ទទួលយកតួនាទីជាអ្នកកែសម្រួលសម្រាប់ប៉ុស្តិ៍ VOV Sonata-FM89 គឺជាកិត្តិយសមួយ ប៉ុន្តែក៏ជាបញ្ហាប្រឈមមួយសម្រាប់អ្នកលេងវីយូឡុង ង្វៀនធិ ធូ កុក ដែលកំពុងធ្វើការនៅនាយកដ្ឋានអក្សរសាស្ត្រ - សិល្បៈ - តន្ត្រី (VOV3)។

"តើ​អ្នក​កែសម្រួល​ទាំងអស់​ក្នុង​កម្មវិធី​អាច​ភ្ជាប់​គ្នា​ទៅ​វិញ​ទៅ​មក​យ៉ាងដូចម្ត៉េចដើម្បី​បង្កើត​កម្មវិធី​រយៈពេល ២៤ ម៉ោង​? យើង​ធ្វើ​ផែនការ​រយៈពេល​ខ្លី ក៏ដូចជា​រយៈពេល​វែង​ ដើម្បីអាចត​ភ្ជាប់​ខ្លឹមសារ​ដើម្បី​បង្កើត​ជា​កម្មវិធី​ធំ​មួយ​ ​នាំ​មក​នូវ​ខ្លឹមសារ​ដែល​មាន​គុណភាព​ខ្ពស់​បំផុត​ដល់​អ្នក​ស្តាប់។ នៅ​ទីនេះ បញ្ហា​ប្រឈម​ដ៏​ធំ​បំផុត​សម្រាប់​អ្នក​កែសម្រួល​គឺ​ការ​នាំ​មក​នូវ​អាហារខាង​តន្ត្រី និង​ស្មារតី ​ដល់​អ្នក​ស្តាប់​ដែល​ស្រប​នឹង​ចង្វាក់​សរីរវិទ្យា​នៃ​រាងកាយ​មនុស្ស"។

VOV Sonata-FM 89 ត្រូវ​បាន​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់​ដើម្បី​រៀបចំ​តន្ត្រី​ឲ្យ​សមស្រប​នឹង​អារម្មណ៍ក្នុង​ថ្ងៃ ពោលគឺ៖ ព្រឹក​ដ៏​រីករាយ​ជាមួយ "សំឡេង​ព្រះអាទិត្យ" បន្ទាប់​ដោយ "បទ​ភ្លេង​រឿងព្រេងនិទាន" ដែលលើកតំកើងដល់តន្ត្រីករ​ល្បីៗ។ ​ថ្ងៃត្រង់​គឺជា​ពេលវេលា​សម្រាប់​សម្រាក និង​បន្ធូរអារម្មណ៍​ជាមួយ "ស្ថានីយ៍​អារម្មណ៍" ខណៈ​ពេល​ដែល​ចុងបញ្ចប់​គឺ​ស្នាដៃ​ចង្វាក់ Jazz។ លើស​ពី​នេះ មាន​កន្លែង​ប្រគំតន្ត្រី​ផ្ទាល់ ឬ​ថត​នៅ "សាល​ប្រគំតន្ត្រី" ដែល​បំពេញ​តម្រូវការ​ស្តាប់​របស់​ទស្សនិកជន​យ៉ាង​ពេញលេញ។ លោក ត្រឹន ញ៉ាត់ បាំង អនុប្រធាននាយកដ្ឋានអក្សរសាស្ត្រ - សិល្បៈ - តន្ត្រី (VOV3) បានឲ្យដឹងថា៖ “ខ្លឹមសារ និងក្របខ័ណ្ឌកម្មវិធីទាំងអស់ត្រូវបានជ្រើសរើស និងយោងពីប៉ុស្តិ៍បរទេស ដោយបញ្ចូលលក្ខណៈពិសេស ខណៈពេលដែលធានាថា សមស្របសម្រាប់អ្នកស្រឡាញ់តន្ត្រីវៀតណាម និងវិធីសាស្រ្តផលិតរបស់វិទ្យុសំឡេងវៀតណាម។ ថ្មីៗនេះ អ្នកជំនាញបរទេសក៏បានមកផ្លាស់ប្តូរគំនិតអំពីរបៀបកែលម្អកម្រិតស្តាប់ ដោយនាំយកស្នាដៃបេតិកភណ្ឌវប្បធម៌នៃតន្ត្រីអន្តរជាតិ ក៏ដូចជាលក្ខណៈពិសេស នៃតន្ត្រីឧបករណ៍វៀតណាមទៅកាន់សាធារណជនដែលស្រឡាញ់តន្ត្រី”។

ក្រៅពីខ្លឹមសារ បច្ចេកវិទ្យាក៏ដើរតួនាទីយ៉ាងសំខាន់ក្នុងការនាំមកនូវគុណភាពសំឡេងល្អបំផុតដល់សាធារណជន។ ក្រុមបច្ចេកវិទ្យាក៏ចូលរួមផងដែរ ដោយមានគោលបំណងនាំយក VOV Sonata-FM89 ទៅកាន់វេទិកាឌីជីថលដែលបម្រើសាធារណជន។ លោក ហ្វួញ ថាំង ឡុង អនុប្រធានមជ្ឈមណ្ឌលផលិតនិងរក្សាទុកកម្មវិធី នៃវិទ្យុសំឡេងវៀតណាមបានឲ្យដឹងថា៖ “យើងបានរចនា និងដំឡើងស្ទូឌីយោផលិតកម្មថ្មីសម្រាប់ប៉ុស្តិ៍ VOV Sonata-FM89 និងទីពីរ បន្ទប់បញ្ជូនថ្មីមួយ។ យើងត្រូវរៀបចំអ្វីៗគ្រប់យ៉ាងក្នុងរយៈពេលមួយខែ។ ឧបករណ៍បច្ចេកទេសគឺទំនើបបំផុត ដោយប្រើប្រាស់បច្ចេកវិទ្យា IP ដើម្បីអនុវត្តការផលិត ការរៀបចំ និងការផ្សាយកម្មវិធី VOV Sonata-FM89"។

យោងតាមលោក ហ្វាម ម៉ាញ់ ហ៊ុង អគ្គនាយករងនៃវិទ្យុសំឡេងវៀតណាម អស់រយៈពេលជាង ៨០ ឆ្នាំនៃការអមដំណើរប្រទេស តន្ត្រីតែងតែជាផ្នែកសំខាន់មួយនៃអត្តសញ្ញាណរបស់វិទ្យុសំឡេងវៀតណាម។ ដូច្នេះ VOV Sonata-FM89 ត្រូវបានបង្កើតឡើង ដោយទទួលមរតកប្រពៃណីផង ខណៈពេលដែលប្រកបដោយស្មារតីនៃយុគសម័យថ្មីផង៖ ពោលគឺ កាន់តែមានជំនាញវិជ្ជាជីវៈក្នុងការផលិត កាន់តែទំនើបក្នុងបច្ចេកវិទ្យា កាន់តែបើក ចំហក្នុងកិច្ចសហប្រតិបត្តិការ និងកាន់តែច្នៃប្រឌិតក្នុងវិធីសាស្រ្តរបស់ខ្លួនចំពោះសាធារណជន។

“គោលដៅរបស់ប៉ុស្តិ៍នេះគឺដើម្បីបម្រើតម្រូវការរីករាយខាងតន្ត្រី របស់សាធារណជនវៀត ណាម ក៏ដូចជាដើម្បីចូលរួមចំណែកក្នុងការកសាងវប្បធម៌វៀតណាមជឿនលឿនដែលសម្បូរទៅដោយអត្តសញ្ញាណជាតិ ស្របតាមសេចក្តីសម្រេចចិត្តលេខ ៨០ របស់ការិយាល័យនយោបាយ។ ក្នុងរយៈពេលប្រហែលបីខែ យើងបានពិគ្រោះជាមួយអ្នកជំនាញអន្តរជាតិជាបន្ទាន់ ដើម្បីបង្កើតក្របខ័ណ្ឌកម្មវិធី អញ្ជើញអ្នកជំនាញអន្តរជាតិឱ្យបណ្តុះបណ្តាលក្រុមអ្នកយកព័ត៌មាន អ្នកនិពន្ធ និងស្វែងរកប្រភពនៃការរក្សាសិទ្ធិតន្ត្រីទាំងក្នុងស្រុក និងអន្តរជាតិ...។ យើងក៏បានស្វែងរកការយល់ព្រម និងនីតិវិធីដើម្បីឱ្យវិទ្យុសំឡេងវៀតណាមចូលរួមជាមួយសហភាពផ្សព្វផ្សាយអឺរ៉ុប (EBU) ដើម្បីទទួលបានប្រភពតន្ត្រីបុរាណដ៏សម្បូរបែប”។

ក្រៅពីការនាំយកតន្ត្រីបែបបណ្ឌិត្យសភាពិភពលោកឱ្យកាន់តែខិតជិតអ្នកស្តាប់ VOV Sonata-FM89 ក៏បណ្តុះទេពកោសល្យ លើកតំកើងអ្នកនិពន្ធ សិល្បករ និងរួមចំណែកដល់ការអភិវឌ្ឍតន្ត្រីក្នុងបន្ទប់ និងស៊ីមហ្វូនិកវៀតណាម។ នាពេលអនាគត VOV Sonata-FM89 មានគោលបំណងសហការជាមួយអង្គភាពសិល្បៈ ដើម្បីរៀបចំការប្រគំតន្ត្រី និងមហោស្រពតន្ត្រីទាំងក្នុងស្រុក និងអន្តរជាតិ ដោយហេតុនេះជំរុញតម្រូវការសម្រាប់ការយល់ដឹងអំពីតន្ត្រីបុរាណ និងបង្កើនជីវភាពខាងស្មារតីរបស់សាធារណជនវៀតណាម៕