នៅក្នុងបរិបទនៃស្តង់ដារកាន់តែតឹងរ៉ឹងអំពីប្រភពដើម បរិស្ថាន កម្លាំងពលកម្ម និងការអភិវឌ្ឍប្រកបដោយចីរភាព នោះការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវការប្តេជ្ញាចិត្ត FTA កំពុងក្លាយជាតម្រូវការដ៏សំខាន់មួយ សម្រាប់លើកកម្ពស់​សមត្ថភាពប្រកួតប្រជែង។

បច្ចុប្បន្ន វៀតណាមមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចំនួន ១៧ ដែលកំពុង​អនុវត្តន៍ ដោយពង្រីកទីផ្សារសម្រាប់ទំនិញនិងសហគ្រាសក្នុងស្រុក​។ ទោះជាយ៉ាងណាក៏ដោយ ដើម្បីឱ្យការប្តេជ្ញាចិត្តទាំងនេះ​ពង្រីកប្រសិទ្ធភាពយ៉ាង​ពិតប្រាកដ ត្រូវមាន​ការសម្របសម្រួលពីថ្នាក់មជ្ឈិមរហូត​ដល់ថ្នា​ក់មូលដ្ឋាន ក្នុងការអនុវត្តបទប្បញ្ញត្តិ​ស្តីពី​ពន្ធគយ ប្រភពដើម ស្តង់ដារបច្ចេកទេស និងតម្រូវការទីផ្សារ ខណៈពេលបង្កើតលក្ខខណ្ឌអំណោយផល​សម្រាប់​សហគ្រាស​ ដើម្បីឆ្លៀត​យក​អនុគ្រោះ​ប្រកប​ដោយ​ប្រសិទ្ធភាព។

ទីក្រុងហៃផុងគឺជាឧទាហរណ៍ដ៏សំខាន់មួយ។ នៅឆ្នាំ ២០២៥ ទោះបីជាបានរៀបចំក្បាលម៉ាស៊ីនរដ្ឋឡើងវិញ និង​ដំណើរការ​គំរូ​អាជ្ញាធរមូលដ្ឋានពីរកម្រិត និងការ​ឆ្លើយតបទៅ​នឹ​ងការប្រែប្រួលនៃពាណិជ្ជកម្មអន្តរជាតិក៏ដោយ ទីក្រុងនៅតែសម្រេចបានអត្រាកំណើន GRP ១១,៨១%។ តម្លៃនាំចូលនិងនាំចេញសរុប​​សម្រេចបាន ៩១,៧២ ពាន់លានដុល្លារអាមេរិក ក្នុងនោះការនាំចេញសម្រេចបាន ៥០,១៤ ពាន់លានដុល្លារអាមេរិក។ យោងតាមលទ្ធផលនៃ​ FTA Index ឆ្នាំ ២០២៥ ទីក្រុងហៃផុងបាន​ជាប់ចំណាត់ថ្នាក់លេខមួយ​លើ​ទូទាំងប្រទេសក្នុងការអនុវត្ត FTA។ វិធីសាស្រ្តរបស់ទីក្រុងគឺយក​សហគ្រាសជាស្នូល ផ្តល់ព័ត៌មានពាក់ព័ន្ធនឹងឧស្សាហកម្ម និងទីផ្សារនីមួយៗ និងដោះស្រាយយ៉ាងទាន់​ពេលវេលានូវ​ឧបសគ្គក្នុងការនាំចូល និងនាំចេញ​។ លោក Hoang Minh Cuong អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហៃផុង បាន​ឱ្យដឹងថា៖ «ត្រូវតែយក​សហគ្រាសជាស្នូល ហើយយក​បទពិសោធន៍របស់សហគ្រាសធ្វើ​ជារង្វាស់​។ ទីក្រុងហៃផុង​កំ​ពុង​ផ្លា​ស់ប្តូរជាបណ្ដើរៗពីការឃោសនាទូទៅ ទៅជាការផ្តល់ព័ត៌មានតាមឧស្សាហកម្មនិងទីផ្សារ ដោយ​បង្កើនការសន្ទនា និងដោះស្រាយសំណើ​ទាក់ទងនឹងការនាំចូល និងនាំចេញ វិញ្ញាបនបត្រប្រភពដើម (C/O) និងឡូជីស្ទិកឱ្យបានទាន់ពេលវេលា។ គោលនយោបាយមានតម្លៃ លុះត្រាតែសហគ្រាសអាច​ទទួលបាន យល់ដឹង​ និងអនុវត្តន៍ទៅជាកា​របញ្ជាទិញ ទីផ្សារ និងការងារ។»​

មិន​ត្រឹម​តែពង្រីកទីផ្សារប៉ុណ្ណោះទេ ទីក្រុងហៃផុងក៏ផ្តោតលើការ​កែលម្អសមត្ថភាព​ផលិតកម្ម និងបំពេញតាមស្តង់ដារថ្មីៗទៀត​ផង។ លោក Hoang Minh Cuong បានបន្ថែមថា៖ «ទីក្រុង Hai Phong រួមបញ្ចូលគ្នានូវការពង្រីកទីផ្សារជាមួយនឹងការកែលម្អសមត្ថភាពផ្ទៃក្នុង និងការអភិវឌ្ឍប្រកបដោយចីរភាព។ ទីក្រុងផ្តល់អាទិភាពដល់បច្ចេកវិទ្យា​ខ្ពស់ បច្ចេកវិទ្យាស្អាត ផលិតកម្មបៃតង ការប្រើប្រាស់ថាមពលប្រកបដោយប្រសិទ្ធភាព និងគាំទ្រដល់សហគ្រាសក្នុងការបំពេញតាមច្បាប់ប្រភពដើម ស្តង់ដារបរិស្ថាន ស្តង់ដារការងារ និងការតាមដានប្រភពដើម​។ ពន្ធអនុគ្រោះ​គឺជាឱកាស ប៉ុន្តែគុណភាពផលិតផល សមត្ថភាពឌីជីថល និងការគ្រប់គ្រងខ្សែសង្វាក់ផ្គត់ផ្គង់គឺជាកត្តាសម្រេច ​ដែលកំណត់សមត្ថភាពរបស់សហគ្រាសក្នុងការឈានទៅឆ្ងាយ។»​

នៅខេត្ត ថាញ់ហ័រ ការសន្យា FTA ក៏ត្រូវបានដាក់បញ្ចូលទៅក្នុងគោលនយោបាយ​គាំទ្រ​សហគ្រាសផងដែរ ដោយផ្តោតលើការពង្រីកទីផ្សារ ការអភិវឌ្ឍឡូជីស្ទិក ការ​លើក​កម្ពស់បច្ចេកវិទ្យានិងតម្លាភាព​នៃប្រភពដើមទំនិញ។ យោងតាម FTA Index ២០២៥ ខេត្ត​ថាញ់ហ័រ ជាប់ចំណាត់ថ្នាក់លេខបី​លើ​ទូទាំងប្រទេស។ លោក Doan Trong Thanh អនុប្រធានការិយាល័យគ្រប់គ្រង​ការនាំចូល-នាំចេញ នៃមន្ទីរឧស្សាហកម្មនិងពាណិជ្ជកម្មខេត្តថាញ់ហ័រ បានឱ្យដឹងថា៖ «​ដោយផ្អែកលើកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខា ខេត្តបានចេញផែនការមួយដើម្បីអនុវត្ត ដើម្បីឱ្យអង្គការនិងសហគ្រាស​នៅក្នុងខេត្តអាចចាប់យក និងទាញយកឧត្តមភាព។ ទីពីរ គឺដាក់ចេញ​នូវ​គោលការណ៍ជំរុញ​ការធ្វើសមាហរណកម្ម ដូចជាគោលការណ៍គាំទ្រសហគ្រាសនៅក្នុងទីផ្សារថ្មី ការនាំចេញផលិតផលថ្មី និងគោលការណ៍ស្តីពីកា​រអភិវឌ្ឍសហគ្រាស ក៏ដូចជាគោល​ការណ៍គាំទ្រ​ក្រុមហ៊ុនដឹកជញ្ជូនអន្តរជាតិឱ្យប្រគល់និងទទួលទំនិញនៅកំពង់ផែ Nghi Son និងគាំទ្រសហគ្រាសដែលមានទំនិញនាំចេញតាមរយៈកំពង់ផែ Nghi Son។ លើសពីនេះ បណ្តាមន្ទីរ ស្ថាប័ននិងផ្នែកនានា​របស់គណកម្មាធិការប្រជាជន​ខេត្ត ក៏បានរួមដំណើរជាមួយសហគ្រាស ជំរុញឱ្យសហគ្រាសផ្លាស់ប្តូរផ្នត់គំនិតផលិតកម្ម ដោយ​យកចិត្តទុកដាក់លើប្រភពដើមទំនិញ វិនិយោគលើបច្ចេកវិទ្យា និងបំពេញបទប្បញ្ញត្តិស្តីពីប្រភពដើមទំនិញ ដើម្បីចៀសវាង​ការទទួល​រងវិធានការការពារពាណិជ្ជកម្ម ក៏ដូចជាបម្រើឱ្យការបញ្ជាក់ពីតម្លាភាពក្នុ​ងផលិតកម្ម ដើម្បីសម្រេចបាននូវស្តង់ដារនានា​។​»​

​តាមពិតទៅ ការអនុវត្ត FTA កំពុងក្លាយជាផ្នែកសំខាន់មួយនៃអភិបាលកិច្ចនិងការគ្រប់គ្រងអភិវឌ្ឍន៍សេដ្ឋកិច្ច។ ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍​ លោក ផាម យ៉ាទូក បានសង្កត់ធ្ងន់ថា៖ «ត្រូវចាត់ទុក​ការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាផ្នែកសរីរាង្គមួយនៃយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ជាសូចនាករសំខាន់សម្រាប់វាយតម្លៃសមត្ថភាព​គ្រប់គ្រង និងសមត្ថភាពធ្វើសមាហរណកម្មរបស់មូលដ្ឋាន មិនមែនគ្រាន់តែជាភារកិច្ចដាច់ដោយឡែក​សម្រាប់តែវិស័យឧស្សាហកម្មនិងពាណិជ្ជកម្ម ឬក្រសួងការបរទេសនោះទេ។ មូលដ្ឋាននីមួយៗ ត្រូវភ្ជាប់ការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងកម្មវិធីគ្រប់គ្រងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាមួយនឹងការទទួលខុសត្រូវរបស់ថ្នាក់ដឹកនាំ»។

ដូច្នេះ ការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីមិនគួរតែ​ឈប់នៅត្រឹមការផ្សព្វផ្សាយការប្តេជ្ញាចិត្តនោះទេ ប៉ុន្តែត្រូវក្លាយ​ជាសកម្មភាពជាក់ស្តែងនៅថ្នាក់មូលដ្ឋាន​។ នៅពេលដែលរដ្ឋាភិបាល​រួម​ដំណើរជាមួយសហគ្រាស ហើយសហគ្រាសបាន​ម្ចាស់ការកែលម្អគុណភាព បច្ចេកវិទ្យា និងសមត្ថភាពក្នុងការបំពេញតាមស្តង់ដារ នោះការ​ប្តេជ្ញាពាណិជ្ជកម្មថ្មី​អាចក្លាយជាទីផ្សារ ការបញ្ជាទិញ និង​សុមត្ថភាពប្រកួតប្រជែងប្រកបដោយចីរភាព៕​