាក្នុងការបង្រៀនវិជ្ជាជីវៈ”។

នៅក្នុងខែមករា ឆ្នាំ២០២១ ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃការធ្វើសមាហរណកម្ម និងការអភិវឌ្ឍ លោក ខុយ បានឈានមួយជំហានទៀតទៅមុខដោយបង្កើតក្រុមហ៊ុនទទួលខុសត្រូវមានកម្រិតសង្គម ៣/១២។ ជាមួយនឹងនីតិបុគ្គល ត្រា និងវិក្កយបត្រផ្ទាល់ខ្លួន អាជីវកម្មនេះដំណើរការកាន់តែមានស្ថេរភាពនិងវិជ្ជាជីវៈ ដោយពង្រីកទំហំផលិតកម្មរបស់ខ្លួន និងបង្កើតឱកាសការងារកាន់តែច្រើនសម្រាប់ជនពិការ។

ការយកចិត្តទុកដាក់របស់លោកគ្រូម្នាក់នេះ មិនត្រឹមតែត្រូវបានបង្ហាញនៅក្នុងវិធីដែលលោកបង្កលក្ខណៈសម្រាប់សិក្ខាកាមនឹងនរចិត្តផ្សាភ្ជាប់នឹងការងារ។ នៅក្នុងរោងចក្រនេះ អ្នកហ្វឹកហាត់បានរៀន និងធ្វើការក្នុងពេលតែមួយ ដែលពួកគេមិនត្រឹមតែមិនបាច់បង់ថ្លៃសិក្សាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទទួលបានអាហារថ្ងៃត្រង់ពីគាត់ផងដែរ។ នៅពេលដែលពួកគេក្លាយជាអ្នកជំនាញ ពួកគេត្រូវបានបង់ប្រាក់ដោយយុត្តិធម៌ទៅតាមសមត្ថភាពរបស់ពួកគេ។ ទោះបីជាអ្នកហ្វឹកហាត់ពេលខ្លះមានភាពឆ្គង ធ្វើខុស ឬភ្លេចជំហានក៏ដោយ លោក ខុយនៅតែណែនាំដោយអត់ធ្មត់ បង្កើនប្រាក់ឈ្នួលដើម្បីជួយអ្នកទាំងនេះ ទទួលបានការលើកទឹកចិត្តក្នុងការធ្វើការ។ អ្នកស្រី ង្វៀន ហុងមិញ ជាសិក្ខាកាមម្នាក់ បាននិយាយថា៖ "ខ្ញុំមានពិការភាពចល័ត។ ខ្ញុំបានរៀននៅរោងចក្រដេររបស់លោក ខុយ តាំងពីឆ្នាំ ២០១០។ ដំបូងឡើយ ការដេរមានការលំបាកខ្លាំងណាស់ ព្រោះខ្ញុំមិនអាចលាតដៃរបស់ខ្ញុំបាន។ បន្ទាប់ពីមួយរយៈ ដៃរបស់ខ្ញុំឥឡូវនេះមានជំនាញជាងមុន។ នៅរោងដេរ ខ្ញុំចុះសម្រុងជាមួយមនុស្សដែលស្ថិតក្នុងកាលៈទេសៈស្រដៀងគ្នា។ ខ្ញុំមានអារម្មណ៍រីករាយណាស់ដែលមានទាំងការងារ និងមិត្តភក្តិថ្មី។ ខ្ញុំក៏ជួយមនុស្សថ្មី ក្នុងការងារផងដែរ"។

មិនត្រឹមតែស្ថិតក្នុងការបង្រៀនជំនាញវិជ្ជាជីវៈ លោក ខុយ ក៏ផ្តោតលើការបណ្តុះបណ្តាលសិក្ខាកាមអំពីជំនាញជីវិតជាមូលដ្ឋានផងដែរ។ យោងតាមលោក មនុស្សម្នាក់ៗមានកាលៈទេសៈ និងបុគ្គលិកលក្ខណៈខុសៗគ្នា ដូច្នេះពួកគេត្រូវការការអត់ធ្មត់ និងការណែនាំពីរឿងតូចតាចបំផុត។ នៅក្នុងរោងដេរ លោក ខុយ បានរចនាដំណើរការការងារដ៏រលូន។ មនុស្សម្នាក់ៗទទួលខុសត្រូវចំពោះដំណាក់កាលដាច់ដោយឡែកមួយ៖ អ្នកខ្លះដេរបន្ទាត់ត្រង់ អ្នកខ្លះដេរតាមអង្កត់ទ្រូង អ្នកខ្លះបត់ និងអ្នកខ្លះបញ្ចប់។ ផលិតផលនៅរោងដេរមានភាពចម្រុះទាំងការរចនា និងទំហំ។ រាល់ថ្នេរ និងអំបោះនៅទីនេះមិនត្រឹមតែបង្កើតទង់ជាតិដ៏រស់រវើកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងត្បាញជំនឿ និងក្តីសង្ឃឹមសម្រាប់អ្នកដែលកំពុងជំនះការលំបាកដើម្បីក្រោកឈរឡើងក្នុងជីវិតផងដែរ។

នាពេលអនាគត លោកខុយសង្ឃឹមថា នឹងបើកទូលាយរោងដេររបស់លោក ដើម្បីជួយដល់ប្រជាជនអភពក្រីក្របន្ថែមទៀត។ ចំពោះលោក ការជួយជនពិការមិនមែនគ្រាន់តែជាការបង្រៀនពួកគេអំពីមុខរបរនោះទេ ប៉ុន្តែសំខាន់ជាងនេះទៅទៀត គឺការបង្កើតឱកាសសម្រាប់ពួកគេឱ្យធ្វើការពិតប្រាកដ ចិញ្ចឹមជីវិត និងសម្របខ្លួនទៅក្នុងសហគមន៍៕