ប្រជាជនរាប់ពាន់គ្រួសារបានក្លាយជាម្ចាស់ផ្ទះដ៏កក់ក្តៅ និងសុភមង្គល អាស្រ័យដោយប្រកបរបរដាំដើមមន ចិញ្ចឹមដង្កូវនាង។ នៅក្នុងដំណើរនោះ មានការរួមចំណែកដ៏លេចធ្លោនៃសហករណ៍ដាំដើមមនចិញ្ចឹមដង្កូវនាង ហាញឡេ (Hạnh Lê) ដោយតភ្ជាប់កសិករជាមួយសហគ្រាស និងរួមចំណែកដល់ការពង្រីករបរចិញ្ចឹមជីវិតសម្រាប់គ្រួសារជាច្រើននៅក្នុងតំបន់។ ជាពិសេស កិច្ចខិតខំប្រឹងប្រែងដោយមិនចេះនឿយហត់របស់លោកស្រី ង្វៀន ហុងឡេ (Nguyễn Hồng Lê) នាយិកាសហករណ៍ ក្នុងការបង្រៀនរបរនិងបំផុសគំនិតដល់អ្នកដទៃ បានបើកទិសដៅប្រកបដោយចីរភាពសម្រាប់សេដ្ឋកិច្ចជនបទនៅតំបន់ខ្ពង់រាបនេះ។
ដោយប្រសូត្រក្នុងគ្រួសារកសិករសុទ្ធសាធ លោកស្រី ង្វៀន ធី ហុងឡេ យល់ច្បាស់ពីការលំបាកលំបិនរបស់កសិករ។ ដូច្នេះ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច លោកស្រីមិនចាប់ផ្តើមជាមួយនឹងគោលដៅធំៗពេកទេ ប៉ុន្តែជាមួយគោលដៅដ៏សាមញ្ញបំផុតគឺធ្វើឱ្យសេដ្ឋកិច្ចគ្រួសារ មានស្ថេរភាព និងអនុញ្ញាតឱ្យប្រជាជនអាចរស់នៅបានល្អនៅហ្នឹងស្រុកកំណើត។ ពីគំនិតនេះ សហករណ៍ដាំដើមមនចិញ្ចឹមដង្កូវនាង ហាញឡេ ត្រូវបានបង្កើតឡើង និងអភិវឌ្ឍន៍បន្តិចម្តងៗ។ ចំណុចលេចធ្លោនៃសហករណ៍នេះ គឺមូលដ្ឋានចិញ្ចឹមដង្កូវនាងប្រមូលផ្ដុំ ដែលមានផ្ទៃដី ១៥០ ម៉ែត្រការ៉េ រួមជាមួយនឹងចម្ការដើមមនអាជីវកម្ម ២,៥ ហិកតា។ លោកស្រី ង្វៀន ធីហុងឡេ បានចែករំលែកថា៖
“ប្រាក់ចំណូលពីដើមមន មានស្ថេរភាពណាស់ ហើយទិន្នផលបច្ចុប្បន្នត្រូវបានក្រុមហ៊ុន មកប្រមូលទិញដោយផ្ទាល់ពីកសិករ ក្នុងតម្លៃខ្ពស់ ជួនកាលឡើងដល់ ២៤ ម៉ឺនដុង (៨ ដុល្លារអាមេរិក) ក្នុងមួយគីឡូក្រាម។ ដូច្នេះ បងប្អូននឹងនរចិត្តបង្កបង្កើនផល ដាំដើមមនចិញ្ចឹមដង្កូវនាង។ តំបន់ផ្សេងៗក៏បានឃើញប្រសិទ្ធភាពពីឃុំ ជិនអៀន ហើយបានមកទីនេះដើម្បីរៀនសូត្របទពិសោធន៍ផងដែរ”។
សហករណ៍ដាំដើមមនចិញ្ចឹមដង្កូវនាង ហាញឡេ បានតភ្ជាប់ក្រុមសហករណ៍ចំនួន ៣ ដែលមានសមាជិក ១១៦ នាក់ ហើយក្លាយជាស្ពានតភ្ជាប់ការចុះហត្ថលេខាលើកិច្ចសន្យា ដោយផ្ទាល់ជាមួយក្រុមហ៊ុនភាគហ៊ុនសូត្រដើមមន អៀនបាយ។ ការធានាការប្រមូលទិញ បានជួយបង្កើនតម្លៃនៃសំបុកដង្កូវនាងគួរឲ្យកត់សម្គាល់ ហើយបានបង្កើតការងារសម្រាប់ពលករអចិន្រ្តៃយ៍ និងតាមរដូវជាច្រើន ដែលជួយប្រជាជននឹងនរចិត្តផ្សាភ្ជាប់នឹងការងារនេះ។ លោកស្រី ង្វៀនធីញ៉ុង មកពីភូមិ ភុកឌិញ (Phúc Đình) ឃុំ ជិនអៀន បាននិយាយថា៖
“ខ្ញុំបានធ្វើការនៅទីនេះអស់រយៈពេល ៩ ឆ្នាំមកហើយ។ ខ្ញុំធ្លាប់បានធ្វើការនៅកន្លែងជាច្រើន ប៉ុន្តែគ្មានកន្លែងណាល្អជាងសហករណ៍ហាញឡេទេ។ ការងារនេះមានស្ថិរភាព ហើយប្រាក់ចំណូលក៏ខ្ពស់ ចាប់ពី ១១ ទៅ ១២ លានដុងក្នុងមួយខែ។ សេដ្ឋកិច្ចគ្រួសារមានស្ថិរភាព។ ហើយការងារនេះក៏មិនពិបាកទេ វាសមរម្យសម្រាប់មនុស្សគ្រប់វ័យ”។
សហករណ៍ដើមមនដង្កូវនាង ហាញឡេ បច្ចុប្បន្នជាអ្នកផ្គត់ផ្គង់ ដង្កូវនាងនិងដើមមនពុជថ្មីដែលមានគុណភាពខ្ពស់ សម្រាប់សមាជិកសហករណ៍ ព្រមទាំងផ្សព្វផ្សាយចំណេះដឹងវិទ្យាសាស្ត្រ និងបច្ចេកទេសដើម្បីអភិវឌ្ឍន៍របរដាំដើមមន ចិញ្ចឹមដង្កូវនាងផងដែរ។ ក្នុងនាមជាគ្រួសារមួយក្នុងចំណោម ២០ គ្រួសារដែលទទួលបានការណែនាំបច្ចេកទេស និងការចែករំលែកបទពិសោធន៍លើការកសាងគំរូផលិតកម្មអាជីវកម្មដើមមនដង្កូវនាងប្រកបដោយប្រសិទ្ធភាពនោះ លោកស្រី ដាម ធីយឹន (Đàm Thị Dân) មកពីភូមិ ភូកឌិញ បានឲ្យដឹងថា៖
"ពីមុន ជីវភាពរស់នៅពិតជាលំបាកណាស់។ យើងមិនអាចមានលទ្ធភាពបង់ថ្លៃអគ្គិសនីបានទេ ហើយផ្ទះយើងខ្វះខាតច្រើនណាស់។ ប៉ុន្តែចាប់តាំងពីយើងចាប់ផ្តើមដាំដើមមន ប្រជាជនសប្បាយរីករាយយ៉ាងក្រៃលែង ហើយមានប្រាក់ចំណូលស្ថិរភាព។ ផ្ទះធំទូលាយ របស់របរប្រើប្រាស់ត្រូវបានទិញថ្មី ហើយជីវភាពរស់នៅរបស់យើងពិតជាប្រសើរឡើង"។
ដើម្បីពង្រីកអស់ពីសក្តានុពលនៃតំបន់ដាំដើមមនចិញ្ចឹមដង្កូវនាង សហករណ៍ ហាញឡេ បានអនុវត្តន៍វិធីសាស្ត្រច្នៃប្រឌិត នោះគឺអភិវឌ្ឍន៍សកម្មភាពទេសចរណ៍បទពិសោធន៍ ចាប់ពីការស្វែងយល់អំពីដំណើរការបេះស្លឹកដើមមន ការចិញ្ចឹមដង្កូវនាង រហូតដល់ការរវែអំបោះសូត្រ និងការត្បាញ ដែលបានផ្តល់លទ្ធផលសេដ្ឋកិច្ចគួរឲ្យកត់សម្គាល់។ ជារៀងរាល់ឆ្នាំ សហករណ៍សម្រេចបានប្រាក់ចំណូលជិត ២ ពាន់លានដុង (៧៥,០០០ ដុល្លារអាមេរិក) និងប្រាក់ចំណេញជិត ១ ពាន់លានដុង (ជាង ៣៥,០០០ ដុល្លារអាមេរិក)។ លោកស្រី ង្វៀន ធីង៉ា ប្រធានសមាគមកសិករឃុំ ជិនអៀន បានវាយតម្លៃថា៖
“សហករណ៍ដើមមនដង្កូវនាង ហាញឡេ គឺជាសហករណ៍មួយដែលធ្វើការប្រកបដោយប្រសិទ្ធភាពបំផុត។ ជាពិសេសសម្រាប់ឃុំ ជិនអៀន ដើមដើមមនជាដំណាំចម្បង ហើយសហករណ៍ ហាញឡេ បានផ្គត់ផ្គង់ ពូជដង្កូវនាង ដែលមានគុណភាពខ្ពស់ដល់សមាជិកសហករណ៍ និងពូជដើមមនថ្មីៗផងដែរ។ លើសពីនេះ ការអនុវត្តន៍ វិទ្យាសាស្ត្រនិងបច្ចេកទេសក្នុងការដាំមន្ត ចិញ្ចឹមដង្កូវនាងបានបង្កើនទិន្នផលសំបុកដង្កូវនាង កែលម្អគុណភាពស្លឹកដើមមន លើកកំពស់ប្រាក់ចំណូលរបស់សមាជិកសហករណ៍និយាយដោយឡែក ក៏ដូចជាសមាគមកសិករ និងប្រជាជននៃឃុំ ជិនអៀន និយាយរួម”។
ពីការទទួលបានប័ណ្ណសរសើរសម្រាប់ចលនាប្រឡងប្រណាំង "កសិករធ្វើផលិតកម្ម អាជីវកម្មពូកែគ្រប់ជាន់ថ្នាក់" ប័ណ្ណសរសើររបស់នាយករដ្ឋមន្ត្រីក្នុងឆ្នាំ ២០២៥ សម្រាប់សមិទ្ធផលក្នុងការកសាងជនបទថ្មី ក្នុងឆ្នាំ ២០២៦ លោកស្រី ង្វៀន ធី ហុងឡេ មានកិត្តិយសដោយបានក្លាយជាសមាជិកកសិករម្នាក់ក្នុងចំណោមសមាជិកកសិករបីនាក់នៃខេត្តឡាវកាយ ដែលត្រូវបានទទួលស្គាល់ជា "កសិករវៀតណាមឆ្នើមក្នុងរយៈពេល ៤០ ឆ្នាំនៃការផ្លាស់ប្ដូរថ្មី" - ជារង្វាន់ដែលសក្តិសមសម្រាប់ស្មារតីពលកម្មច្នៃប្រឌិត និងទទួលខុសត្រូវរបស់នាយិកា ង្វៀន ធី ហុងឡេ៕
