កើតនៅឆ្នាំ ២០០០ លោក ហូ មិញក្វាង គឺជាបុគ្គលម្នាក់ក្នុងចំណោមបុគ្គលគំរូ ២៦ នាក់ដែលទើបតែត្រូវបានលើកតម្កើងនៅក្នុងកម្មវិធី “ពន្លឺចែងចាំងនៃកម្លាំងចិត្តវៀតណាម" ឆ្នាំ ២០២៦។ បច្ចុប្បន្ននេះ លោកជាអនុប្រធានសមាគមជនខ្វាក់សង្កាត់ បាឌីញ ទីក្រុងហាណូយ និងជាសហស្ថាបនិកនៃក្រុមគំនិតផ្តួចផ្តើមដើម្បីសហគមន៍ Starlight។ ដោយមានពិការភាពភ្នែកតាំងពីនៅតូច លោក ក្វាង បានចែករំលែកថា៖
"ខ្ញុំកើតមិនគ្រប់ខែ ហើយភ្នែកម្ខាងត្រូវប៉ះពាល់ ដោយមើលឃើញមិនបានទេ។ កាលខ្ញុំមានអាយុ ៥ ឆ្នាំ ភ្នែកម្ខាងទៀតក៏ជួបបញ្ហាដូចគ្នាអញ្ចឹង។ ខ្ញុំបានរៀនអក្សរ ប្រេល បន្ទាប់មកបានចូលរៀននៅសាលា Nguyen Dinh Chieu រហូតដល់ចប់ថ្នាក់ទី ៩ មុនពេលផ្លាស់ទៅសាលា Nguyen Van To"។
អក្សរ ព័ត៌មាន និងឯកសារនៅលើកុំព្យូទ័រ និងឧបករណ៍អេឡិចត្រូនិចត្រូវបានបំប្លែងទៅជាសំឡេង ដែលជួយលោកទទួលបានចំណេះដឹងយ៉ាងងាយស្រួលជាង ដើម្បីបញ្ចប់ការសិក្សាថ្នាក់មធ្យមសិក្សា វិទ្យាល័យ និងសាកលវិទ្យាល័យ។ ហើយសព្វថ្ងៃនេះ លោក ក្វាង អាចរស់នៅដោយឯករាជ្យដូចអ្នកដទៃដែរ។
«ខ្ញុំចូលចិត្តរៀន។ ក្នុងដំណើរការសិក្សារៀនសូត្រនិងធ្វើការក្រោយមក កុំព្យូទ័រ និងទូរស័ព្ទគឺជាបច្ចេកវិទ្យាដែលជួយខ្ញុំយ៉ាងច្រើន។ ឧទាហរណ៍ វាអាចជួយខ្ញុំចូលប្រើទម្រង់ឯកសារផ្សេងៗគ្នា ឬជួយខ្ញុំស្វែងរក និងផ្ទៀងផ្ទាត់ព័ត៌មានស្រាវជ្រាវនៅក្នុងមេរៀននៅសាលា»។
បន្ទាប់ពីបញ្ចប់ការសិក្សា ហើយធ្វើការនៅសមាគមជនខ្វាក់សង្កាត់បាឌីញ ទីក្រុងហាណូយ លោក ក្វាង បានចូលរួមក្នុងគម្រោង «បំពាក់ជំនាញឌីជីថល និងសុវត្ថិភាពតាមអ៊ីនធឺណិតដល់ជនពិការភ្នែក»។ លោកបានរៀបចំវគ្គសិក្សា និងវគ្គបណ្តុះបណ្តាលដោយឥតគិតថ្លៃលើការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិចឆ្លាតវៃ និងការអនុវត្តបញ្ញាសិប្បនិម្មិត (AI) សម្រាប់ជនពិការភ្នែក។
«ពេលធ្វើការនៅសមាគមជនខ្វាក់សង្កាត់បាឌីញ ខ្ញុំបានប្រាស្រ័យទាក់ទងជាមួយអ្នកដទៃ ហើយលឺគេនិយាយថា ជួបប្រទះនឹងការលំបាកក្នុងជីវភាព។ ខ្ញុំគិតថា ការលំបាកទាំងនេះអាចដោះស្រាយបាន ដោយប្រើបច្ចេកវិទ្យា ដូច្នេះខ្ញុំបានបើកថ្នាក់មួយដើម្បីចែករំលែកជាមួយមនុស្សគ្រប់គ្នាអំពីរបៀបអនុវត្តន៍បច្ចេកវិទ្យាដើម្បីដោះស្រាយការងារប្រចាំថ្ងៃ។ ជនពិការភ្នែកទទួលបានអត្ថប្រយោជន៍ពីបច្ចេកវិទ្យា។ មនុស្សគ្រប់គ្នាត្រូវបំពាក់ខ្លួនជាមួយនឹងជំនាញបច្ចេកវិទ្យា»។
សិក្ខាកាមជាច្រើន អាស្រ័យដោយបានចូលរៀនថ្នាក់របស់លោក ហូ មិញក្វាង ក្រោយមកបានរកឃើញការងារដែលមានស្ថិរភាព។ លោក ហ័ង វ៉ាន់ភូ មកពីខេត្តឡាងសឺន បច្ចុប្បន្នកំពុងធ្វើការនៅមណ្ឌលថែទាំសុខភាពនៅក្នុងទីក្រុងហាណូយ គឺជាឧទាហរណ៍មួយ។
“មុនពេលមាន AI ខ្ញុំមិនអាចដឹងថា នៅពីមុខខ្ញុំមានវត្ថុអ្វីខ្លះ រូបរាង និងពណ៌របស់វាជាអ្វីនោះទេ។ ឥឡូវនេះ ខ្ញុំអាចសួរ AI ដើម្បីដឹងថាវត្ថុនោះមានលក្ខណៈយ៉ាងដូចម្ដ៉េច។ តាមរយៈថ្នាក់របស់លោក ក្វាង ខ្ញុំបានរៀនអំពីកម្មវិធីជាច្រើន ដូចជា AI និងCHAT GPT។ ខ្ញុំធ្វើការផ្នែកទំនាក់ទំនងសម្រាប់មណ្ឌលកែសម្ផស្ស ដូច្នេះខ្ញុំអាចអនុវត្តន៍ AI ទៅក្នុងការងារបាន។ ឧទាហរណ៍ ខ្ញុំប្រើ AI ដើម្បីបង្កើតខ្លឹមសារ សរសេរស្គ្រីប និងបង្កើតវីដេអូខ្លីៗ។”
ទោះបីជា មានស្មាតហ្វូនក៏ដោយ ប៉ុន្តែ អ្នកស្រី ង៉ូ ធី ធុយប៊ិញ ដែលរស់នៅក្នុងសង្កាត់បាឌីញ ទីក្រុងហាណូយ ពីមុនចេះតែការប្រើមុខងារពីរប៉ុណ្ណោះ៖ ការហៅទៅនិងទទួលការហៅមក។ បន្ទាប់ពីបានចូលរួមវគ្គបណ្តុះបណ្តាលរបស់លោក ហូ មិញ ក្វាង បច្ចេកវិទ្យាបានជួយអ្នកស្រី ង៉ូ ធី ធុយប៊ិញ យ៉ាងច្រើនក្នុងជីវភាពរស់នៅ។
"ការប្រើទូរស័ព្ទជាធម្មតា ខ្ញុំត្រូវពឹងអ្នកដទៃចុចជំនួសខ្ញុំនៅពេលត្រូវការហៅទៅ ហើយក៏ត្រូវពឹងគេអានសារជំនួសខ្ញុំដែរ។ ប៉ុន្តែចាប់តាំងពីចូលរួមថ្នាក់រៀន ខ្ញុំអាចពឹង AI អានសារឲ្យខ្ញុំបាន។ ពីមុន នៅផ្ទះខ្ញុំធុញទ្រាន់ណាស់។ ឥឡូវនេះ នៅថ្នាក់រៀន ហើយប្រាស្រ័យទាក់ទងជាមួយអ្នកដទៃ ខ្ញុំមានអារម្មណ៍ស្រួល និងមានសុទិដ្ឋិនិយមជាងមុន។ ខ្ញុំចាត់ទុកលោក ក្វាង ជាគំរូឱ្យខ្ញុំខិតខំឈានឡើង"។
តាមរបៀបនេះ អាស្រ័យដោយវគ្គបណ្តុះបណ្តាលឥតគិតថ្លៃរបស់លោក ហូ មិញក្វាង បញ្ញាសិប្បនិម្មិត (AI) លែងជាគំនិតបច្ចេកវិទ្យាឆ្ងាយទៀតហើយ ប៉ុន្តែកំពុងក្លាយជាឧបករណ៍ជាក់ស្តែង ដោយផ្តល់ការគាំទ្រយ៉ាងខ្លាំងសម្រាប់ការងារ និងជីវភាពរស់នៅរបស់ជនពិការភ្នែកជាច្រើន។ សេចក្តីរីករាយដ៏ធំបំផុតរបស់លោក ក្វាង គឺការជួយអ្នកដទៃក្នុងកាលៈទេសៈស្រដៀងគ្នាឱ្យចូលប្រើបច្ចេកវិទ្យាបាន ហើយមានជីវភាពប្រសើរជាងមុន៕
