សូរ​សំឡេងច្រៀងដ៏​សាមញ្ញនិងពីរោះរណ្តំបានបន្លឺឡើងកណ្តាលព្រៃស្មាច់ U Minh Hạ (អ៊ូមិញ​ហា) របស់ភ្ញៀវទេសចរដែលចូលរួមក្នុងដំណើរកម្សាន្ត «ថ្ងៃកាម៉ៅបៃតង – រាត្រីអ៊ូមិញដ៏អាថ៌កំបាំង» បានរំលេចនូវភាពទាក់​ទាញនិងភាពជិតស្និទ្ធនៃតំបន់ដីនិងប្រជាជន​កាម៉ៅ។ ក្នុងដំណើរកម្សាន្តរយៈពេល ២ ថ្ងៃ ភ្ញៀវទេសចរបានស្នាក់នៅកណ្តាលព្រៃឈើ​ធម្មជាតិ និងបាន​ចូលរួមសកម្មភាពជាច្រើន ដូចជា៖ ដាក់អន្ទាក់ឃ្មុំ ព្រៃ ចាប់ត្រីក្នុងវាលស្រែ និងទទួលទាន​ម្ហូបអាហារវិសេសវិសាលជាច្រើន។ នៅពេលបញ្ចប់​ដំណើរកម្សាន្ត ភ្ញៀវទេសចរបានបង្ហាញពីការពេញចិត្ត ហើយកោត​​សរសើរមិនដាច់ពីមាត់ចំពោះវិស័យទេសចរណ៍ខេត្តកាម៉ៅ៖

«​យើងបានជិះទូក​តាមព្រៃស្មាច់ ហើយឃើញថាព្រៃនេះពិតជា​ស្រស់ស្អាតម៉ែន​​។ ម្ហូបអាហារ​ឈ្ងុយ​ឆ្ងាញ់ ហើយប្រជាជនកាម៉ៅ​មានភាពរួសរាយរាក់ទាក់ណាស់​។»​

«តាមរយៈ​ដំណើរទេសចរណ៍នេះ ខ្ញុំបានឃើញសត្វព្រៃ​នា​ពេលយប់នៅក្នុងឧទ្យានជាតិ U Minh Ha។ សកម្មភាពនេះមានលក្ខណៈលេចធ្លោនៅតំបន់ទឹកសាបនៃខេត្តកាម៉ៅ និងបានបង្កើត​ភាព​ទាក់​ទាញសម្រាប់វិស័យទេសចរណ៍កាម៉ៅ ទាំងក្នុងស្រុក និងអន្តរជាតិ។»​

ដំណើរកម្សាន្ត «ថ្ងៃកាម៉ៅបៃតង – រាត្រីអ៊ូមិញដ៏អាថ៌កំបាំង» គឺជាសកម្មភាពមួយក្នុងចំណោមសកម្មភាពជំរុញទេសចរណ៍របស់ខេត្តកាម៉ៅនិយាយដោយឡែក និងតំបន់ដីសណ្តទន្លេ Cuu Long និយាយរួម។ ក្នុងឱកាស​ទិវា​បុណ្យជាតិវៀតណាមថ្ងៃទី២ ខែកញ្ញា កន្លងទៅ វិស័យទេសចរណ៍នៅតំបន់ដីសណ្តទន្លេ Cuu Long ទទួលបានលទ្ធផល​ល្អប្រសើរ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ខេត្តអានយ៉ាងឈរ​ជាប់ចំណាត់ថ្នាក់កំពូល ដោយទទួលភ្ញៀវទេសចរជាង ៥៨០.០០០ ទីក្រុងកឹនថើ ទទួលភ្ញៀវជាង ៣៥៣.០០០ នាក់ ខេត្តកាម៉ៅទទួលភ្ញៀវជាង ២១០.៤០០ នាក់ ខណៈដែល​ខេត្តវិញឡុងនិងខេត្ត​ដុងថាបក៏មានកំណើនខ្ពស់ផងដែរ។ ដើម្បីសម្រេចបាន​នូវ​លទ្ធផលនេះ មូលដ្ឋាននានាបានម្ចាស់ការកែលម្អផលិតផលទេសចរណ៍ ដោយផ្លាស់ប្តូរពីការទាញយកធនធានដែលមានស្រាប់ ទៅជា​ម្ចាស់ការរៀបចំនិងបង្កើតបទពិសោធន៍​ទេសចរណ៍។ ផ្សារអណ្តែតទឹកកាយរ៉ាង(កឹនថើ) មិនគ្រាន់តែជាគោលដៅទេសចរណ៍ទៀតហើយ ប៉ុន្តែត្រូវបានផ្សាភ្ជាប់ជាមួយនឹងសប្តាហ៍ម្ហូបអាហារ វប្បធម៌ និងកីឡាទ្រង់ទ្រាយធំ ដើម្បី​ពង្រីករយៈពេលស្នាក់នៅ​របស់​ភ្ញៀវទេសចរ។ ក្នុងពេលនោះ ខេត្តដុងថាបបានអនុវត្តវិធីសាស្រ្តថ្មី ដោយឆ្លៀតយករដូវទឹក​ឡើង ដើម្បីអភិវឌ្ឍទេសចរណ៍សហគមន៍។ លោកស្រី ង្វៀន ធី គឹមអៀន អនុប្រធានគណៈកម្មាធិការប្រជាជនសង្កាត់ហុងងឺ ខេត្តដុងថាប បានឱ្យដឹងថា៖ «​ដោយ​ផ្អែកលើចំណង់ចំណូលចិត្តរបស់ប្រជាជននិងភ្ញៀវទេសចរ ពួកគេចូលចិត្តត្រឡប់មកតំបន់ទន្លេ ដើម្បីទទួលយកបទពិសោធន៍ក្នុងរដូវទឹកឡើង ក៏ដូចជាស្វែងយល់ពីជីវភាព​រស់ជនបទនៅតំបន់ព្រំដែន។ យើងកំពុងរៀបចំផែនការអភិវឌ្ឍតំបន់ដី​ហុងងឺឱ្យក្លាយជាគោលដៅទេសចរណ៍ ដោយផ្អែកលើវប្បធម៌តំបន់ទន្លេ និងវប្បធម៌មូលដ្ឋាន តភ្ជាប់ជាមួយតំបន់ព្រំដែន ដើម្បីកំណត់ទិសដៅអភិវឌ្ឍយូរអង្វែងសម្រាប់ទេសចរណ៍​បៃតង។»​

ខេត្តវិញឡុងក៏បានកែលម្អវិស័យទេសចរណ៍តាមរយៈ​ដំណើរកម្សាន្តទៅទស្សនាភូមិសិប្បកម្ម ខ្សែផ្លូវ​កុលាលភាជន៍ក្រហម និងបទពិសោធន៍ជិះកង់នៅតាមតំបន់កោះតូច​ៗផងដែរ។ ជាពិសេស ខេត្តមានដំណើរទេសចរណ៍ថ្មីតាមដងទន្លេ Cuu Long ដោយនាវាទេសចរណ៍ ដែលតភ្ជាប់ភ្ញៀវទេសចរមកពីកម្ពុជា ឬទីក្រុងហូជីមិញ ឱ្យមកទស្សនាខេត្តវិញឡុង។ ដើម្បីឆ្លើយតបនឹងតម្រូវការរបស់ភ្ញៀវទេសចរ ក្រុមហ៊ុនទេសចរណ៍កំពុងជំរុញការរៀបចំកម្មវិធីទេសចរណ៍រយៈពេលខ្លី តាមនិន្នាការស្វែងរកបទពិសោធន៍ថ្មីៗ ដោយផ្តោតលើលក្ខណៈងាយស្រួល ឆាប់រហ័ស និងគុណភាពល្អ សម្រាប់ក្រុមភ្ញៀវទេសចរ​ក្នុងស្រុក។ កត្តាទាំងនេះបានរួមចំណែកធ្វើឱ្យតំបន់ដីសណ្តទន្លេ Cuu Long ក្លាយជាជម្រើសពេញ​និយម​របស់ភ្ញៀវទេសចរជាច្រើន។ លោក ត្រឹន ហ៊ឺវហៀប អនុប្រធាន​សមាគម​ទេសចរណ៍តំបន់ដីសណ្តទន្លេ Cuu Long បានចាត់ទុកថា៖ «អ្វីដែលគួរឱ្យកត់សម្គាល់នោះ មិនមែនជាតួរលេខកំណើនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការផ្លាស់ប្តូរជាវិជ្ជមាននៃផ្នត់គំនិត និងរបៀបអភិវឌ្ឍទេសចរណ៍ផងដែរ​។ ពីការទាញយកអត្ថ​ប្រយោជន៍ពីធនធានដែលមានស្រាប់ យើងបានងាកមករៀបចំបទពិសោធន៍​ និងបង្កើត​ព្រឹត្តិការណ៍វប្បធម៌ និងកីឡាជាច្រើន។ ក្រុមហ៊ុនទេសចរណ៍ និងសេវា​ស្នាក់នៅជាច្រើនបានបង្កើតកញ្ចប់អនុគ្រោះ ដែលជួយឱ្យចំនួនភ្ញៀវ​ស្នាក់នៅកើនឡើងលឿនជាងចំនួនភ្ញៀវដែលមកទស្សនា។ ភ្ញៀវទេសចរកំពុងស្នាក់នៅយូរជាងមុន និងចំណាយច្រើនជាងមុន មិនគ្រាន់តែមកដល់គោលដៅទេសចរណ៍ហើយ​ចាកចេញ​ទៀតឡើយ។»

សម្រាប់មូលដ្ឋាននានានៅតំបន់ដីសណ្តទន្លេ Cuu Long សមិទ្ធផលក្នុងឱកាសទិវាបុណ្យនាពេលថ្មីៗនេះ គ្រាន់តែជាចំណុចចាប់ផ្តើមប៉ុណ្ណោះ។ មូលដ្ឋានទាំងនេះកំពុងបន្ត​ដោះស្រាយឧបសគ្គពាក់ព័ន្ធនឹងហេដ្ឋារចនាសម្ព័ន្ធ ផលិតផលទេសចរណ៍ និងការកសាងម៉ាកយីហោទេសចរណ៍ប្រចាំតំបន់។ ជាពិសេស គឺការអភិវឌ្ឍទេសចរណ៍ប្រកបដោយចីរភាពពេញមួយឆ្នាំ ដើម្បីប្រែក្លាយតំបន់នេះពីកន្លែងឈប់សម្រាក ទៅជាគោលដៅទេសចរណ៍ដ៏​គួរឱ្យ​ទាក់ទាញសម្រាប់ភ្ញៀវទេសចរ៕​