សិល្បការិនីឆ្នើម Thuy My បច្ចុប្បន្នកំពុងធ្វើការនៅនាយកដ្ឋានអក្សរសាស្ត្រ - សិល្បៈ - តន្ត្រី (VOV3) នៃវិទ្យុសំឡេងវៀតណាម។ Thuy My បានចាប់ផ្តើមច្រៀងនៅអាយុ ៤ ឆ្នាំ ប៉ុន្តែក្រោយមកបានសម្រេចចិត្តភ្ជាប់អាជីពរបស់ខ្លួនទៅនឹងចាប៉ីប្រពៃណី ៣៦ ខ្សែវិញ។ ដោយទទួលបានការបំផុសគំនិតពីគ្រូបង្រៀន Thuy My បានខិតខំព្យាយាមសិក្សាឧបករណ៍ភ្លេងនេះអស់រយៈពេល ១៣ ឆ្នាំ ចាប់ពីកម្រិតបឋម រហូតដល់ឧត្តមសិក្សា។ មិនត្រឹមតែចាប៉ី ៣៦ ខ្សែប៉ុណ្ណោះទេ នាងក៏ស្ទាត់ជំនាញឧបករណ៍ភ្លេងជាច្រើនទៀតដូចជា ចាប៉ី ២ ខ្សែ ចាប៉ី t'rưng, k'long put ជាដើម។ ការយល់ដឹងសម្បូរបែបនេះបានធ្វើឱ្យនាងក្លាយជាតន្ត្រីការិនីដ៏ឆ្នើមម្នាក់ ហើយជួយនាងបង្ហាញដួងព្រលឹង និងអត្តសញ្ញាណរបស់ប្រជាជាតិយ៉ាងពេញលេញតាមរយៈបទភ្លេងនីមួយៗ។
«ដំបូងឡើយ ពេលដែលខ្ញុំបានឃើញចាប៉ី ៣៦ ខ្សែ ខ្ញុំមានការចាប់អារម្មណ៍យ៉ាងខ្លាំងព្រោះវាមានខ្សែច្រើនណាស់។ វាជាឧបករណ៍ភ្លេងដែលមានខ្សែច្រើនជាងគេនៅក្នុងវង់ប្រគុំតន្ត្រីប្រពៃណីវៀតណាម។ នៅពេលនោះ ខ្ញុំពិតជាចាប់អារម្មណ៍និងចង់រៀនពីរបៀបលេង។ ក្រោយមក ឪពុកម្តាយក៏បានណែនាំខ្ញុំផងដែរ។ ខ្ញុំបានរៀននៅវិទ្យាស្ថានតន្ត្រីហាណូយ ហើយបានប្រឡងជាប់។ ចាប់ពីពេលនោះមក មានសិល្បការិនីសម្ដែងឧបករណ៍ភ្លេងប្រពៃណី Nguyen Thuy My រហូតមកដល់សព្វថ្ងៃនេះ»។
នៅឆ្នាំ ២០១៣ សិល្បការិនី Thuy My បានសម្គាល់របត់មួយនៅក្នុងអាជីពជាអ្នកនិពន្ធ ជាមួយនឹងស្នាដៃភ្លេងដំបូងរបស់នាងដោយមានចំណងជើងថា "ជ្រុងមួយនៃតំបន់ខ្ពង់រាប" (សម្រាប់ចាប៉ី ១ ខ្សែ និងវង់ប្រគុំតន្ត្រីប្រពៃណីវៀតណាម) ដែលបានឈ្នះពានរង្វាន់លើកទឹកចិត្តពីសមាគមតន្ត្រីករវៀតណាម។ ដោយពង្រីកភាពជោគជ័យនេះ នាងបានបង្ហាញស្នាដៃនិពន្ធលេចធ្លោជាច្រើនជាបន្តបន្ទាប់។ នៅក្នុងស្នាដៃនីមួយៗ Thuy My តែងតែពង្រីកលក្ខណៈពិសេសនៃឧបករណ៍ភ្លេងប្រពៃណីនីមួយៗជាអតិបរមា ដើម្បីនាំមកនូវទស្សនៈថ្មីដល់ទស្សនិកជន។ សម្រាប់នាង ភាពច្នៃប្រឌិតគឺជាគន្លឹះ ហើយ តន្ត្រីករត្រូវតែបង្កើតរចនាប័ទ្ម ដែលរួមបញ្ចូលគ្នាប្រកបដោយសុខដុមរមនានូវតម្លៃប្រពៃណីជាមួយនឹងដង្ហើមសម័យកាល ដើម្បី "ធ្វើឲ្យថ្មី" តន្ត្រីប្រជាប្រិយ តាមនោះទាក់ទាញយុវជនជំនាន់ក្រោយ។
«បន្ទាប់ពីបញ្ចប់ការសិក្សា ខ្ញុំមកធ្វើការនៅវិទ្យុសំឡេងវៀតណាម ហើយបានក្លាយជាតន្ត្រីការិនី។ ក្នុងការងារប្រចាំថ្ងៃ ខ្ញុំអាចប្រាស្រ័យទាក់ទងជាមួយបទភ្លេងប្រជាប្រិយទាំងអស់មកពីតំបន់ផ្សេងៗគ្នា និងបទភ្លេងបុរាណផងដែរ។ ឪពុកម្តាយរបស់ខ្ញុំ ប្រៀបប្រដូចជាបណ្ណាល័យមួយអញ្ចឹង ដែលតែងតែគាំទ្រខ្ញុំក្នុងការងារជំនាញ ដើម្បីសម្រេចបានលទ្ធផលល្អបំផុត។ ក្រោយមក នៅពេលដែលខ្ញុំក្លាយជាតន្ត្រីការិនី បទពិសោធន៍ដ៏មានតម្លៃទាំងនោះមានប្រយោជន៍ខ្លាំងណាស់នៅក្នុងស្នាដៃដែលខ្ញុំបាននិពន្ធ»។
ដោយបានប្រសូត្រ និងធំដឹងក្ដីនៅទីក្រុងហាណូយ សិល្បការិនី Thuy My ជានិច្ចកាលជក់ចិត្តនឹងការនិពន្ធតន្ត្រីអំពីទឹកដីវប្បធម៌រាប់ពាន់ឆ្នាំមួយនេះ។ សេចក្តីស្រឡាញ់នោះបាននាំមកនូវពានរង្វាន់ដ៏មានកិត្យានុភាពជាច្រើនសម្រាប់នាង ជាពិសេសពានរង្វាន់ A ក្នុងឆ្នាំ ២០២៤ ជាមួយនឹងបទចម្រៀងកុមារ "ហាណូយ រដ្ឋធានីជាទីស្រឡាញ់របស់ខ្ញុំ"។ ដោយជ្រើសរើសផ្លូវដោយឡែកសម្រាប់ខ្លួន នៅពេលផ្តោតលើតន្ត្រីកុមារ នាងបានបញ្ចូលធាតុផ្សំប្រជាប្រិយទៅក្នុងបទភ្លេងនីមួយៗយ៉ាងប៉ិនប្រសប់។ មិនថាការសរសេរបទចម្រៀង ឬតន្ត្រីឧបករណ៍ភ្លេងទេ Thuy My នៅតែរក្សាផ្នត់គំនិតរបស់មនុស្សម្នាក់ដែលបានធំដឹងក្ដី អាស្រ័យដោយឧបករណ៍ភ្លេងប្រពៃណីវៀតណាម។ សម្រាប់នាង តន្ត្រីប្រពៃណីគឺជាទ្រព្យសម្បត្តិដែលមិនអាចកាត់ថ្លៃ ដូច្នេះត្រូវការលើកកម្ពស់ និងច្នៃប្រឌិត ដើម្បីឱ្យចង្វាក់ប្រពៃណីនេះ បន្តលាយបញ្ចូលជាមួយដង្ហើមនៃជីវភាពសហសម័យ។ សិល្បការិនីឆ្នើម Thu Trang បានឲ្យដឹងថា៖
“ជាមួយនឹងស្នាដៃទាំងអស់របស់នាង Thuy My តែងតែបង្កើតបាននូវសញ្ញាសម្គាល់ ជាមួយនឹងរចនាប័ទ្មផ្ទាល់ខ្លួន។ Thuy My ស្រឡាញ់ និងជក់ចិត្តចំពោះឧបករណ៍ភ្លេងនីមួយៗ។ តាមរយៈវគ្គថតសំឡេង Thuy My បានបំពេញភារកិច្ចរបស់នាងយ៉ាងល្អឥតខ្ចោះ ដើម្បីរួមជាមួយសហការី ក្នុងក្រុមតន្ត្រី នាំមកនូវស្នាដៃតន្ត្រីដ៏អស្ចារ្យពិតប្រាកដ”។
ក្នុងការវិវដ្តន៍ដោយឥតឈប់ឈរនៃតន្ត្រីសម័យទំនើប សិល្បការិនី Nguyen Thuy My នៅតែជ្រើសរើសផ្លូវផ្ទាល់ខ្លួនដោយស្ងៀមស្ងាត់ ដោយបណ្តុះក្នុងចិត្តយុវជនជំនាន់ក្រោយនូវសេចក្តីស្រឡាញ់ចំពោះតន្ត្រីប្រពៃណី។ ចាប់ពីសូរសំឡេងនៃចាប៉ី ៣៦ ខ្សែ រហូតដល់តន្ត្រីឧបករណ៍ភ្លេង និងបទចម្រៀងកុមារដ៏សម្បូរទៅដោយលក្ខណៈប្រជាប្រិយ នាងបាន និងកំពុងរួមចំណែកក្នុងការរក្សាលំហូរវប្បធម៌ជាតិ
ឱ្យស្រស់ថ្លាជានិច្ច។ ពេលក្រឡេកមើលដំណើរនោះឡើងវិញ មនុស្សម្នាមិនត្រឹមតែឃើញរូបភាពរបស់អ្នកសម្ដែងឧបករណ៍ភ្លេង និងតន្ត្រីការិនីម្នាក់ស្រីដែលមានទេពកោលស្យជាច្រើនប៉ុណ្ណោះទេ ថែមទាំងបានឃើញសេចក្តីស្រឡាញ់ដ៏មិនរង្គោះរង្គើរបស់សិល្បការិនីម្នាក់ចំពោះតម្លៃស្នូលនៃស្រុកកំណើតទៀតផង៕
