បច្ចុប្បន្ន ទីក្រុង​ដុងណៃ មានមណ្ឌលឧស្សាហកម្មចំនួន ៧២។ យោងតាមផែនទីបង្ហាញផ្លូវសម្រាប់ការផ្លាស់ប្តូរទៅជាមណ្ឌលឧស្សាហកម្មអេកូឡូស៊ី និងសហគ្រាសអេកូឡូស៊ី ទីក្រុងបាន​ដាក់​ចេញ​នូវគោល​ដៅសម្រាប់​ដំណាក់កាល ២០២៦-២០៣០ មាន​មណ្ឌលឧស្សាហកម្មយ៉ាងហោចណាស់ពីរ​កន្លែង ដែលត្រូវបានបញ្ជាក់ថា ជាមណ្ឌលឧស្សាហកម្មអេកូឡូស៊ី។ យ៉ាងណាមិញ នៅខែមិថុនា ឆ្នាំ២០២៦ មាន​មណ្ឌលឧស្សាហកម្មចំនួន ៦ បានចុះឈ្មោះដើម្បី​ផ្លាស់​ប្តូរពីគំរូប្រពៃណីទៅជាគំរូមណ្ឌលឧស្សាហកម្មជំនាន់ថ្មី។ លោក ផាម វៀតភឿង អនុប្រធានគណៈគ្រប់គ្រងមណ្ឌលឧស្សាហកម្ម - តំបន់សេដ្ឋកិច្ចទីក្រុងដុងណៃ បាន​ឱ្យដឹងថា ដើម្បីសម្រេច​បាននូវ​គោលដៅនេះ សហគ្រាសដែល​ប្រតិបត្តិការនៅក្នុងមណ្ឌលឧស្សាហកម្ម​ត្រូវតែបំពេញតាមលក្ខណៈវិនិច្ឆ័យសម្រាប់ផលិតកម្មបៃតង និងការអភិវឌ្ឍប្រកបដោយចីរភាព។ ដូច្នេះ ទាំងម្ចាស់​វិនិយោគលើ​ហេដ្ឋារចនាសម្ព័ន្ធ និងអាជីវកម្មបន្ទាប់បន្សំ ត្រូវម្ចាស់ការបែងចែកធនធានហិរញ្ញវត្ថុ និងអនុវត្តដំណើរការ​ផ្លាស់​ប្តូរជាបណ្ដើរៗ។

«អាជីវកម្មបន្ទាប់បន្សំនៅក្នុងសួនឧស្សាហកម្ម ត្រូវតែទទួលបន្ទុកការ​ចំណាយក្នុងការធានាហិរញ្ញប្បទានសម្រាប់ការផ្លាស់ប្តូរ។ ទោះជាយ៉ាងណាក៏ដោយ គោលនយោបាយផ្សេងៗ​ជាច្រើន​ត្រូវបានអនុវត្តដើម្បីគាំទ្រដល់អាជីវកម្ម ក្នុងការទទួលបានដើមទុន​ចាំបាច់​ស​ម្រា​ប់ការផ្លាស់ប្តូរនេះ។»

យោងតាមលោក ង្វៀន វ៉ាន់ អ៊ុត ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងដុងណៃ ការផ្លាស់ប្តូរគំរូកំណើនជាបណ្ដើរៗ ​ឆ្ពោះទៅរកការអភិវឌ្ឍមណ្ឌលឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់ អេកូឡូស៊ី និងឆ្លាតវៃ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការរក្សាអត្រាកំណើនខ្ពស់ក្នុងដំណាក់កាលខាងមុខ។ ការអភិវឌ្ឍមណ្ឌលឧស្សាហកម្មដែលផ្តោតលើគំរូអេកូឡូស៊ី បៃតង ស្អាត និងការអនុវត្តបច្ចេកវិទ្យាទំនើបនឹងជួយ​លើក​កម្ពស់គុណភាពនៃកំណើននិងសមត្ថភាពប្រកួតប្រជែងក្នុងការទាក់ទាញការវិនិយោគ​ផងដែរ​។

«ទីក្រុង​ដុងណៃមិនអាចរក្សាមណ្ឌលឧស្សាហកម្មពហុវិស័យ និងពហុមុខរបរបាន​ទេ។ យើងត្រូវតែមានទិសដៅដើម្បីផ្លាស់ប្តូរពី​មណ្ឌលឧស្សាហកម្មប្រពៃណីទៅជាមណ្ឌលឧស្សាហកម្មអេកូឡូស៊ី។ មណ្ឌលឧស្សាហកម្មត្រូវតែមានភាពបៃតង ស្អាត និងឆ្លាតវៃ... ទើបរក្សាបាន​នូវ​អត្រាកំណើនរបស់ទីក្រុងដុងណៃបាន។ ប្រសិនបើ​ទីក្រុង​ដុងណៃរីកចម្រើន ប្រកដណាស់ថា នឹង​ជិះឥទ្ធិពលដល់កំណើនរបស់ប្រទេសទាំងមូល​។»

ចំពោះសហគ្រាស លោក ង្វៀន ទួនអាញ អនុប្រធាន KN Holdings Group បានចែ​ករំលែកថា ការអភិវឌ្ឍមណ្ឌលឧស្សាហកម្ម​តាម​ទិសដៅបៃតង និងឆ្លាតវៃលែងជាជម្រើសទៀតហើយ ប៉ុន្តែបានក្លាយជាតម្រូវការចាំបាច់។ ដូច្នេះ សំណួរគឺថា តើការផ្លាស់ប្តូរនឹងត្រូវបានអនុវត្តយ៉ាងដូចម្តេច ដើម្បីទាក់ទាញការវិនិយោគផ្ទាល់ពីបរទេសដែលមានគុណភាពខ្ពស់ ពីព្រោះគោលដៅមិនត្រឹមតែបង្កើនលំហបៃតងប៉ុណ្ណោះទេ ប៉ុន្តែសំខាន់ជាងនេះទៅទៀត គឺបង្កើតលក្ខខណ្ឌសម្រាប់សហគ្រាសក្នុងការប្រើប្រាស់​ប្រកប​ដោយ​ប្រសិទ្ធិភាពនូវធនធាន ទឹក និងថាមពល។ ទន្ទឹមនឹងនោះ បង្កើនផលិតភាព និងតម្លៃបន្ថែមតាមរយៈការអនុវត្តថាមពលកកើតឡើងវិញ បច្ចេកវិទ្យាបរិស្ថាន និងដំណោះស្រាយគ្រប់គ្រងទំនើប។ លោក ង្វៀន ទួន អាញ ជឿជាក់ថា ដើម្បីសម្រេចបាននូវគោលដៅនេះ ទីក្រុងដុងណៃត្រូវការផ្លាស់ប្តូរផ្នត់គំនិតអភិវឌ្ឍន៍របស់ខ្លួន ពីការសាងសង់ហេដ្ឋារចនាសម្ព័ន្ធទៅជាការបង្កើតប្រព័ន្ធអេកូឡូស៊ីឧស្សាហកម្ម។ ក្នុងនោះ ហេដ្ឋារចនាសម្ព័ន្ធបច្ចេកទេស ថាមពល និងការផ្លាស់ប្តូរឌីជីថល​ត្រូ​វតែដើរទន្ទឹមគ្នាជាមួយនឹងវិធីសាស្រ្តផ្តោតលើប្រជាជន។

«បង្កើតបរិយាកាស​ឧស្សាហកម្មសម្រាប់ការស្រាវជ្រាវនិងនវានុវត្តន៍ ដែលយក​​មនុស្ស​ជាស្នូល។ នឹងមាន​កន្លែងស្នាក់នៅសម្រាប់កម្មករ លំនៅដ្ឋានសម្រាប់អ្នកជំនាញ រួមជាមួយនឹងសេវាកម្មពេ​ញលេញដើម្បីប​ម្រើ​ពលករ តាមនោះ រួម​ដំណើរជាមួយគម្រោង និងមណ្ឌលឧស្សាហកម្ម​រយៈពេល ៥-២០​ ឆ្នាំ ឬយូរជាងនេះ ដើម្បីឱ្យសហគ្រាស FDI កាន់​តែ​ច្រើន​មកបណ្តាក់​ទុន​នៅមណ្ឌលឧស្សាហកម្ម និងស្នាក់នៅរយៈពេលវែង។»​

ពីទស្សនៈផ្នែកច្បាប់ លោក ជិន ដា​យងៀ នាយកប្រតិបត្តិនៃក្រុមហ៊ុនចម្កាត់​ផ្តល់​ប្រឹក្សានិង​វិនិយោគ FII វៀតណាម បាន​ឱ្យដឹងថា វិនិយោគិនជាច្រើននៅតែស្ទាក់ស្ទើរ​នៅពេ​ល​អនុវត្តគម្រោងមណ្ឌលឧស្សាហកម្មបៃតង និងឆ្លាតវៃនៅវៀតណាម​។ ដូច្នេះ មូលដ្ឋានត្រូវកសាងប្រព័ន្ធច្បាប់ និងយន្តការសម្រាប់កៀរគរធនធានហិរញ្ញវត្ថុប្រកប​ដោយសមកាលកម្ម ជួយ​សហគ្រាសក្នុងការ​អនុវត្ត និងធានាតុល្យភាព​ថ្លៃដើមវិនិយោគ។

«​បច្ចុប្បន្ននេះ ក្នុង​ការ​វិនិយោគលើហេដ្ឋារចនាសម្ព័ន្ធមណ្ឌលឧស្សាហកម្មអេកូឡូស៊ី​ បញ្ហា​ដ៏ធំបំផុត​ចំពោះ​សហគ្រាសគឺប្រភព​ទុន។ បច្ចុប្បន្ននេះ អត្រាការប្រាក់លើប្រាក់កម្ចីនៅវៀតណាមគឺខ្ពស់ណាស់ ប្រសិនបើ​វិនិយោគិន​អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសម្រាប់មណ្ឌលឧស្សាហកម្មអេកូ ពួកគេអាចខ្ចីប្រាក់ពីធនាគារក្នុងស្រុក ឬប្រភពផ្សេងទៀតក្នុងអត្រាពាក់កណ្តាលនៃអត្រាទីផ្សារ ​ដែលជួយ​សហគ្រាសរក្សា​តុល្យភាពថ្លៃដើមវិនិយោគ​លើ​មណ្ឌលឧស្សាហកម្ម។»

នៅក្នុងការប្រកួតប្រជែងដើម្បីទាក់ទាញ FDI គុណភាពខ្ពស់ មូលដ្ឋានដែល​នាំមុខគេមិនត្រឹមតែទាក់ទាញវិនិយោគិនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងកំណត់​តួនាទីរបស់​ខ្លួននៅ​ក្នុង​ខ្សែ​សង្វាក់តម្លៃផលិតកម្មសកល​ទៀត​ផង។ សម្រាប់ទីក្រុងដុងណៃ ការអភិវឌ្ឍមណ្ឌលឧស្សាហកម្ម​តាមទិសដៅបៃតង និងឆ្លាតវៃមិនត្រឹមតែជាតម្រូវការសំខាន់សម្រាប់​កា​រ​អ​ភិវឌ្ឍប្រកបដោយចីរភាពប៉ុណ្ណោះទេ ប៉ុន្តែក៏ជាជំហានយុទ្ធសាស្ត្រ​ដើម្បីរក្សាតួនាទីជាមជ្ឈ​ម​ណ្ឌលឧស្សាហកម្មឈានមុខគេនៃតំបន់អាគ្នេយ៍ ក្នុងដំណាក់កាលខាងមុ​ខ​​ទៀត​ផង​៕