ខេត្តឌៀនបៀនមានលក្ខខណ្ឌធម្មជាតិអំណោយផលសម្រាប់ការអភិវឌ្ឍដើមកាហ្វេអារ៉ាប៊ីកា។ ប្រភេទដំណាំនេះដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកសិកម្ម ដោយបង្កើនប្រាក់ចំណូលសម្រាប់ប្រជាជន ជាពិសេសជនជាតិភាគតិច។ យោងតាមតួលេខស្ថិតិរបស់ខេត្ត នៅឆ្នាំ ២០២៥ ទិន្នផលកាហ្វេជាមធ្យមគឺប្រហែល ៣០០ លានដុងក្នុងមួយហិកតា។ គួរឱ្យកត់សម្គាល់ថា សមាជិកម្នាក់នៃសហករណ៍ Pha Din (ឃុំ ទួនយ៉ាវ) រកប្រក់ចំណូលបានជិត ៥ ពាន់លានដុង (១៩០.២៥៥ ដុល្លារអាមេរិក) ជារៀងរាល់ឆ្នាំពីដើមកាហ្វេលើផ្ទៃដីប្រហែល ៦-៧ ហិកតា។ បច្ចុប្បន្ននេះ ផ្ទៃដីដាំដុះកាហ្វេសរុបនៅក្នុងខេត្តមានជាង ៨.៩០០ ហិកតា ជាមួយនឹងទិន្នផលគ្រាប់កាហ្វេជាង ៦.០០០ តោន។ លោក ង្វៀន អាញវៀត ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនភាគហ៊ុនកាហ្វេអន្តរជាតិ Hong Ky បានឱ្យដឹងថា៖ «ប្រជាជនជាជនជាតិម៉ុងភាគច្រើនកំពុងដាំដុះ និងថែទាំដើមកាហ្វេ។ នៅតំបន់ទំនាបមួយចំនួន ជនជាតិថៃក៏កំពុងអភិវឌ្ឍការដាំដុះកាហ្វេផងដែរ។ ក្រុមហ៊ុនផ្តោតសំខាន់លើកាហ្វេពិសេស គឺកាហ្វេអារ៉ាប៊ីកា។ កាហ្វេនេះ មានរស់ជាតិខុសប្លែកបើប្រៀបធៀបទៅនឹងកាហ្វេពីកន្លែងផ្សេងទៀត។ យើងកំពុងឆ្ពោះទៅធ្វើយ៉ាហម៉េចឱ្យកាហ្វេ Tuần Giáo មានរស់ជាតិខុសពីតំបន់ដាំដុះផ្សេងទៀត»។
កាហ្វេអារ៉ាប៊ីកាកំពុងត្រូវបានអភិវឌ្ឍជាចម្បងនៅក្នុងតំបន់ដែលមានអាកាសធាតុនិងលក្ខខណ្ឌដីសមស្រប ដូចជាមឿងអាង ក្វៃតូ និងទួនយ៉ាវ។ ក្នុងនោះ មឿងអាងត្រូវបានបញ្ជាក់ទីតាំងភូមិសាស្ត្រសម្រាប់កាហ្វេពិសេសឌៀនបៀន។ រហូតមកដល់បច្ចុប្បន្ន ខេត្តឌៀនបៀនមានផលិតផលកាហ្វេចំនួន ៥ ដែលទទួលបានវិញ្ញាបនបត្រ ឃុំមួយផលិតផលមួយ (OCOP)។ អ្នកស្រី ត្រាន់ ធីធូហៃ មកពីក្រុមហ៊ុនចម្កាត់ Hai An ជាមួយផលិតផលកាហ្វេប្រៃដែលទទួលបានវិញ្ញាបនបត្រ OCOP ផ្កាយ ៣ បាននិយាយថា៖ «កាហ្វេអារ៉ាប៊ីកាមានរស់ជាតិពិសេស គឺ ជូរ ក្លិនក្រអូបស្រួលៗ និងផ្អែមបន្តិច។ ផលិតផលរបស់យើងសម្រាប់ទីផ្សារអ្នកប្រើប្រាស់គឺគ្រាប់កាហ្វេឆុងដោយម៉ាស៊ីន កាហ្វេកិនសម្រាប់ឆុងហ្វីន និងកាហ្វេកញ្ចប់ជាកាហ្វេប្រៃ សម្រាប់ផឹកដោយផ្ទាល់នៅនឹងកន្លែង ឬធ្វើជាកាដូ។ បច្ចុប្បន្ននេះ ទីផ្សាររបស់យើងស្ថិតនៅក្នុងខេត្តនិងកន្លែងមួយចំនួនដូចជា ហាណូយ ដាណាំង ក្វាងង៉ាយ ទីក្រុងហូជីមិញ និងភូកួក»។
ដោយមានការអភិវឌ្ឍនៅពីក្រោយតំបន់តៃង្វៀន និងខេត្តសឺនឡា ខេត្តឌៀនបៀនបានកំណត់កាហ្វេជាដំណាំសំខាន់ ជាមួយនឹងការបោះជំហានយឺតៗ ប៉ុន្តែរឹងមាំ។ ចាប់តាំងពីដើមឆ្នាំរហូតមកដល់ពេលនេះ ខេត្តឌៀនបៀនបានដាំដើមកាហ្វេជាង ៦០៧ ហិកតា ហើយកំពុងឆ្ពោះទៅរកការដាំដុះកាហ្វេលើផ្ទៃដីជាង ២០.០០០ ហិកតានៅឆ្នាំ ២០៣០។ គោលដៅគឺក្លាយជាខេត្តដែលមានផ្ទៃដីដាំដុះកាហ្វេធំជាងគេនៅវៀតណាម។ លើាសពីនេះ ខេត្តក៏បង្កើតលក្ខខណ្ឌអំណោយផល ជាពិសេសយន្តការ "លំហរបៃតង" (នីតិវិធីរដ្ឋបាលអាទិភាពសម្រាប់គម្រោងសំខាន់ៗ) ដើម្បីលើកទឹកចិត្តវិនិយោគិនឱ្យមកបណ្ដាក់ទុននៅខេត្តឌៀនបៀន។ លោកស្រី ដាវ ង៉ុកអាញ ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Detech Coffee ដែលជាអ្នកផ្គត់ផ្គង់កាហ្វេទាំងក្នុងស្រុក និងអន្តរជាតិ បានឱ្យដឹងថា៖ «ខ្ញុំបានចាប់ផ្តើមនៅឆ្នាំ ២០១៨ នៅខេត្តសឺនឡា។ ឥឡូវនេះ ខ្ញុំកំពុងចាប់ផ្តើមពង្រីកតំបន់ដាំដុះកាហ្វេអារ៉ាប៊ីកានៅខេត្តដៀនបៀន។ ហើយប្រការនោះ ធ្វើឱ្យខ្ញុំរំភើបចិត្តយ៉ាងខ្លាំង។ នៅពេលនេះ កាហ្វេដៀនបៀនមានរសជាតិឈ្ងុយឆ្ងាញ់ណាស់ មានរស់ជាតិខុសប្លែកពីកាហ្វេសឺនឡា។ តំបន់នីមួយៗមានសម្រស់ និងរសជាតិផ្ទាល់ខ្លួន ប៉ុន្តែមិនខុសគ្នាខ្លាំងពេកទេ។ ខេត្តឌៀនបៀនមានភាពរួសរាយរាក់ទាក់ និងស្វាគមន៍យើង នៅពេលដែលយើងទាក់ទងដោយបំណងចង់វិនិយោគ»។
ខេត្តឌៀនបៀនកំពុងអភិវឌ្ឍន៍សេដ្ឋកិច្ចកសិកម្ម «បៃតង ឆ្លាតវៃ ចីរភាព» ជាមួយនឹងការប្តេជ្ញាចិត្តអន្តរជាតិ ដោយឆ្ពោះទៅរកការនាំចេញកាហ្វេប្រកបដោយស្ថិរភាព។ ការដាំដុះកាហ្វេនឹងត្រូវបានគ្រប់គ្រងយ៉ាងតឹងរ៉ឹង ចាប់ពីដើមពូជ រហូតដល់ការអនុវត្តលេខកូដ QR នៃតំបន់ដាំដុះ ដើម្បីធានាតម្លាភាព ចាប់ពីការផ្សព្វផ្សាយរហូតដល់ការលក់ទៅកាន់ទីផ្សារពិភពលោក។ ទន្ទឹមនឹងនោះ ខេត្តនឹងប្រើប្រាស់យន្តហោះដ្រូនក្នុងការផលិត ការប្រមូលទិន្នន័យ និងការគូសផែនទី GIS។ ខេត្តក៏កំពុងអភិវឌ្ឍន៍គំរូផលិតកម្មដែលមិនកាប់បំផ្លាញព្រៃឈើ (EUDR) ស្របតាមតម្រូវការរបស់សហភាពអឺរ៉ុប។ លោកស្រី ឡូ ហៃ ឌិញ អនុប្រធានមន្ទីរកសិកម្មខេត្តឌៀនបៀន បានឱ្យដឹងថា៖ «ខេត្តក៏កំពុងផ្តោតលើការអភិវឌ្ឍទំនាក់ទំនងរវាងប្រជាជន សហករណ៍ និងអាជីវកម្មផងដែរ។ ទន្ទឹមនឹងនោះ បង្កើនការអនុវត្តស្តង់ដារផលិតកម្មប្រកបដោយចីរភាព អនុវត្តការតាមដានប្រភពដើម និងបំពេញតាមតម្រូវការរបស់ទីផ្សារនាំចេញ ជាពិសេសបទប្បញ្ញត្តិថ្មីៗរបស់សហភាពអឺរ៉ុបស្តីពីការមិនកាប់បំផ្លាញព្រៃឈើ (EUDR)។ លើសពីនេះ ខេត្តនឹងបន្តទាក់ទាញសហគ្រាសឱ្យវិនិយោគលើការកែច្នៃស៊ីជម្រៅ កសាងខ្សែសង្វាក់ពីផលិតកម្មរហូតដល់ការប្រើប្រាស់ អភិវឌ្ឍម៉ាកកាហ្វេឌៀនបៀនដែលផ្សារភ្ជាប់ជាមួយនឹងការបញ្ជាក់ទីតាំងភូមិសាស្ត្រ និងជំរុញពាណិជ្ជកម្មទាំងក្នុងស្រុក និងអន្តរជាតិ»។
ទិសដៅត្រឹមត្រូវ និងយុទ្ធសាស្ត្រវិជ្ជាជីវៈ មិនត្រឹមតែបានជួយខេត្តឌៀនបៀន បង្កើនតម្លៃនៃដំណាំសំខាន់ៗរបស់ខ្លួនប៉ុណ្ណោះទេ ថែមទាំងបានធ្វើឱ្យម៉ាកកាហ្វេឌៀនបៀន ក្លាយជាម៉ាកកាហ្វេដ៏ល្បីមួយនៅលើផែនទីកាហ្វេរបស់វៀតណាម និងពិភពលោកផងដែរ៕
