នៅខេត្តក្វាងនិញ ការធ្វើបរិវត្តកម្មឌីជីថលកំពុងផ្លាស់ប្ដូរបន្តិចម្តងៗពីរឿងរ៉ាវបច្ចេកវិទ្យាទៅជាការផ្លាស់ប្តូរជាក់លាក់នៅក្នុងរបៀបដែលសហគ្រាសនោះផលិត គ្រប់គ្រង និងផ្គត់ផ្គង់ផលិតផលដល់ទីផ្សារ។ នៅក្នុងដំណើរការ បរិវត្តកម្មបៃតង ត្រូវបានអនុវត្តន៍ដោយទន្ទឹមគ្នា ដែលបង្កើតកម្លាំងចលករបន្ថែមសម្រាប់សហគ្រាសក្នុងការច្នៃប្រឌិតបច្ចេកវិទ្យា បង្កើនតម្លៃផលិតផល និងសម្របខ្លួនទៅនឹងគំរូកំណើនថ្មីៗ។
នៅក្នុងឃុំ ឌឿងហ័រ (Đường Hoa) ក្រុមគ្រួសាររបស់លោកស្រី ផាម ធីថាញ់ហឿង បានផ្សារភ្ជាប់នឹងដើមតែអស់រយៈពេលជាង ៣០ ឆ្នាំមកហើយ។ អស់រយៈពេលដ៏វែងអន្លាយមួយ ពន្លកតែដែលប្រមូលផលបាន នៅក្នុងតំបន់ដាំដុះតែធំបំផុតនៃខេត្តក្វាងនិញត្រូវបានលក់ជាវត្ថុធាតុដើមឆៅប៉ុណ្ណោះ ដោយមិនទាន់បង្កើតម៉ាកយីហោឲ្យបានស័ក្តសមនឹងតម្លៃផលិតផលនៅឡើយទេ។ នៅឆ្នាំ ២០២១ ក្រុមហ៊ុនចំកាត់វិនិយោគសាងសង់និងពាណិជ្ជកម្ម វៀតទូ (Việt Tú) របស់ក្រុមគ្រួសារលោកស្រី ហឿង បានចាប់ផ្តើមផ្លាស់ប្តូរទិសដៅ ពីការផ្គត់ផ្គង់វត្ថុធាតុដើមដល់ទីផ្សារ ទៅជាការកែច្នៃនិងអភិវឌ្ឍផលិតផលដោយខ្លួនឯង។ រួមជាមួយនឹងការអនុវត្តបច្ចេកវិទ្យាកែច្នៃ បច្ចេកទេសកសិកម្មសរីរាង្គស្របតាមស្តង់ដារជប៉ុន ក្រុមហ៊ុនក៏ផ្តោតការវិនិយោគលើខ្លឹមសារឌីជីថល ពាណិជ្ជកម្មអេឡិចត្រូនិក និងទិន្នន័យអតិថិជនផងដែរ។ បន្ទាប់ពីរយៈពេល ៤ ឆ្នាំ ក្រុមហ៊ុនមានផលិតផលចំនួន ៦ មុខ ដែលបំពេញតាមស្តង់ដារផ្កាយ ៥ ថ្នាក់ជាតិនៃកម្មវិធីឃុំមួយផលិតផលមួយ (OCOP) (មានន័យថា ផលិតផលដែលមានគុណភាពល្អបំផុត បំពេញតាមស្តង់ដារនាំចេញ និងសម្បូរទៅដោយតម្លៃវប្បធម៌នៃមូលដ្ឋាន) ហើយត្រូវបានទទួលស្គាល់ជាសហគ្រាសវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានៅខែកញ្ញា ឆ្នាំ ២០២៥។ ពីការផលិតរហូតដល់ទីផ្សារ បច្ចេកវិទ្យាកំពុងក្លាយជាផ្នែកមួយក្នុងរបៀបដែលសហគ្រាសបង្កើតតម្លៃបន្ថែម ដល់ផលិតផល។ លោកស្រី ផាម ធីថាញ់ហឿង នាយិកាក្រុមហ៊ុនចំកាត់វិនិយោគសាងសង់និងពាណិជ្ជកម្ម វៀតទូ បានចែករំលែកថា៖
“ដើម្បីឲ្យប្រជាជនវិលត្រឡប់ទៅដាំដុះតែវិញ តាមគំនិតរបស់ខ្ញុំ ដំណោះស្រាយគឺ៖ ការដាំដុះតែនាំមកនូវតម្លៃសេដ្ឋកិច្ចខ្ពស់ និងជីវភាពកាន់តែប្រសើរសម្រាប់ប្រជាជននៅក្នុងតំបន់ដាំដុះតែ។ យើងបានអនុវត្តន៍វិទ្យាសាស្ត្រ បច្ចេកវិទ្យាដើម្បីកែលម្អផលិតផល ធ្វើបរិវត្តកម្មឌីជីថលដើម្បីនាំយកផលិតផលទៅកាន់ទីផ្សារ ពីនោះបង្កើតកំណើន ដើម្បីវិនិយោគឡើងវិញចូលទៅក្នុងតំបន់វត្ថុធាតុដើម និងកសិករ”។
នៅទីក្រុងក្វាងនិញនាបច្ចុប្បន្ននេះ ការធ្វើបរិវត្តកម្មឌីជីថលកំពុងត្រូវបានសហគ្រាសនានា ខិតជិតមករក រួមជាមួយនឹងតម្រូវការផលិតកម្ម និងអាជីវកម្មជាក់លាក់។ ដោយមានសហគ្រាសកំពុងដំណើរការជាង ១៤.០០០ ក្នុងនោះប្រហែល ៩៨% ជាសហគ្រាសធុនតូច និងមធ្យម សហគមន៍សហគ្រាសនៅខេត្តក្វាងនិញមានភាពសម្បូរបែបទាំងទ្រង់ទ្រាយនិងកម្រិតអនុវត្តន៍បច្ចេកវិទ្យា។ ក្នុងនោះ សមាគមសហគ្រិនវ័យក្មេងខេត្តក្វាងនិញ គឺជាកម្លាំងត្រួសត្រាយ។ លោក ឃុក ឌិញភឿង (Khúc Đình Phương) ប្រធានសមាគមសហគ្រិនវ័យក្មេងខេត្តក្វាងនិញ បានថ្លែងថា៖
"យើងផ្តោតលើការអនុវត្តគម្រោង វិបផតថលឌីជីថល របស់សមាគមសហគ្រិនវ័យក្មេងខេត្តក្វាងនិញ ដើម្បីធ្វើឌីជីថលនូវកំណត់ត្រារបស់សហគ្រាសសមាជិកជិត ៣០០ អង្គភាព ដែលជួយបង្កើតការតភ្ជាប់គ្នានៅក្នុងសហគមន៍សហគ្រាស។ ក្នុងពេលជាមួយគ្នានេះ យើងក៏មានបំណងចង់តភ្ជាប់ទំនាក់ទំនងជាមួយសហគ្រាសសមាជិកចំនួន ២១ ពាន់អង្គភាពនៅទូទាំងប្រទេស ក្នុងការធ្វើបរិវត្តកម្មឌីជីថល និងបរិវត្តកម្មបៃតងផងដែរ"។
ការធ្វើបរិវត្តកម្មឌីជីថលក៏តម្រូវឱ្យមានប្រព័ន្ធអេកូឡូស៊ីដើម្បីគាំទ្រសហគ្រាសផងដែរ ជាពិសេសសហគ្រាសធុនតូច និងមធ្យម ដើម្បីអាចខិតមកជិតបច្ចេកវិទ្យាសមស្រប។ ដូច្នេះ ចាប់តាំងពីឆ្នាំ ២០១៥ មក ខេត្តក្វាងនិញ បានរក្សាគំរូ "កាហ្វេសហគ្រិន" ដើម្បីបង្កើតបណ្តាញផ្លាស់ប្តូររវាងសហគ្រាស និងភ្នាក់ងារគ្រប់គ្រង។ ថ្មីៗនេះ កម្មវិធីផ្ដល់ប្រឹក្សាសម្រាប់នាយកប្រតិបត្តិក៏ត្រូវបាននាំចូលមកមូលដ្ឋានផងដែរ រួមជាមួយនឹងទិសដៅផ្លាស់ប្ដូរថ្មីប្រតិបត្តិការរបស់មជ្ឈមណ្ឌលសម្រាប់ការអនុវត្តនិងនវានុវត្តន៍។ លោកស្រី វូ ធីគីមជី នាយិការងមន្ទីរវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាទីក្រុងក្វាងនិញ បានឲ្យដឹងថា៖
“ក្នុងឆ្នាំនេះ យើងនឹងផ្លាស់ប្ដូរថ្មីគំរូមជ្ឈមណ្ឌលសម្រាប់ការអនុវត្ត និងនវានុវត្តន៍ ដើម្បីក្លាយជាវេទិកា "ផ្សារបច្ចេកវិទ្យា" យ៉ាងពិតប្រាកដ ដោយចែករំលែករវាងការផ្គត់ផ្គង់និងតម្រូវការ រវាងបញ្ញវន្ត និងសហគ្រាសឲ្យមានប្រសិទ្ធភាពជាងមុន។ យើងនឹងអភិវឌ្ឍន៍ឲ្យក្លាយទៅជាខ្សែសង្វាក់មួយ ដូចជា Tech Cafe, Tech Connect និង Fast of Connect នៅឆ្នាំក្រោយ”។
ភាពម្ចាស់ការរបស់វិស័យសេដ្ឋកិច្ចឯកជន និងកិច្ចខិតខំប្រឹងប្រែងពីទីក្រុងក្វាងនិញ ដើម្បីគាំទ្របច្ចេកវិទ្យា នវានុវត្តន៍ និងការតភ្ជាប់ កំពុងបង្កើតមូលដ្ឋានគ្រឹះបន្ថែមទៀតសម្រាប់ដំណើរការផ្លាស់ប្តូរនេះ។ ពីសហគ្រាសនីមួយៗ ការធ្វើបរិវត្តកម្មឌីជីថល និងបៃតង កំពុងក្លាយជាផ្នែកមួយក្នុងរបៀបដែលក្វាងនិញ កំពុងកសាងកម្លាំងចលករកំណើនថ្មីៗ៕
