តាំងពីព្រឹកព្រលឹមថ្ងៃអាទិត្យ មណ្ឌលបោះឆ្នោតជាច្រើនកន្លែងនៅទីក្រុងហាណូយមានភាពអ៊ូអរ។ អ្នកបោះឆ្នោតយ៉ាងច្រើនកុះករបានមកអនុវត្តសិទ្ធិ និងកាតព្វកិច្ចពលរដ្ឋរបស់ខ្លួន។

រូបភាព៖ VOV

ក្នុងចំណោមអ្នកបោះឆ្នោតនៅថ្ងៃនេះ មានមនុស្សវ័យក្មេងជាច្រើនដែលបានទៅបោះឆ្នោតជាលើកដំបូង។ សម្រាប់ពួកគេ ការបោះឆ្នោតលើកដំបូងនេះ បានគូសសញ្ញាជំហាននៃភាពចាស់ទុំ នៅពេលដែលបានចូលរួមជាផ្លូវការនៅក្នុងជីវភាពនយោបាយរបស់ប្រទេសជាតិ។ នៅមណ្ឌលបោះឆ្នោតក្នុងសង្កាត់ Bach Mai ប្អូន Nguyen Thao Trang សិស្សថ្នាក់ទី១២ កំពុងពិនិត្យបញ្ជីឈ្មោះបេក្ខជនដោយប្រុងប្រយ័ត្ន មុនពេលចូលបោះឆ្នោត។ មុនថ្ងៃបោះឆ្នោត អ្នកបោះឆ្នោតវ័យក្មេងរូបនេះ ដែលទើបតែមានអាយុ ១៨ ឆ្នាំ បានចំណាយពេលស្រាវជ្រាវព័ត៌មានអំពីបេក្ខជនម្នាក់ៗ នៅក្នុងមូលដ្ឋាន។

"នៅពេលចូលរួមក្នុងការបោះឆ្នោត ខ្ញុំមានកិត្តិយសនិងរំភើបខ្លាំងណាស់។ ខ្ញុំដឹងថា ការបោះឆ្នោតគឺជាសកម្មភាពដ៏សំខាន់ និងជាទំនួលខុសត្រូវដ៏ធំធេងផងដែរ។ ភារកិច្ចរបស់ខ្ញុំ គឺស្វែងយល់ឲ្យបានច្បាស់លាស់ អំពីបេក្ខជនម្នាក់ៗ ដើម្បីមើលថា តើនរណាជាបុគ្គលដែលពិតជាសក្តិសមបំផុត"។

មិនត្រឹមតែ Trang ប៉ុណ្ណោះទេ អ្នកបោះឆ្នោតវ័យក្មេងជាច្រើនទៀតដែលបានចូលរួមបោះឆ្នោតជាលើកដំបូង ក៏បានម្ចាស់ការស្វែងយល់ព័ត៌មានអំពីបេក្ខជននានា តាមរយៈបណ្តាញឃោសនាផ្លូវការ តាមរយៈកម្មវិធីជួបសំណេះសំណាលជាមួយអ្នកបោះឆ្នោត និងសកម្មភាពរបស់អង្គភាពសម្ព័ន្ធយុវជន សមាគម និងមូលដ្ឋានផងដែរ។ សម្រាប់ជំនាន់វ័យក្មេង សន្លឹកឆ្នោតមិនត្រឹមតែជាសិទ្ធិប៉ុណ្ណោះទេ ប៉ុន្តែក៏ជាមធ្យោបាយដើម្បីបង្ហាញពីការទទួលខុសត្រូវចំពោះសហគមន៍និងសង្គមទៀតផង។

“ការចូលរួមក្នុងការបោះឆ្នោតជាលើកដំបូង គឺជាព្រឹត្តិការណ៍ដ៏សំខាន់ពិសេសសម្រាប់ខ្ញុំ។ នេះមិនត្រឹមតែជាសិទ្ធិប៉ុណ្ណោះទេ ប៉ុន្តែក៏ជាកាតព្វកិច្ចរបស់ពលរដ្ឋនៅពេលមានអាយុគ្រប់ ១៨ ឆ្នាំផងដែរ។ ខ្ញុំសង្ឃឹមថា រដ្ឋសភាថ្មីនឹងយកចិត្តទុកដាក់បន្ថែមទៀតចំពោះគោលនយោបាយទាក់ទងនឹងការអប់រំ ការផ្លាស់ប្តូរឌីជីថល ការងារ និងបរិស្ថាន ជាបញ្ហាដែលផ្សារភ្ជាប់ទៅនឹងអនាគតរបស់យុវជន។

“ខ្ញុំជឿជាក់ថា សន្លឹកឆ្នោតនីមួយៗគឺជាសំឡេងរបស់ពលរដ្ឋម្នាក់ៗ ហើយសម្រាប់យើងខ្ញុំ សន្លឹកឆ្នោតនោះគឺជាសំឡេងរបស់យុវវ័យ។ សន្លឹកឆ្នោតនីមួយៗ គឺជាការទទួលខុសត្រូវក្នុងការជ្រើសរើសបុគ្គលដែលពិតជាតំណាងឱ្យគ្រប់ស្រទាប់វណ្ណៈទាំងអស់។ សន្លឹកឆ្នោតនីមួយៗ អាចមានសំឡេងតិចតូច ប៉ុន្តែសន្លឹកឆ្នោតរាប់លាន នឹងរួមចំណែកដល់ការបង្កើតរដ្ឋសភា និងក្រុមប្រឹក្សាប្រជាជន ដែលយល់ច្បាស់ពីចង្វាក់នៃសម័យកាល។ ដូច្នេះ ខ្ញុំត្រូវតែមានទំនួលខុសត្រូវចំពោះសន្លឹកឆ្នោតរបស់ខ្លួន”។

ការយកចិត្តទុកដាក់របស់អ្នកបោះឆ្នោតវ័យក្មេងបានបង្ហាញថា យុវជនសព្វថ្ងៃនេះកាន់តែមានភាពសកម្ម ក្នុងការស្វែងយល់និងចូលរួមក្នុងបញ្ហាសង្គម។ មិនត្រឹមតែអនុវត្តសិទ្ធិបោះឆ្នោតរងបស់ខ្លួនប៉ុណ្ណោះទេ យុវជនជាច្រើនក៏កំពុងចូលរួមគាំទ្រ និងបម្រើដោយផ្ទាល់ក្នុងដំណើរការបោះឆ្នោតទៀតផង។ លោក ង្វៀន ទៀន ហ៊ុង លេខាសម្ព័ន្ធយុវជនទីក្រុងហាណូយ បានឲ្យដឹងថា៖ “ក្រុមនិស្សិតគឺជាកម្លាំងដ៏ធំធេងនិងស្វាហាប់បំផុតមួយនៅទីក្រុងហាណូយ។ សម្ព័ន្ធយុវជននៃសាកលវិទ្យាល័យជាច្រើន សម្របសម្រួលជាមួយសម្ព័ន្ធយុវជនក្នុងមូលដ្ឋាន បានចូលរួមគាំទ្រនិងបម្រើដំណើរការបោះឆ្នោត ហើយនិស្សិតក៏បានចូលរួមគាំទ្រការបោះឆ្នោតនៅតាមមណ្ឌលបោះឆ្នោតផងដែរ។ និស្សិតទាំងនេះមិនត្រឹមតែជាអ្នកបោះឆ្នោតប៉ុណ្ណោះទេ ថែមទាំងក្លាយជាអ្នកនាំសារដ៏សកម្ម ដោយផ្សព្វផ្សាយចំណេះដឹង និងស្មារតីទទួលខុសត្រូវចំពោះក្រុមគ្រួសារ មិត្តភក្តិ និងសហគមន៍ជុំវិញ។ នេះជាស្មារតីត្រួសត្រាយផ្លូវ ដើរជួរមុខ មិនបង្អង់យូរ ហើយប្អូនៗមានភាពរីករាយយ៉ាងខ្លាំងណាស់។ សម្ព័ន្ធយុវជនគ្រប់លំដាប់ថ្នាក់ និងយុវជនរដ្ឋធានីក៏កំពុងប្រើប្រាស់ប្រៀបខ្លាំង គុណសម្បត្តិ និងតួនាទីរបស់ខ្លួនដើម្បីគាំទ្រការបោះឆ្នោតលើកនេះ និងធ្វើឱ្យថ្ងៃបោះឆ្នោតក្លាយជាទិវាបុណ្យដ៏មានអត្ថន័យពិតប្រាកដរបស់ប្រទេសជាតិ”

សម្រាប់អ្នកបោះឆ្នោតវ័យក្មេងដែលទើបតែមានអាយុគ្រប់ ១៨ឆ្នាំ ថ្ងៃនេះមិនត្រឹមតែគូសសញ្ញានៃភាពធំដឹងក្តី ដោយបានអនុវត្តសិទ្ធិពលរដ្ឋជាលើកដំបូងប៉ុណ្ណោះទេ ប៉ុន្តែក៏ជាឱកាសដើម្បីបង្ហាញពីការទទួលខុសត្រូវ និងការយកចិត្តទុកដាក់ចំពោះបញ្ហារួមរបស់ប្រទេសជាតិទៀតផង។ ពីសន្លឹកឆ្នោតដំបូងដែលពោរពេញដោយក្តីសង្ឃឹម រហូតដល់ការចូលរួមយ៉ាងសកម្មរបស់យុវជនក្នុងសកម្មភាពគាំទ្រនិងបម្រើការបោះឆ្នោត ទាំងអស់នេះកំពុងរួមចំណែកដល់បរិយាកាសដ៏រស់រវើកនៃទិវាបុណ្យរបស់ប្រទេសទាំងមូល។ ភាពសកម្ម ការទទួលខុសត្រូវ និងស្មារតីដើរជួរមុខរបស់យុវជនជំនាន់ក្រោយក៏បង្ហាញពីជំនឿជាក់ និងការរំពឹងទុកលើតួនាទីកាន់តែសំខាន់របស់យុវជនក្នុងជីវភាពនយោបាយ-សង្គម ដោយរួមគ្នាកសាងរដ្ឋធានី និងប្រទេសជាតិអភិវឌ្ឍនៅក្នុងប៉ុន្មានឆ្នាំខាងមុខ៕