នៅក្នុងភូមិ Pha Khuong (ឃុំ Co Ma ខេត្តសឺនឡា) អ្នកស្រី Vì Thị Ía នៅតែធ្វើការយ៉ាងឧស្សាហ៍ព្យាយាម ជាមួយនឹងផ្ទាំងក្រណាត់នីមួយៗ ជារៀងរាល់ថ្ងៃ ក្នុងបំណងនាំយកពណ៌ក្រណាត់ចរបាប់ទៅកាន់គ្រប់ទីកន្លែង។
ដូចស្ត្រី ម៉ុង ស ដទៃទៀតដែរ អ្នកស្រី អៀ ធំធាត់ឡើងជាមួយនឹងរបរដេរប៉ាក់ដែលបានបង្រៀនដោយជីដូននិងម្តាយរបស់គាត់។ អាស្រ័យហេតុនេះ នាងអាចចេះពីបច្ចេកទេសកាត់ដេរសម្លៀកបំពាក់ប្រពៃណីបានយ៉ាងងាយស្រួល។ ទោះបីជាត្រូវឆ្លងកាត់ដំណាក់កាលដ៏ស្មុគស្មាញជាច្រើន - ចាប់ពីការកាត់យ៉ាងហ្មត់ចត់រហូតដល់ការដេរដោយដៃនូវលំនាំក្បូរក្បាច់នីមួយៗ ដែលត្រូវការពេលវេលានិងការខិតខំប្រឹងប្រែងយ៉ាងខ្លាំងក៏ដោយ - នាងនៅតែផ្សារភ្ជាប់នឹងមុខរបរនេះ។ ដំបូងឡើយ នាងមានបំណងកាត់ដេរសម្រាប់សាច់ញាតិតែប៉ុណ្ណោះ។ ប៉ុន្តែបន្ទាប់មក ដោយឃើញថាប្រជាជននៅក្នុងតំបន់ក៏ត្រូវការសម្លៀកបំពាក់ដ៏ស្រស់ស្អាតបំផុតផងដែរ នាងបានសម្រេចចិត្តដេរបន្ថែមទៀតដើម្បីបម្រើអ្នកភូមិ។ ដោយរំលឹកពីប៉ុន្មានថ្ងៃដំបូងៗ អ្នកស្រី អៀ បានចែករំលែកថា៖
“ដំបូងឡើយ វាពិបាកណាស់ ព្រោះអ្នកភូមិមិនសូវមានជីវភាពធូរធារ ដូច្នេះពួកគេមិនបានទិញច្រើនទេ។ ក្រោយមក ពេលដែលជីវភាពរស់នៅប្រសើរឡើង បងប្អូនក៏ទិញច្រើនជាងមុនដែរ។ ប្រការនោះបានផ្តល់ឱ្យខ្ញុំនូវទំនុកចិត្ត ដើម្បីបន្តដេររហូតមកដល់សព្វថ្ងៃនេះ”។
សំលៀកបំពាក់របស់ស្ត្រីជនជាតិ ម៉ុងស គឺជាស្នាដៃសិល្បៈដ៏ស្មុគស្មាញមួយ ដែលមានទាំងអាវ ខោ ខ្សែក្រវ៉ាត់ អាវអៀម និងកន្សែងពាក់ក្បាល។ អាវប្រពៃណីជាធម្មតាមានកអាវធំទូលាយ ដូច្នេះស្ត្រីតែងតែពាក់អាវអៀមពណ៌សនៅខាងក្រោម។ ផ្នែកខាងក្រោយនៃអាវអៀម ត្រូវបានប៉ាក់ដោយលំនាំរស់រវើក; ដៃអាវត្រូវបានផ្គុំយ៉ាងប៉ិនប្រសប់ពីក្រណាត់ពណ៌ខៀវចំនួន ២៥ ផ្ទាំង ដែលដាក់ជាស្រទាប់ៗដូចជាវាលស្រែកាំជណ្ដើរក្នុងរដូវវស្សា។ ដោយគួបផ្សំជាមួយនឹងខ្សែក្រវ៉ាត់ដែលប៉ាក់ក្បូរក្បាច់រចនា សំលៀកបំពាក់នីមួយៗមានលក្ខណៈប្លែកពីគេដែលមិនអាចច្រឡំបាន។
ដើម្បីសម្រេចសម្លៀកបំពាក់ប្រពៃណី ម៉ុងស មួយឈុតយ៉ាងពេញលេញ ជាងកាត់ដេរជំនាញពីរនាក់ ត្រូវធ្វើការយ៉ាងយកចិត្តទុកដាក់អស់រយៈពេលជិតបួនថ្ងៃទាំងយប់។ ដោយយល់អំពីនិន្នាការសម័យទំនើប អ្នកស្រី អៀ មិនឈប់នៅវិធីសាស្ត្រកាត់ដេរបែបប្រពៃណីទេ។ នាងបានស្រាវជ្រាវដោយខ្លួនឯង និងផ្សំសម្ភារៈឧស្សាហកម្ម ដើម្បីបង្កើតការរចនាបែបយុវវ័យ និងចម្រុះពណ៌ ដែលទាំងរក្សាលក្ខណៈប្រពៃណីផង និងទាក់ទាញយុវជនផង។
មិនត្រឹមតែបំពេញការបញ្ជាទិញនៅក្នុងភូមិប៉ុណ្ណោះទេ ប៉ុន្តែអ្នកស្រី អៀ និងប្ដី ក៏នាំយកផលិតផលរបស់ខ្លួនទៅកាន់ផ្សារតំបន់ខ្ពង់រាបនៅ Tuan Giao, Tua Chua (ខេត្តឌៀនបៀន) ផងដែរ។ អាស្រ័យដោយចេះប្រើប្រាស់ Zalo, Facebook និង TikTok យ៉ាងឆ្លាតវៃ ម៉ាកយីហោរបស់ពួកគេត្រូវបានមនុស្សស្គាល់ដល់កាន់តែច្រើន ហើយសម្លៀកបំពាក់ប្រពៃណីជនជាតិ ម៉ុងស Co Ma បានធ្វើដំណើរតាមអ្នកដឹកជញ្ជូនរហូតដល់ខេត្ត Lai Chau, Thanh Hoa, Dak Nong, Dak Lak... ជាអតិថិជនស្មោះត្រង់ម្នាក់មកពីឃុំ Phinh Ho (ខេត្ត Lai Chau) អ្នកស្រី Sung Thi Chia បានចែករំលែកថា៖
"ខ្ញុំពិតជាចូលចិត្តសម្លៀកបំពាក់ដែលធ្វើឡើងដោយអ្នកស្រី អៀ ពីព្រោះសម្លៀកបំពាក់របស់គាត់មានរចនាបថ ខុសប្លែកពីសម្លៀកបំពាក់ដែលដេរនៅទីនេះ។ មិនត្រឹមតែខ្ញុំទេ ប៉ុន្តែមនុស្សជាច្រើននៅទីនេះ ក៏ចូលចិត្តដែរ ដូច្នេះក្រៅពីទិញសម្រាប់ខ្លួនឯង ខ្ញុំក៏កុម្ម៉ុងបន្ថែមទៀតដើម្បីលក់ឱ្យបងប្អូននៅទីនេះផងដែរ"។
ធ្វើការបណ្ដើរ រៀនសូត្របណ្ដើរដើម្បីលើកកំពស់មុខជំនាញរបស់ខ្លួន អ្នកស្រី អៀ លក់សម្លៀកបំពាក់ជាមធ្យមពី ១២០-១៦០ ឈុតទៅកាន់ទីផ្សារជារៀងរាល់ឆ្នាំ ក្នុងតម្លៃ៤៨-៦៤ ដុល្លារអាមេរិក/ឈុត។ បន្ទាប់ពីបានផាត់រាល់ការចំណាយ នាងទទួលបានប្រាក់ចំណេញជាង ៥០០០ ដុល្លារអាមេរិក។ ប្រាក់ចំណូលស្ថិរភាពនេះជួយគ្រួសាររបស់នាងឱ្យមានលំនឹងជីវភាព ថែមទាំងជាដើមទុនសម្រាប់នាងវិនិយោគឡើងវិញដើម្បីបន្តអាជីពនេះផងដែរ។
មិនរក្សារបរសិប្បកម្មប្រពៃណីសម្រាប់តែខ្លួនឯងទេ អ្នកស្រី អៀ ក៏បានចំណាយពេលវេលាដើម្បីបង្រៀនបច្ចេកទេសកាត់ និងប៉ាក់ដល់បងប្អូនស្ត្រី និងយុវជននៅក្នុងភូមិ ដោយគោលបំណងចង់រក្សាអត្តសញ្ញាណវប្បធម៌សម្រាប់មនុស្សជំនាន់ក្រោយៗទៀតផង។ ដោយវាយតម្លៃអំពីគំរូនេះ លោក ថាវ អាកួ អនុប្រធានគណៈកម្មាធិការប្រជាជនឃុំ Co Ma បានឲ្យដឹងថា៖
“ការអភិរក្ស និងពង្រីកអត្តសញ្ញាណវប្បធម៌ជនជាតិម៉ុង ត្រូវបានរក្សាទុក និងផ្សព្វផ្សាយ។ គ្រួសារជាច្រើនបានវិនិយោគលើការដេរប៉ាក់សម្លៀកបំពាក់ជនជាតិម៉ុង។ ឧទាហរណ៍គំរូមួយ គឺគ្រួសាររបស់អ្នកស្រី Vì Thị Ía ក្នុងឃុំ Co Mạ ដែលបានទិញម៉ាស៊ីនកាត់ដេរដោយខ្លួនឯង ដើម្បីផលិតសម្លៀកបំពាក់ប្រពៃណីជនជាតិ ម៉ុង ស ដោយមានបំណងចង់ថែរក្សាសម្រស់ប្រពៃណីរបស់ជនជាតិខ្លួន។ ក្រៅពីការអភិរក្ស វាក៏ផ្តល់ប្រាក់ចំណូលបន្ថែមដល់គ្រួសារ និងបង្កើតការងារធ្វើសម្រាប់សមាជិកដទៃទៀតផងដែរ”។
ក្នុងសូរសំឡេងតន្ត្រីម៉ុងដ៏រស់រវើក ស្ត្រីជនជាតិ ម៉ុង ស រូបនេះ បានចែករំលែកផែនការរបស់នាងសម្រាប់អនាគត។ នាងមានបំណងចង់ពង្រីកហាងកាត់ដេរ វិនិយោគលើឧបករណ៍បន្ថែមទៀតដើម្បីបង្កើនផលិតភាព បង្កើតការងារធ្វើបន្ថែមទៀតសម្រាប់ស្ត្រីក្នុងតំបន់ ហើយបន្តរីកសាយភាយសេចក្តីស្រឡាញ់ចំពោះក្រណាត់ចរបាប់ប្រពៃណីដល់មនុស្សជំនាន់ក្រោយ៕
