ក្នុងប៉ុន្មានថ្ងៃចុងខែសីហា តាមដងផ្លូវនៃទីក្រុងហាណូយ ភ្លឺចែងចាំងដោយទង់ជាតិ និងផ្កា រីករាយឆ្ពោះទៅថ្ងៃបុណ្យជាតិ។ ប៉ុន្តែរួមជាមួយនឹងដងផ្លូវដែលត្រូវបានតុបតែងយ៉ាងស្រស់ស្អាតនោះ បរិយាកាសបុណ្យផ្សេងទៀតក៏កំពុងត្រូវបានបង្កើតឡើង នៅលើឆាក តាមសារមន្ទីរ ទីតាំងប្រវត្តិសាស្ត្រ និងទីកន្លែងវប្បធម៌នៃរដ្ឋធានីផងដែរ។ ក្នុងឱកាសនេះ កម្មវិធីសិល្បៈមួយចំនួនត្រូវបានរៀបចំឡើងនៅក្នុងឃុំ និងសង្កាត់ផ្សេងៗ ទូទាំងទីក្រុង។ ឆ្ពោះទៅខួបលើកទី ៨១ នៃទិវាបុណ្យជាតិ កម្មវិធីសិល្បៈទាំងនេះមិនត្រឹមតែរួមចំណែកសម្រាប់ការប្រារព្ធពិធីសំខាន់ៗប៉ុណ្ណោះទេ ប៉ុន្តែថែមទាំង នាំមកនូវរឿងរ៉ាវអំពីប្រទេសជាតិ ប្រជាជនខ្លួន និងពេលវេលាកន្លងផុតទៅ ឲ្យកាន់តែខិតជិតដល់សាធារណជនបច្ចុប្បន្ន។
រឿងមួយក្នុងចំណោមរឿងដែលត្រូវបានរៀបរាប់តាមរបៀបដ៏ស្និទ្ធស្នាលបែបនេះគឺ រឿង “កុមារភាពដ៏អស្ចារ្យ” ដែលជារឿងសម្តែងរបស់រោងមហោស្រពយុវជន ដឹកនាំដោយសិល្បការិនីឆ្នើម Lê Ánh Tuyết ដឹកនាំដោយអ្នកដឹកនាំរឿង Bui Hong Que យោតាមលំនាំពីស្នាដៃដែលមានឈ្មោះដូចគ្នារបស់អ្នកនិពន្ធ Phung Quan។ ដោយមានឈុតឆាកនៅទីក្រុង Hue ក្នុងអំឡុងពេលសង្គ្រាមតស៊ូប្រឆាំងនឹងបារាំង ស្នាដៃនេះវិលជុំវិញក្មេងជំទង់មកពីក្រុមកាយរឹទ្ធិនៃកងវរសេនាធំ Tran Cao Van ដូចជា Mung Quynh "Sơn ca" Luom Vinh "Sua" Tu Dat… ទោះបីជារស់នៅកណ្តាលគ្រាប់បែក និងគ្រោះថ្នាក់ក៏ដោយ តួអង្គនៅតែរក្សាបាននូវកុមារភាពសាមញ្ញរបស់ខ្លួន ជាមួយបំណងប្រារ្នាចង់បានសេរីភាព និងស្មារតីស្នេហាជាតិដ៏ខ្លាំងក្លា។ តាមរយៈដំណើររបស់ក្មេងប្រុស និងក្មេងស្រីវ័យក្មេងទាំងនេះដែលកំពុងបំពេញភារកិច្ចបដិវត្តន៍ ស្នាដៃនេះបង្កើតឡើងវិញនូវរូបភាពនៃជំនាន់យុវជនវៀតណាមដ៏ក្លាហាន ដែលត្រៀមខ្លួនរួចជាស្រេច លះបង់ដើម្បីឯករាជ្យជាតិ។ រឿងសម្តែងនេះរួមបញ្ចូលគ្នានូវភាសាល្ខោនតន្ត្រីជាមួយនឹងការសម្ដែង តន្ត្រី សំឡេង របាំ និងភាសាកាយវិការ ដើម្បីផ្តល់នូវរឿងរ៉ាវដ៏ចាប់អារម្មណ៍ ដែលទាក់ទាញដល់ទស្សនិកជនវ័យក្មេង។
សិល្បការិនីឆ្នើម Ánh Tuyết បានចែករំលែកអំពីថា៖ “យើងបានកំណត់ថា នេះមិនមែនគ្រាន់តែជាការសម្តែងដើម្បីបង្កើតប្រវត្តិសាស្ត្រឡើងវិញនោះទេ ប៉ុន្តែដើម្បីបង្កើតឡើងលំហរល្ខោន។ នៅទីនោះ ប្រវត្តិសាស្ត្រត្រូវបានរស់រានមានជីវិតឡើងវិញ តាមរយៈជោគវាសនារបស់តួអង្គ និងតាមរយៈជម្រើសរបស់តួអង្គវ័យក្មេង។ ប្រការពិសេសនោះគឺថា យើងមិនចង់ប្រែក្លាយសង្គ្រាមទៅជារូបភាពនៃការប្រយុទ្ធ និងការលះបង់តែប៉ុណ្ណោះទេ។ នៅពីក្រោយសង្គ្រាមគឺជាមនុស្សពិត។ ហើយនៅពេលដែលទស្សនិកជនឃើញមិត្តភក្តិ បងប្រុស ឬនរណាម្នាក់ដែលមានអាយុត្រឹមតែពួកគេ នៅពេលដែលប្រទេសនៅចំពោះមុខបញ្ហាប្រឈម ពួកគេដាក់ផលប្រយោជន៍របស់ប្រទេសជាមុនសិន ដោយដាក់មិត្តភាព លើសពីសុវត្ថិភាពរបស់ខ្លួន។ ហើយការលះបង់នោះមិនមែនជាអ្វីដែលនៅឆ្ងាយនោះទេ ប៉ុន្តែត្រូវបានបង្កើតឡើងពីជម្រើសដ៏សាមញ្ញ និងជាក់ស្តែងបំផុតរបស់យុវជន តួរអង្គវ័យក្មេង”។
នៅក្នុងបរិយាកាសឆ្ពោះទៅខួបលើកទី ៨១ នៃទិវាបុណ្យជាតិ សហព័ន្ធសៀកវៀតណាមបានរៀបរាប់រឿងរ៉ាវប្រវត្តិសាស្ត្រតាមរយៈកម្មវិធី "ស្មារតីវៀតណាម"។ សិល្បករប្រជាជន Tống Toàn Thắng នាយកសហព័ន្ធសៀកវៀតណាម បានឲ្យដឹងថា៖ “រឿងពិសេសបំផុតនៃកម្មវិធីនេះគឺផ្នែក "ស្មារតីដុងអា" ដែលជាលើកដំបូងដែលយើងបានប្រើសំលៀកបំពាក់ពីនាយឧត្តមសេនីយ៍នៃរាជវង្សត្រឹន តារាសម្តែងបានប្រែក្លាយទៅជាអ្នកចម្បាំងនៃរាជវង្សត្រឹន។ ជាលើកដំបូងនៅលើឆាកសៀក យើងអាចមើលឃើញឧត្តមសេនីយ៍ជិះសេះ អ្នកចម្បាំងមកពីរាជវង្សត្រឹនកំពុងហាត់ក្បាច់គុន និងបង្ហាញទេពកោសល្យនិងជំនាញរបស់ខ្លួន។ តាមរយៈភាសានៃការនិទានរឿងសៀក សិល្បករខិតខំបង្កើតអារម្មណ៍កាន់តែច្រើនសម្រាប់ទស្សនិកជន - អារម្មណ៍នៃមោទនភាពជាតិ និងសេចក្តីស្រឡាញ់ចំពោះមាតុភូមិ”។
ប្រសិនបើឆាកសម្តែងនាំមកនូវប្រវត្តិសាស្ត្រដល់ទស្សនិកជន តាមរយៈតន្ត្រី និងការសម្ដែង គឺសារមន្ទីរបានរក្សារឿងរ៉ាវរបស់ប្រជាជាតិតាមរយៈឯកសារ រូបភាព និងវត្ថុបុរាណ។ ក្នុងឱកាសនេះ សារមន្ទីរស្ត្រីវៀតណាមកំពុងរៀបចំពិព័រណ៍ក្រោមប្រធានបទ “គ្រាយុវវ័យពីផ្លូវទ្រឿងសឺនដល់ផ្លូវហាយវេរឿងព្រេងនិទាន 1C" ដែលនាំសាធារណ ជនវិល ត្រឡប់ទៅរកពេលវេលានៃសង្គ្រាមតស៊ូប្រឆាំងនឹងសហរដ្ឋអាមេរិក តាមរយៈរឿងរ៉ាវរបស់មនុស្សជំនាន់ដែលបានលះបង់យុវវ័យរបស់ខ្លួនដើម្បីឯករាជ្យភាព សន្តិភាព និងឯកភាពជាតិ។ លោកស្រី ង្វៀន ធី ទ្វៀត នាយិកាសារមន្ទីរស្ត្រីវៀតណាម បានចែករំលែក ថា៖ “ពិព័រណ៍នេះមានគោលបំណងផ្សព្វផ្សាយសារទៅកាន់យុវជនជំនាន់ក្រោយ ជាជំនាន់ដែលកំពុងរស់នៅ និងបន្តរហូតមកដល់សព្វថ្ងៃនេះនូវសារថា ខណៈពេលដែលសង្គ្រាមបានបញ្ចប់ ប៉ុន្តែរាល់ការចងចាំយើងត្រូវតែចាំនិងលើកតំកើងជានិច្ច។ ពោលគឺ រំលឹកយើងពីរបៀបដែលជំនាន់បច្ចុប្បន្នត្រូវតែបន្ត របៀបដែលយើងត្រូវឈរយ៉ាងរឹងមាំនៅក្នុងយុគសម័យថ្មីនៃការអភិវឌ្ឍ កសាងប្រទេសឲ្យអភិវឌ្ឍន៍ប្រកបដោយវិបុលភាពជាង”។
រួមជាមួយនឹងការសម្តែងសិល្បៈបម្រើប្រជាជន និងអ្នកទេសចរ នៅយប់ថ្ងៃទី ២ ខែកញ្ញា ទីក្រុងហាណូយបានរៀបចំការបាញ់កាំជ្រួចនៅទីតាំងចំនួន ៥ កន្លែង ដែលរួមចំណែកដល់បរិយាកាសសប្បាយរីករាយនៅថ្ងៃបុណ្យជាតិ។ ក្នុងប៉ុន្មានថ្ងៃនេះ ភ្លើងបំភ្លឺពីឆាកសម្តែងសិល្បៈ កន្លែងតាំងពិព័រណ៍ និងសកម្មភាពវប្បធម៌ មិនត្រឹមតែបង្កើតរដូវបុណ្យដ៏ចម្រុះពណ៌ប៉ុណ្ណោះទេ ថែមទាំងរួមចំណែកជួយមនុស្សម្នាក់ៗ ជាពិសេសយុវជនជំនាន់ក្រោយ ឲ្យយល់កាន់តែច្បាស់អំពីអ្វីដែលមនុស្សជំនាន់មុនៗបានឆ្លងកាត់ និងយល់កាន់តែច្បាស់អំពីតម្លៃនៃឯករាជ្យភាព និងសន្តិភាពនាពេលបច្ចុប្បន្ន៕
