កំណើនសេដ្ឋកិច្ចដ៏គួរឱ្យចាប់អារម្មណ៍នេះ ជាលទ្ធផលនៃការរួមបញ្ជូលគ្នារវាងការវិនិយោគ ឧស្សាហកម្ម និងសេវាកម្ម-ទេសចរណ៍។ ក្នុងរយៈពេល ៩ ខែដើមឆ្នាំ ក្វាងនិញ បានទាក់ទាញការវិនិយោគក្នុងស្រុក ក្រៅថវិការដ្ឋជិត ២២៥.៦០០ ពាន់លានដុង (៨,៧២ ពាន់លានដុល្លារ) និងការវិនិយោគផ្ទាល់ពីបរទេស (FDI) ជាង ១,៣ ពាន់លានដុល្លារ។ ការបើកចំណាយការវិនិយោគសាធារណៈសម្រេចបានប្រហែល ៧៦% នៃផែនការ ដែលខ្ពស់ជាងកម្រិត ៤៨% ក្នុងរយៈពេលដូចគ្នានៃឆ្នាំ ២០២៥។ លំហូរទុនវិនិយោគកំពុងផ្លាស់ប្តូរជាជំហានៗ ទៅជាសមត្ថភាពផលិតកម្ម និងតម្លៃកំណើន។ វិស័យឧស្សាហកម្ម និងសំណង់ត្រូវបានប៉ាន់ប្រមាណសម្រេចបានកំណើនជាង ១៤%; ដោយឡែកឧស្សាហកម្មកែច្នៃ និងផលិតកម្មបានកើនឡើងជាង ២៦,៦%។ ដោយចែករំលែកអំពីការសម្រេចចិត្តវិនិយោគនៅទីក្រុងក្វាងនិញ លោក Vu Ngoc Anh អនុប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនភាគហ៊ុន VB Holdings ជាវិនិយោគិននៅក្នុងមណ្ឌលឧស្សាហកម្ម VB Quang Yen បានឱ្យដឹងថា៖ «ក្រុមហ៊ុនបានស្រាវជ្រាវយ៉ាងហ្មត់ចត់លើទិដ្ឋភាពជាច្រើន ជាពិសេសទីតាំងភូមិសាស្ត្រ លក្ខខណ្ឌធម្មជាតិអំណោយផលរបស់ទីក្រុងក្វាងនិញ រហូតដល់ការដឹកនាំរបស់អាជ្ញាធរមូលដ្ឋានលើយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ច។ បណ្តាស្ថាប័ន និងមូលដ្ឋាននានា សុទ្ធតែគាំទ្រសហគ្រាសប្រកបដោយប្រសិទ្ធភាព។»
ទោះជាយ៉ាងណាក៏ដោយ ដើម្បីសម្រេចបាននូវគោលដៅកំណើន GRDP ចំនួន ១៣,២១% នៅឆ្នាំនេះ ទីក្រុងក្វាងនិញត្រូវរក្សាអត្រាកំណើនប្រហែល ១៥% នៅក្នុងត្រីមាសទីបួននៃឆ្នាំ ២០២៦។ ទីក្រុងបានដាក់ក្តីសង្ឃឹមលើការបន្តជំរុញតម្រូវការទេសចរណ៍និងការប្រើប្រាស់ និងដាក់ឱ្យដំណើរការនូវគម្រោងពាណិជ្ជកម្មទ្រង់ទ្រាយធំ។ ជាពិសេស មជ្ឈមណ្ឌលផ្សារទំនើប Aeon Mall Ha Long ត្រូវបានរំពឹងថា នឹងជំរុញទីផ្សារលក់រាយ ដោយមានការរួមចំណែកប្រមាណ ៣០.០០០ ពាន់លានដុង (១,១៦ ពាន់លានដុល្លារ) ជារៀងរាល់ឆ្នាំ ដល់ការលក់រាយទំនិញសរុប និងប្រាក់ចំណូលសេវាកម្មនៅពេលដាក់ឱ្យដំណើរការ។ លោក Inui Shinichiro អ្នកគ្រប់គ្រងទូទៅនៃ Aeon Mall Ha Long បានចែករំលែក៖ «ក្វាងនិញគឺជាទីផ្សារដែលមានសក្តានុពលនិងចំណុចខ្លាំងជាច្រើន។ នៅពេលដែលផ្សារទំនើបរបស់យើងត្រូវបានដាក់ឱ្យដំណើរការ យើងសង្ឃឹមថា នឹងទាក់ទាញភ្ញៀវទេសចរមិនត្រឹមតែមកពីតំបន់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមកពីបណ្តាខេត្តជិតខាងឱ្យមកធ្វើការនមិងរស់នៅហាឡុង ហើយសង្ឃឹមថានឹងផ្លាស់ប្តូររបៀបរស់នៅរបស់ប្រជាជននៅទីនេះ។»
ទីក្រុងក្វាងនិញបានកំណត់ថា សក្តានុពលកំណើនរបស់ទីក្រុងនៅមានច្រើនណាស់ ប៉ុន្តែមិនទាន់ត្រូវបានទាញយកប្រកបដោយប្រសិទ្ធភាព និងបានប្រែក្លាយ យ៉ាងពេញលេញទៅជាកម្លាំងចលករពិតប្រាកដសម្រាប់ការអភិវឌ្ឍនោះឡើយ។ នៅក្នុងបរិបទនោះ នៅថ្ងៃទី ២ ខែតុលា ទីក្រុងបានចាប់ផ្តើមយុទ្ធនាការមួយដើម្បី "បង្កើនល្បឿន និងទម្លុះទម្លាយដើម្បីសម្រេចបានគោលដៅ និងភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមសម្រាប់ឆ្នាំ ២០២៦" ដោយផ្តោតលើគោលដៅនៃការសម្រេចបានអត្រាកំណើន GRDP ជាង ១៣% ចំណូលថវិការដ្ឋលើសពី ១០០.០០០ ពាន់លានដុង និងការបើកចំណាយទុនវិនិយោគសាធារណៈ ១០០% ទៅតាមគោលដៅដែលត្រូវបានប្រគល់ជូន។ លោក Bui Van Khang ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងក្វាងនិញបានសង្កត់ធ្ងន់ថា៖ «ចាំបាច់ត្រូវផ្តោតលើការរៀបចំឡើងវិញនូវបរិយាកាសអភិវឌ្ឍន៍ និងបង្កើតកម្លាំងចលករកំណើនថ្មី។ ផែនការមេគឺមានរួចហើយ ប៉ុន្តែបញ្ហាដ៏សំខាន់គឺការរៀបចំការអនុវត្តផែនការមេ។ លំហរដ្ឋបាលថ្មី ត្រូវតែបង្កើតលំហអភិវឌ្ឍន៍ថ្មី វិធីសាស្រ្តគ្រប់គ្រងថ្មី និងកម្លាំងជំរុញកំណើនថ្មី។»
មិនត្រឹមតែមានគោលបំណងសម្រេចបាននូវគោលដៅសម្រាប់ឆ្នាំ ២០២៦ ប៉ុណ្ណោះទេ ខេត្តក្វាងនិញក៏មានគោលបំណងកសាងមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍរយៈពេលវែងទៀតផង។ ការបំពេញលក្ខខណ្ឌដើម្បីក្លាយជាទីក្រុង រយៈពេល៤ឆ្នាំមុននឹងផែនការដែលបានកំណត់ក្នុងសេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្សខេត្តលើកទី ១៦ បានបើកចេញឱកាសថ្មីៗសម្រាប់ការអភិវឌ្ឍ។
ជាមួយនឹងទីតាំងភូមិសាស្ត្រដ៏អំណោយផល ហេដ្ឋារចនាសម្ព័ន្ធ ឧស្សាហកម្ម ទេសចរណ៍ និងបរិយាកាសវិនិយោគត្រូវបានកែលម្អកាន់តែខ្លាំងឡើង ក្វាងនិញកំពុងប្រែក្លាយសក្តានុពលទៅជាធនធាន និងប្រែក្លាយឱកាសទៅជាកម្លាំងចលករកំណើនជាបណ្ដើរៗ។ លទ្ធផលនៅឆ្នាំ ២០២៦ នឹងមិនត្រឹមតែបញ្ជាក់ពីសន្ទុះអភិវឌ្ឍន៍របស់ទីក្រុងថ្មីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកដល់ការពង្រឹងតួនាទីជាប៉ូលកំណើន ដោយរួមដំណើរប្រទេសទាំងមូលឆ្ពោះទៅរកគោលដៅនៃកំណើនសេដ្ឋកិច្ចពីរខ្ទង់ផងដែរ៕
